Ic3_fr0Gz បង្ហើបប្រវត្តិ ១០ឆ្នាំមុនសម្រេចក្ដីស្រមៃអាជីពជា Streamer និង Caster ដល់បច្ចុប្បន្ន

  • 2021-10-22 03:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេស​បុក​ជា​ច្រើន​ពិសេស​អ្នក​និយម​​តាម​ដាន​ពី Streamer នៅ​ខ្មែរ​ច្បាស់​ណាស់​ពិត​ជា​បាន​ស្គាល់ Ic3_fr0Gz ដែល​ជា​អ្នក​ឡាយ​ហ្គេម​ដ៏​មាន​ប្រជាប្រិយភាព​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នា​ពេល​បច្ចុប្បន្ន។ មិន​ត្រឹម​ជា​អ្នក​ឡាយ​​ហ្គេម Ic3_fr0Gz ក៏​ជា Caster (អ្នកអធិប្បាយ​ហ្គេម​) ពូកែ​វោហារ​ស័ព្ទ​មួយ​រូប​ដែល​តែ​លេច​មុន​ក្នុង​កម្មវិធី​ប្រកួត​ហ្គេម​ធំៗ​ជា​ច្រើន​នៅ​ខ្មែរ​នា​ពេល​កន្លង​មក។

Ic3_fr0Gz ដែល​គ្រប់​គ្នា​ស្គាល់​តែ​នៅ​លើ​ផេក​ហ្វេស​បុក តាម​ពិត​លោក​មាន​ឈ្មោះពិតថា អ៊ូរ សុខវឌ្ឍនៈវិជ្ជា មានអាយុ ២៦ ឆ្នាំ ជា​កូន​អ្នកនៅ​ភ្នំពេញ បច្ចុប្បន្ន សុខវឌ្ឍនៈវិជ្ជា បាន​បញ្ចប់​ការ​សិក្សារហើយ។ មុន​មាន​ភាព​ល្បី​ល្បាញ​ក្នុង​អាជីព​ជា Streamer លោក សុខវឌ្ឍនៈវិជ្ជា ធ្លាប់​ធ្វើការជា Game Distributor សម្រាប់ Game CamboMU រយៈពេលមួយឆ្នាំ និង ធ្វើជាជំនួយការមេធាវីអស់រយៈពេលជិត ៣ ឆ្នាំ។

ជាក្មេង​ចូល​ចិត្ត​លេង​ហ្គេម​តាំងពីរៀនថ្នាក់ទី ៧ កាលពីអាយុ ១៣ ឆ្នាំ បាន​ធ្វើ​ឲ្យ​លោក​មាន​ភាព​បុិន​ប្រសព្វ​ក្នុង​ការ​លេង​ហ្គេម​ពេល​ប្រកួត​ម្ដង ពិសេស​ពូកែ​​និយាយ​នៅ​ពេល​ឡាយឆ្លើ​យ​តប Comment ជា​មួយ​ហ្វេន ដែល​ធ្វើ​ឲ្យ​អ្នក​មើល​មិន​ចេះ​ធុញ​រាល់​ពេល​លោក​ឡាយ​ម្ដង​ៗ។ ដោយសារតែចិត្ត​ស្រឡាញ់ តាំង​ពី​តូច​មក ហើយ​វា​ក៏​ជាក្ដីស្រមៃក្នុង​ចិត្ត​ផង​បាន​ជំរុញ​ឲ្យ​លោក​ចាប់​ផ្ដើម​​ឡាយ​ហ្គេម​ជា​រៀង​រាល់​ថ្ងៃ​ ចាប់​តាំងពីឆ្នាំ២០១១ មក​រហូត​បាន​ធ្វើ​ឲ្យលោកក្លាយជា Streamer នៅអំឡុង​ឆ្នាំ ២០១៨ នឹង​មាន​អ្នក​ស្គាល់​កាន់​តែ​ច្រើន​ឡើង​ៗ។

ជា​អ្នក​ចូល​ចិត្ត​វិស័យ​កី​ឡា E-Sport លោក សុខវឌ្ឍនៈវិជ្ជា ថា​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​លោក​​ទទួលបានការ​ងារដែលពាក់ព័ន្ធជាមួយ Streamer ដូចជា Caster, Emcee , Influencer and Video Reviewe នា​ពេល​កន្លង​មក​ពី​អាជីព​ជា Streamer រាល់​ថ្ងៃ ដែល​លេងហ្គេមព្រមទាំងរកចំនូលបាន​ល្មម​ចិញ្ចឹម​ខ្លួន​រស់​សព្វថ្ងៃ។

ក្រៅ​ពី​អាជីព​ជា Streamer បច្ចុប្បន្ន​លោក សុខវឌ្ឍនៈវិជ្ជា ធ្លាប់ស្រមៃ​ចង់​ក្លាយ​ជាអ្នកនិពន្ធរឿង និង ជាអ្នកចម្រៀង Cover និង​ចង់ក្លាយជាពាណិជ្ជករ​មួយ​រួប​ផង​ដែរ។ បើ​និយាយ​ពី​ចំណង់​ចំណូល​ចិត្ត​វិញ​ក្រៅ​ពី​លេង​ហ្គេម​លោក ចូល​ចិត្ត​មើលកុន ដើរលេងតាមរមនីយដ្ឋាន មើលថ្ងៃលិច មើលវីដេអូសំណើចខ្លីៗ និង ញាំអីឆ្ងាញ់ៗ ពិសេស​គឺ​ចូលចិត្តទៅសមុទ្រ។

មុន​ពេល​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ដូច​សព្វ​ថ្ងៃ​លោក សុខវឌ្ឍនៈវិជ្ជា ក៏​ធ្លាក់​បាន​ជួប​ឧបសគ្គធំបំផុតនោះគឺពីឆ្នាំ ២០១៧ ដែលចិត្តចង់ធ្វើជា Streamer ហើយក៏​បោះបង់​ចោល​ការងារជា ជំនួយការមេធាវី ហើយមកចាប់ផ្ដើមឡាយ​ហ្គេមដំបូងនៅឆ្នាំ២០១១ ដែលអត់សូវមានអ្នកមើល ហើយក៏រកចំនូលបានតិចមែនទែន ដែលមួយខែរកបានតែ ៨០ ទៅ ១៥០ដុល្លារប៉ុណ្ណោះ។

គ្រា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោកខ្វះ​ខាត់​លុយ​សូម្បី​តែ​ត្រូវបង់ទឹក ភ្លើង ថ្លៃបន្ទប់ជួល និង អាហារប្រចាំថ្ងៃ ហូបព្រឹក ខ្វះល្ងាច និងមានសម្ពាធពីបងប្អូន សាច់ញាតិ និង មិត្តភ័ក្ដដែលគេបានឃើញយើងបោះបង់ការងារក្នុងវិស័យច្បាប់ ហើយមកចាប់យកការងារខាង ហ្គេម ដែលពេលនោះគេមិនទាន់ហៅថាអ្វី​ទៅ​ជា​កីឡា E-Sport ទេ។ ហើយនៅពេលដែលលឺពាក្យថា ហ្គេម ម្ដងៗគេតែងតែមាន​អ្នក​គិត​មិន​ល្អក្នុងសង្គម និង គិតថាហ្គេមមិនអាចមានអានាគតទេ ហើយនិងបំផ្លាញអានាគតទៀត។ ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ការ​ងារ​ឡាយ​ហ្គេម​របស់​លោក នៅពេលចាប់ផ្ដើមដំបូង គ្រប់គ្នាជំវិញ​ខ្លួន​លោក​មិន​សប្បាយ​ចិត្ត។

លោក​បានក្លាយជាមនុស្សក្រៅសង្គមសម្រាប់គ្រប់គ្នា តែនៅពេលដែល​លោក​ចាប់ផ្ដើមអាចរកបានអ្នកគាំទ្រច្រើន មាន Sponsor ច្រើន ពិសេសមានក្រុមហ៊ុនធំៗបានចំណាយ​លុយ​មក​លើ​លោក ធ្វើឲ្យបងប្អូនចាប់ផ្ដើមសាទរនូវលទ្ធផលដែល​លោក​សម្រេច ហើយ​កោតស​សើរនូវសមទ្ធិផលនេះ។ លោក​ថា​នេះ​មិន​គ្រាន់​តែ​ជា​ការ​ងារ​របស់​លោក​ទេ​តែ​វា​ជា​ការ​ផ្ដល់​ភាព​សប្បាយ​រីក​រាយ​ទៅ​កាន់​ហ្វេនៗ​របស់​លោក និង​ផ្ដល់​ស្នាមញញឹមឲ្យមនុស្សជុំវិញខ្លួនខជាច្រើន​រាល់​ពេល​ដែល​លោក​ឡាយ​ម្ដង​ៗ។

លោក សុខវឌ្ឍនៈវិជ្ជា ថា​តាំង​ពី​ចាប់​អាជីព​ជា Streamer នេះ​មក​លោក​ចាប់​ទុក​វា​ដូច​ការ​ងារ​មួយ​ដែល​មួយថ្ងៃ​ត្រូវ​ចំណាយពេល​ឡាយ​ហ្គេម​ប្រហែល ៥ ម៉ោង។ ហើយក៏បន្តរថតរូប និង ថត Video សម្រាប់ការងារឲ្យ Sponsor ឬ កាត់ត Video ផ្សេងៗ បើយូរៗទំនេរម្ដងលោក​ទៅផ្សារទិញរបស់ញាំ ជួបជុំជាមួយមិត្តភ័ក្ដដើម្បីនិយាយគ្នាលេង។

ចំពោះ​គម្រោង​បន្ត​អជីព​ជា Streamer នេះ​ទៀត​ឬ​យ៉ាង​ណា​លោក​ថា បើសិនជាមានអ្នកគាំទ្រ លោកនឹងនៅតែបន្តធ្វើរហូតព្រោះវា​ជា​ការ​ងារ​ដែល​លោក​ស្រឡាញ់។ បើ​និយាយ​ពី​អាជីព​ជា Caster វិញ លោក សុខវឌ្ឍនៈវិជ្ជា ធ្វើ​តាំងពី ២០១១ ពោលគឺ ១០ ឆ្នាំមុនមក​ម្លេះ នឹង​បន្ត​ធ្វើ​រហូត​ព្រោះ​ចិត្ត​ស្រឡាញ់គ្មានថ្ងៃបញ្ចប់ទេ។ លោកថា​បើសិនជាថ្ងៃក្រោយសន្សំលុយ​បានច្រើន លោកអាចបើកអាជីវកម្ម ឬ បើក Resort ហើយឲ្យបងប្អូនជាអ្នកកាន់ ព្រោះសព្វថ្ងៃនេះរវល់រកពេលទំនេរមិនបានទេ។

កន្លង​មកលោក សុខវឌ្ឍនៈវិជ្ជា ក៏​ធ្លាប់​ចូល​រួម​ប្រកួត​វិញ្ញាសារ E-Sport ម្ដង​ដែរ​គឺ​កាលពីឆ្នាំ ២០១១ ក្នុងវិញ្ញាសារ DOTA 1: GEST CAMBODI។ សម្រាប់លោក​ផ្ទាល់ ពិតជាសប្បាយចិត្តដែលបានធ្វើ និង ឃើញ ក៏ដូចជាបានដើរមកដល់ថ្ងៃនៃក្ដីស្រមៃរបស់ខ្លួនគឺ លេងហ្គេមហើយអាចរកចំណូលបាន ហើយលោករឺតតែសប្បាយចិត្តនៅពេលដែលបានបញ្ចេញនូវក្ដីស្រមៃដែលបានធ្វើ ១០ ឆ្នាំមកនេះ ឲ្យមនុស្សជុំវិញខ្លួនបានដឹង។

លោក សុខវឌ្ឍនៈវិជ្ជា ក៏​បាន​ផ្ញើសារ​ទៅកាន់ Streamer, Caster, Game Influencer ដែលមកក្រោយសូមមេត្តាកុំយកវិស័យ E-Sport ទៅប៉ះពាល់ជាមួយ ល្បែងស៊ីសង អំពើអណាចារ និង អំពើអសីលធម៌ផ្សេងៗ ព្រោះក្នុងនាមលោកជាអ្នកដែលស្រឡាញ់វិស័យនេះ ហើយបានឃើញ និង ធ្វើអស់រយៈពេល ១០​ ឆ្នាំមកនេះ មិនចង់ឃើញវិស័យ E-Sport ត្រូវបានគេស្អប់ និង គិតអាក្រក់ទៅលើវិស័យនេះនោះទេ ព្រោះកីឡាអេឡិចត្រូនិច វាដូចជាកីឡាធម្មតាដែរ គឺពឹងទៅលើភាពឆ្លាតវ៉ៃ ការសាមគ្គី ការសម្រេចចិត្តរហ័ស និង ស្មារតីតស៊ូផងដែរ៕

លេងកីឡាអេឡិចត្រូនិច កុំភ្លេចការសិក្សារ!

អត្ថបទ៖ ម៉េងងី