មកដឹងប្រវត្តិការងារខ្លះៗរបស់នាយកប្រតិបត្តិក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា Satoshi Saito

  • 2021-10-22 02:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលថ្ងៃទី ១៤ តុលាកន្លងទៅ លោក Satoshi Saito ត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសតែងតាំងជា នាយកប្រតិបត្តិក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដើម្បីជម្រុញបន្ថែមនូវវឌ្ឍនភាព និងភាពអាជីពនៃលីគកំពូលកម្ពុជាឈានទៅមុខមួយកម្រិតទៀត។

មុនឈានដល់ការតែងតាំងជានាយកប្រតិបត្តិក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា តើលោកមានប្រវត្តិការងារអ្វីខ្លះ? ដូច្នេះ Sabay សូមបង្ហាញប្រវត្តិការងាររបស់លោកខ្លះៗដូចខាងក្រោម៖

លោក Satoshi ជាអ្នករដ្ឋបាលកីឡាដ៏មានបទពិសោធន៍ជាអន្តរជាតិលើជំនាញយុទ្ធសាស្ត្រទីផ្សារ និងសិទ្ធិពាណិជ្ជកម្ម ដោយលោកធ្លាប់ចាត់ចែងកិច្ចព្រមព្រៀងដែលមានទឹកប្រាក់រាប់លានដុល្លារអាមេរិកជាមួយបណ្តាក្រុមហ៊ុនអ្នកផ្សព្វផ្សាយ និងភ្នាក់ងារធំៗ។

លោក Satoshi មានបទពិសោធន៍ជាង៨ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ក្នុងតួនាទីជានាយករងទីផ្សារ, ប្រធានគម្រោងសម្រាប់បាល់ទាត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ និងធ្លាប់ជាមន្ត្រីទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិ។

លោក Satoshi ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិរបស់ក្លឹបកំពូលអេស្ប៉ាញ Barcelona ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ បន្ទាប់មកជាមន្ត្រីទីផ្សារ និងទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមទាំងតួនាទីជានាយកទីផ្សាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ផងដែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ