សាវិន ហ្វីលីព របូតមាត់និយាយមូលហេតុតារាខ្លះធ្លាក់ខ្លួនឈឺ ឬចាស់ទៅ ទើបលើកដៃសុំជំនួយសប្បុរសជន
- 2021-11-12 02:40:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាវិន ហ្វីលីព របូតមាត់និយាយមូលហេតុតារាខ្លះធ្លាក់ខ្លួនឈឺ ឬចាស់ទៅ ទើបលើកដៃសុំជំនួយសប្បុរសជន
ចន្លោះមិនឃើញ
លោក សាវិន ហ្វីលីព អាចនិយាយបានថាជាតារាសម្ដែងជើងចាស់ ហើយមានបទពិសោធន៍ច្រើនគួរសមក្នុងការរៀបចំផែនការជីវិត និងវិនិយោគលើវិស័យអចលទ្រព្យ។ ក្នុងឱកាសដែលគម្រោងផ្ទះលំហែ”មរតកបរសេដ្ឋ” តែងតែងតាំងលោកជា ទូតសុឆន្ទៈកាលពីយប់មិញ ស្រាប់តែលោកធ្លោយមាត់និយាយរឿងអ្នកសិល្បៈមួយចំនួនពេលជួបទុក្ខលើកដៃសុំជំនួយ។
ថ្លែងទៅកាន់សិល្បករ សិល្បការិនី និងអ្នកវិនិយោគប្រមាណ២០០នាក់ នៅសាលសន្និសីទផ្សារ ខេ ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា លោក ហ្វីលីព ថា អ្នកសិល្បៈខ្លះចូលចិត្ដសម្ញែង ឬHigh show នៅពេលខ្លួនឡើងកូដ។ ប៉ុន្ដែពួកគេ ភ្លេចចាប់យកឱកាស ឬយកកេរ្ដិ៍ឈ្មោះរបស់ខ្លួនដែលកំពុងមានទៅរកស៊ីបន្ថែមលើអាជីពសិល្បៈសព្វថ្ងៃ។
សាវិន ហ្វីលីព៖”សិល្បៈពេលខ្លះរកលុយបាន យើងមានកេរ្ដិ៍ឈ្មោះ តែយើងត្រូវមានអីជាគោលសម្រាប់យើង ព្រោះសម្រស់វារុះរោយ! អីចឹងពេលល្បីយើងត្រូវយកកេរ្ដិ៍ឈ្មោះរបស់យើងទៅរកស៊ីដូចជាវិនិយោគ ឬធ្វើអីដែលមានលំនឹងទៅថ្ងៃអនាគត កុំអាងធ្លាក់ខ្លួនឈឺ ឬចាស់ឡើងសុំជំនួយ”។
តារាសម្ដែងរូបនេះ អះអាងថា បច្ចុប្បន្នរូបលោកមិនមែនជាអ្នកមានទ្រព្យស្ដុកស្ដម្ភ តែមានល្មមអាចរស់ស្រួលដោយមិនបាច់លើកដៃសុំជំនួយពីសប្បុរសជនពេលលោកសម្រាកពីអាជីពសិល្បៈក្នុងវ័យ៦០ឆ្នាំ។ ប៉ុន្ដែចាប់ពីវ័យ៥១ឆ្នាំនេះទៅ រូបលោកនឹងប្រឹងប្រែងបន្ដទៀតលើវិស័យសិល្បៈ និងការងារវិនិយោគផ្នែកអចលទ្រព្យ ជាពិសេសរកទិញកន្លែងផ្ទះលំហែសម្រាប់ពេលលោកចាស់។
ក្នុងឱកាស ក្រុមហ៊ុន ខេ ស៊ី បើកគម្រោងលក់ផ្ទះលំហែឈ្មោះ”មរតកបរសេដ្ឋ” ស្ថិតនៅស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ គេឃើញតារាសម្ដែងពីររូប គឺលោក សាវិន ហ្វីលីព និងលោក លី ណូរ៉ា ត្រូវបានតែងតាំងជាទូតសុឆន្ទៈក្នុងគម្រោងនេះ។ លោក ហ្វីលីព បង្ហើបថា រូបលោកទទួលបានតម្លៃ៤ម៉ឺនដុល្លារក្នុង១ឆ្នាំ ហើយសម្រាប់លោកផ្ទាល់ក៏មានដីនៅក្នុងគម្រោង"មរតកបរសេដ្ឋ”នេះដែរ៕