កីឡាករ២រូបនេះ លេងបាល់ទះក្រៅផ្លូវការមិនសូវល្អ តែល្អបាល់ផ្លូវការ

  • 2021-10-26 07:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករបាល់ទះ២រូបគឺ សៀ កុលល និង មាស វាសនា បានបង្ហាញសមត្ថភាពយ៉ាង​ល្អក្នុងការប្រកួតបាល់ទះផ្លូវការ ប៉ុន្តែពួកគេធ្វើមិនសូវល្អទេពេលលេងក្រៅផ្លូវការ។

សៀ កុសល

សៀ កុសល ពេលមានការប្រកួតផ្លូវការម្ដងៗ គេតែងតែបង្ហាញខ្លួនឱ្យ​ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ជានិច្ច ហើយ​ថែម​ទាំង​លេងស៊ីចង្វាក់​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​ទៀតផង។ ត្រង់ចំណុចនេះកីឡាមានដើមកំណើតមកពីខេត្តសៀមរាប វ័យ២៩ឆ្នាំបានប្រាប់មូលហេតុថាមកពីគេស្ទើរចាប់សេវា «លោតស្ទើរប្រអប់»។

កីឡាករចូលហាត់នៅកងពលជំនាញដឺមីតាំង​ពី​ឆ្នាំ​២០១២ បានបញ្ជាក់យ៉ាងខ្លីៗថា ៖«មូលហេតុមកពីខ្ញុំស្ទើរចាប់សឺវីសថៃនឹងតែម្ដង បើប្រកួតផ្លូវការបាល់ស្តង់ដារ គឺមិនមានបញ្ហាប៉ុន្មានទេ»។

មាស វាសនា (នៅមុខ)

ចំណែកកីឡាកររបស់ក្លឹបក្រសួងមហាផ្ទៃ មាស វាសនា វិញក៏លេងបាល់ប្រកួត​ផ្លូវការល្អដែរ ពោលគឺគេវ៉ៃផ្ដាច់យកពិន្ទុបាន​ និងមានរនាំងធំល្អ​។ ជាក់ស្ដែងក្នុងការប្រកួតស្តង់ដារ៤ស្មើ ក្នុងពានរង្វាន់ Special Volleyball Challenge 2021 ដែលបញ្ចប់ទៅកាលពីពេលថ្មីៗ ស្មាត់​មាឌ​ធំ​រូប​នេះ​​ជា​កូន​សោ​រដ៏សំខាន់​របស់​លោកគ្រូ​បង្វឹក​ អ៊ូ សុផល។ គេ​ជួយក្រុមបានច្រើន និងជួយក្រុមឱ្យ​បានចំណាត់ថ្នាក់លេខ៣ទៀតផង។

លោក​ អ៊ូ សុផល កន្លង​មក​ក៏​ធ្លាប់​បញ្ជាក់​មក​កាន់​ Sabay ដែរ​ថា​ចំណុច​ពិសេស​របស់ មាស វាសនា គឺ​ត្រង់​គេ​មាន​រនាំង​ធំ​ល្អ បើ​អ្វី​ផ្សេង​ដូច​ជា​ស្មាត់ និង​ការ​ការពារ​ជាដើម​នោះ​ បាន​ត្រឹមហាសិបហាសិប​ប៉ុណ្ណោះ។

បើនិយាយពីការប្រកួតក្រៅផ្លូវការវិញ​ វាសនាហាក់​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ ហើយ​ភាគច្រើនកីឡាករ​ដែល​ប្រិយមិត្ត​​គេ​ស្គាល់​ថា​ស្នា​លេខ​៥ ត្រូវបានគេតឱ្យ​៣ទល់៤​៕

អត្ថបទ៖ អ៊ុំ សុភក្តិ