តិច​ថា​លំ​ៗ ខៀវ សានសាណា ត្រូវ​ជ្រើសរើស​ជា​ពិធីការិនី​ឲ្យ UN យ៉ាង​កម្រ!

  • 2021-11-03 02:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី និង​ជា​អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍ ខៀវ សានសាណា ដែល​គេ​ដឹង​ថា​មាន​ចំណេះដឹង​ខ្ពស់​មិន​ធម្មតានោះ ថ្មី​ៗ​នេះ​មាន​ដំណឹង​ថា អង្គការ​សហប្រជាជាតិ​បាន​ជ្រើសរើស​នាង​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ​ខ្លួន។

ដំណឹង​នេះ ក្រោយ​ពី​ប៉ុន្មាន​ថ្ងៃ​មុន គេ​ឃើញ​ពិធីការិនី​មាឌ​ល្អិត​រូប​នេះ បាន​លេច​មុខ​ក្នុង​កម្មវិធី​មួយ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា វេលា​ដែល​នាង​បាន​ប្រើ​ទេពកោសល្យ និង​ចំណេះ​ដឹង​របស់​ខ្លួន​ដើម្បី​ឲ្យ​កម្មវិធី​ទាំង​មូល​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ប្រកប​ដោយ​ផ្លែ​ផ្កា។

តាម​សាមី​ពិធីការិនី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នោះ គឺ​ជា​ថ្ងៃ "ទិវា​អង្គការ​សហប្រជាតិ" ឬ "UN Day" ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ១៩៤៥។ សាណា ថា អង្គការ​ពិភព​លោក​ដ៏​ធំ​មួយ​នេះ បាន​ជ្រើសរើស​នាង​ធ្វើ​ជា​ពិធីការិនី ដើម្បី​​សម្រប​សម្រួល​ព្រឹត្តិការណ៍​ទាំង​មូល ដែល​ជា​រឿង​មួយ​នាង​នឹក​ស្មាន​មិន​ដល់។

"សម្រាប់​ខ្ញុំ​ពិត​ជា​នឹក​ស្មាន​មិន​ដល់ អីចឹង​ហើយ​នាង​ខ្ញុំ​រីករាយ​ណាស់ ដូច​បង​ដឹង​ថា អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា UN គឺ​ធំ​ណាស់ ហើយ​បេសកកម្ម​របស់​ពួក​គេ គឺ​ជួយ​ដោះស្រាយ​ការ​ប្រឈម​នានា​របស់​មនុស្ស​ជាតិ។ ខ្ញុំ​បាន​ទទួល​ឱកាស​ការងារ​នៅ​ថ្ងៃ​នេះ គឺជា​រឿង​អស្ចារ្យ​ណាស់!”។ សាណា ថ្លែង។

"ទិវា​អង្គការ​សហប្រជាតិ" ឬ "UN Day" ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី ២៤ តុលា តាម​ឆ្នាំ​នីមួយៗ​អស់​រយៈ​ពេល ៧៦​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​បាន​ចូល​ជា​ធរមាន។ នៅ​ឆ្នាំ​នេះ កម្មវិធី​ទាំង​មូល​ប្រព្រឹត្ត​ទៅជាមួយ​ប្រធាន​បទ "របៀបវារៈរួម​របស់​យើង" ដែល​ត្រូវ​បាន​ទទួល​ការ​វាយ​តម្លៃ​ខ្ពស់​របស់​ប្រមុខ​អង្គការ​អន្តរជាតិ​មួយ​នេះ។

លោក​ស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា​ថ្លែង​ថា "នាងខ្ញុំពិតជាចូលចិត្តឃ្លាមួយនេះមែនមែន “នៅពេលដែលយើងធ្វើការរួមគ្នា យើងអាចនឹងសម្រេចបាននូវកិច្ចការទាំងឡាយ ដែលគ្មានដែនកំណត់នោះឡើយ”។

ងាក​មក ខៀវ សាន​សាណា វិញ ប្រាប់​ថា នេះ​ជា​លើក​ទី១​ដែល​បាន​ធ្វើ​ការ​ជាមួយ​អង្គការ​សហប្រជាតិ​ប្រចាំ​នៅ​កម្ពុជា ហើយ​ថា នេះ​ជា​ការងារ​ដែល​មាន​គុណ​តម្លៃ​ខ្ពស់ គួរ​ឲ្យ​មោទកភាព​ណាស់។

រូបភាព៖ ហ្វេសប៊ុក ខៀវ សានសាណា

ក្រៅ​ពី​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បណ្ដុះ​ការ​ចូល​រួម​កិច្ចការ​នានា​រួម​គ្នា កម្មវីធី​ទាំង​មូល​ក៏​បាន​ដាក់​បញ្ចូល​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត​ផង។ ដូច្នេះ​គេ​ឃើញ​មាន​សិល្បករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ចូល​រួម៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី