បែកធ្លាយសិស្សទី១២ បង្កើតគ្រុបដ៏ធំមួយជាង ៦ពាន់នាក់ សុំប្រមុខរដ្ឋាភិបាលជាប់បាក់ឌុបអូតូ តាមសារចម្លងបន្តគ្នាមួយនេះ

  • 2021-10-27 09:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារយៈពេលប៉ុន្មានថ្ងៃមកនេះ មានករណីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅកម្ពុជា នាំគ្នាចែករំលែកបន្តគ្នាពីសិស្សានុសិស្សថ្នាក់ទី១២ មួយក្រុមបានបង្កើតជា Group តេឡេក្រាមមួយឈ្មោះថា Auto Pass BacII ដែលមានសមាជិករហូតដល់ជាង ៦ពាន់នាក់ ។ ក្នុងនោះគោលដៅនៃការបង្កើតក្រុមនេះឡើង គឺដើម្បីរួមគ្នាបង្កើតជាសារទាមទារមួយ ដោយក្នុងន័យសុំឱ្យពួកគេជាប់ដោយស្វ័យប្រវត្តិចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សា ដែលនឹងប្រព្រឹត្តិទៅនាពេលដ៏ខ្លីខាងមុខនេះ ។

សារនោះមានអត្ថន័យថា៖ «សូមគោរពសម្តេចពុក សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា ជាទីគោរព និង ជាទីស្រឡាញ់ ដ៏ឧត្តុងឧត្តមខ្ពង់ខ្ពស់ ដែលជាបិតាសន្តិភាព របស់ប្រជាជនខ្មែរទាំងមូលរយៈពេល២ឆ្នាំនេះប្រទេសកម្ពុជា បានជួបនូវវិបត្តិ កូវីត ១៩ យ៉ាងធ្ងន់ធ្ងរ ដែលបានធ្វើឲ្យគ្រឹះស្ថានសិក្សា ទាំងសាលាឯកជនទាំងសាលារដ្ឋត្រូវបានផ្អាកដំណើការ ទូទាំងប្រទេស ដែលបានធ្វើឲ្យសិស្សានុសិស្សទាំងអស់ត្រូវបន្តរៀនសិក្សាស្វែងយល់បន្ថែម នៅតាមប្រព័ន្ធ អនឡាញ ពិតណាស់ការរៀនតាមប្រព័ន្ធ អនឡាញមួយរយៈពេលមកនេះ ពិតជាមានការលំបានដល់សិស្សានុសិស្សទាំងឡាយ មិនថាសិស្សនៅជនបទ តំបន់ដាច់ស្រយ៉ាល ឬទីប្រជុំជនក្តី ជាពិសេសនោះ សិស្សានុសិស្សដែលនៅតំបន់ដាច់ស្រយ៉ាល និងទីជនបទដែលលំបាកក្នុងការសិស្សាតាមប្រព័ន្ធ អនឡាញ ដោយសារពុំសូវមានសេវ៉ា និង ទូរស័ព្ទទំនើបៗ ដូចសិស្សានុសិស្សទីប្រជុំជន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងមកលើការសិក្សា ហើយថ្ងៃប្រឡងបាក់ឌុបក៏កាន់តែខិតជិតមកដល់ ក្មួយៗដែលជាសិស្សថ្នាក់ទី១២ហាក់ដូចជាពុំមានទំនុកចិត្ត និងពុំសូវមាននូវចំណេះដឹងគ្រប់គ្រាន់សម្រាប់ការប្រឡងនាពេលខាងមុខនេះឡើយ ។ ក្មួយៗសូមធ្វើការស្នើសុំឲ្យសម្តេចពុក ក៏ដូចជា.លោកពូ ឯកឧត្តមបណ្តិតសភាចារ្យ ហុងជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និង កីឡា និង ស្ថាប័នដែរពាក់ព័ន្ធនានា សូមឲ្យមានការយោគយល់និង អធ្យាស្រ័យដល់ពួកញុមទាំងអស់ដែលកំពុងបន្តរការសិក្សានាសម័យ COVID-19 ដែរត្រូវប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០ ២០២១ ដើម្បីពិចារណាក្នុងការប្រឡងបាក់ឌុប ។ ពីព្រោះការសិក្សារបស់ពួកញុមនាសម័យ COVID-19 នេះរៀនមិនបានពេញលេញនោះទេ សូម្បីតែមុខវិជ្ជាសំខាន់ៗដែរត្រូវប្រឡង ក៏រៀនពុំសូវបានដិតដល់ដែរហើយអ្វីដែលសំខា់ន់នោះគឺ ក្មួយៗក៏សូមឲ្យមានការពិចារណាសម្រេចឱ្យសិស្សថ្នាក់ទី១២ឆ្នាំសិក្សា ២០២០-២០២១ ជាប់ដោយស្វ័យប្រវត្តិ» ។

សារដ៏វែងអន្លាយនេះ ត្រូវបានយុវជនទាំងនោះ នាំគ្នាចម្លងបន្តគ្នា រួចយកទៅ Comment តាមរយៈការបង្ហោះនានារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ដើម្បីឱ្យពួកគេបានជាប់បាក់ឌុបដោយស្វ័យប្រវត្តិ។ ទន្ទឹមនឹងនេះដែរមានមតិមហាជនជាច្រើនបានធ្វើការប្រតិកម្មជាខ្លាំងលើទង្វើសិស្សមួយក្រុមនេះផងដែរ ។

យ៉ាងណាមិញជុំវិញបញ្ហានេះ នៅមិនទាន់មានការបញ្ជាក់ ឬ ការបកស្រាយពីក្រសួងអប់រំយុវជន និងកីឡានោះឡើយ Sabay នឹងទំនាក់ទំនងដើម្បីលម្អិតបន្ថែមទៀត ៕