អ្នកចូលចិត្តបើកលឿន ប្រយ័ត្នប៉ូលិសផង! នេះជាទីតាំងកាមេរ៉ាចាប់ល្បឿនស្វ័យប្រវត្តិ លើផ្លូវជាតិលេខ៣

  • 2021-11-03 11:28:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នកំណាត់ផ្លូវជាតិលេខ៣ បន្ទាប់ពីសាងសង់ស្ថាបនាឡើងរលោងស្រិល លំអដោយសួនផ្កាស្រស់ស្អាតរួចរាល់ កំពុងក្លាយទៅជាផ្លូវដែលមានការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរចេញចូលរវាងរាជធានីភ្នំពេញ និងបណ្តាខេត្តមាត់សមុទ្រនៅភាគនិរតី ក៏ដូចជាការធ្វើដំណើរទៅកាន់ខេត្តតាកែវ និងកំពង់ស្ពឺផងដែរ។

នេះបើយោងតាមប្រភពព័ត៌ពីលិខិតស្នើសុំរបស់ក្រសួងមហាផ្ទៃទៅកាន់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពីសំណើសុំផ្ដល់សេវាអ៊ីនធើណិត(INTERNET) តាមខ្សែកាប្ល ដើម្បីតភ្ជាប់ឧបករណ៍ត្រួតពិនិត្យល្បឿនអចល័តចំនួន២០គ្រឿង លើ១០ទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣។ កំណាត់ផ្លូវជាតិលេខ៣នេះ ជាកំណាត់ផ្លូវជាតិលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំបំពាក់កាមេរាចាប់ល្បឿនរថយន្តដោយស្វ័យប្រវត្តិ ។ កាមេរាចាប់ល្បឿនស្វ័យប្រវត្តិនេះ នឹងបំពាក់នៅលើទីតាំងចំនួន១០ រួមមាន នៅគីឡូមែត្រលេខ១៨, លេខ៣៣, លេខ៤៣, លេខ៧៤, លេខ៨៦, លេខ១០២, លេខ ១០៩, លេខ ១៣៤, លេខ១៥១ និងលេខ ១៦១។

សម្រាប់ល្បឿននៃការបើកបរសម្រាប់ទីប្រជុំជន គឺអាចបើកបរបានទាបបំផុតក្នុងល្បឿនប្រមាណ ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ល្បឿនអាចខ្ពស់បំផុតត្រឹម ៩០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្រៅទីប្រជុំជន ចំពោះរថយន្តធុនស្រាល និងរថយន្តដឹកអ្នកដឹកដំណើរ ហើយសម្រាប់ផ្លូវ ៤គន្លង (២គន្លងទៅ ២គន្លងមក) មានខឿនចែកទ្រូងផ្លូវកណ្តាល និងក្នុងករណីមិនមានផ្លាកសញ្ញាកំណត់ល្បឿន។

សូមជម្រាបថា អនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ឆ្នាំ២០២០ បានចែងថា អ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវពិន័យ ៦ម៉ឺនរៀល និង ១០ម៉ឺនរៀល សម្រាប់បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់អ្នកបើកបរយានយន្តធុនស្រាល ត្រូវពិន័យ ១២ម៉ឺនរៀល និងយានយន្តធុនធ្ងន់ ត្រូវពិន័យ ២២ម៉ឺន ៥ពាន់រៀល ចំពោះការបើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរលើសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង នឹងត្រូវពិន័យប្រមាណ ១៥ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ៣០ម៉ឺនរៀល សម្រាប់រថយន្តធុនធ្ងន់។ ដោយឡែកបើបើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវពិន័យ ១៨ម៉ឺនរៀល សម្រាប់រថយន្តធុនស្រាល ហើយ ៣៧ម៉ឺន ៥ពាន់រៀល សម្រាប់រថយន្តធុនធ្ងន់៕

អត្ថបទដោយ៖ ស៊ូ អីន