អាសូរក្រៃ! ភរិយាតារាសម្ដែង ណុប ណែម ប្រាថ្នាមានជម្រកពិតប្រាកដសម្រាប់ជីវិតចុងក្រោយ

  • 2021-10-22 03:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ធ្លាយដំណឹងថា តារាសម្ដែង ដួង តារា ដែលជាសិល្បការិនីភាពយន្ត៥ជំនាន់របស់ខ្មែរ ហើយត្រូវជាភរិយាទី១ របស់តារាសម្ដែង ណុបណែម កំពុងរស់នៅក្នុងជីវភាពក្រីក្រលំបាក គ្មានទីជម្រកផ្ទាល់ខ្លួន។

រូបថត៖ ក្រុមព្រះសុរិយា

ចៅស្រីបង្កើតរបស់លោកយាយ ដួង តារា ណុប ណែម គឺកញ្ញា យ៉ា រ៉េត បានប្រាប់Sabay នៅព្រឹកថ្ងៃទី២២ ខែតុលា ថា បច្ចុប្បន្នរូបកញ្ញា និងជីដូន កំពុងជ្រកកោននៅក្នុងដំបូលផ្ទះសប្បុរសជនម្នាក់ដែលធ្លាប់ស្គាល់ និងរាប់អានជាមួយជីដូននាងតាំងពីរបបខ្មែរក្រហម។ កញ្ញាថា សព្វថ្ងៃជីដូន និងកញ្ញា កំពុងរស់នៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។

យ៉ា រ៉េត៖”គាត់(ដួង តារា) ធ្លាប់ប្រាប់ខ្ញុំដែលជាចៅគាត់នេះថា មុនពេលដែលគាត់លាចាកលោកនេះទៅ ចង់មានកន្លែងរស់នៅមួយសមរម្យសម្រាប់ខ្លួនឯង ដោយសារគាត់លំបាកមកច្រើនឆ្នាំហើយ និយាយទៅតាំងពីគាត់ចេញពីអាពត(ប៉ុល ពត) មកអត់មានជម្រករស់នៅខ្លួនឯងទេបង”។

រូបថត៖ ក្រុមព្រះសុរិយា

បើតាមកញ្ញា យ៉ា រ៉េត អតីតភរិយាលោក ណុប ណែម គឺលោកយាយ ដួង តារា ចូលវ័យ៨២ឆ្នាំនេះ មានសុខភាពកាន់តែទ្រុឌទ្រោមខ្លាំង ដោយលោកយាយមានបញ្ហាពុកឆ្អឹងចង្កេះ និងជំងឺចាស់ជរាមួយចំនួន។ កញ្ញាថា បើសប្បុរសជនមានបំណងជួយដល់លោកយាយទៅតាមលទ្ធភាព និងកម្លាំងសទ្ធា អាចទាក់ទងមកកញ្ញាផ្ទាល់ តាមរយៈទូរស័ព្ទលេខ ០៩៦ ៧១១ ១៤០៦។

ទាក់ទងនឹងប្រវត្ដិសិល្បៈរបស់តារាសម្ដែងល្បីឈ្មោះតាំងពីដើមទស្សវត្ស៦០ គឺលោកយាយ ដួង តារា ណុបណែម ត្រូវបានក្រុមព្រះសុរិយារំលឹកឡើងវិញថា លោកយាយធ្លាក់ខ្លួនឈឺមិនអាចបម្រើសិល្បៈបាន ហើយជីវិតលោកយាយកាន់តែដុនដាបទៅៗ ក្រោយពីកូនស្រីបង្កើតជាទីពឹងតែមួយរបស់គាត់ក៏លាចាកលោកទៅដោយជំងឺមហារីក។

រូបថត៖ ក្រុមព្រះសុរិយា

ជីវិតកាន់តែលំបាកទៅៗ លោកយាយធ្លាក់ខ្លួនទៅរស់នៅជាមួយអ្នកសប្បុរសម្នាក់ដែលរាប់អានគ្នាតាំងពីក្នុងរបបខ្មែរក្រហម ហើយបន្ទុកគ្រួសារបានធ្លាក់ទៅចៅស្រីតែមួយគត់របស់លោកយាយដែលកំពុងជាប់សិក្សានៅឡើយ។

លោកយាយបានសម្តែងភាពយន្តជាច្រើនដូចជា រឿង”សព្វសិទ្ធិ” រឿង”លោហិតវាសនា” រឿង” ប្រហារដួងចិត្ត” រឿង”តិកឆេង” រឿង”ស៊ីយិនគុយ” និងរឿង”កន្សែងស្លាដក” ជាដើម។ ក្រោយរបបខ្មែរក្រហម លោកយាយបានវិលមកបម្រើវិស័យសិល្បៈភាពយន្តវិញ ហើយក៏មានឈ្មោះល្បីល្បាញម្តងទៀត។

លោកយាយ ដួង តារា បានភ្ជាប់ដំណក់ឈាមជាមួយតារាភាពយន្ត ណុប ណែម នូវកូនប្រុសស្រីចំនួនពីររូប ប៉ុន្ដែកូនទាំងពីរនាក់បានលាឆ្ងាយពីគាត់លែងវិលត្រឡប់ ដោយកូនប្រុសច្បងឈ្មោះ ណុបណែម វីរៈ បានបាត់ដំណឹងសូន្យឈឹងជាង១០ឆ្នាំ ក្រោយចេញទៅធ្វើជាពលករ នៅថៃ ដែលលោកយាយគិតថា រូបគេប្រាកដជាស្លាប់ជាមិនខាន។ រីឯកូនស្រីទី២ ឈ្មោះ ណុបណែម ចរិយា ក៏លាចាកលោកទៅកាលពីឆ្នាំ២០២០ ដោយជំងឺមហារីកទៀត៕

ជិន សុភ័ក្ដ្រ