អ្នកកាសែតជប៉ុនម្នាក់ធ្លាប់ថា ឡានអង្គរឆ្នាំ២០១០ បំពាក់បច្ចេកវិទ្យាទំនេីបដែលជប៉ុនគ្រោងផលិតនៅឆ្នាំ២០២០-២០៣០

  • 2021-11-12 06:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ញាន ផល្លឹក អ្នកផលិតរថយន្តអគ្គិសនីអង្គរខ្មែរ បានបង្ហាញរូបភាពរថយន្តអគ្គិសនីដែលជាស្នាដៃផលិតរបស់លោកផ្ទាល់ជាញឹកញាប់នៅលើបណ្ដាញសង្គមហ្វេសបុក។ ការបង្ហាញវត្តមានរថយន្តអគ្គិសនីនៅប្រទេសកម្ពុជា បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រើន​នា​ពេល​កន្លង​មក។

មិនត្រឹមតែបង្ហាញរូបភាពនៅលើហ្វេសបុកទេ​នៅ​ថ្ងៃ​នេះ លោក ញាន ផល្លឹក ក៏បានបង្ហាញ​ពាក្យ​មួយ​ឃ្លា​ពី​ការ​ចាប់​អារម្មណ៍​របស់​អ្នក​កាសែត​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ធ្លាក់​បាន​សម្ភាសន៍​ ដោយ​លោក ញាន ផល្លឹកបាន​បញ្ជាក់​ថា៖ «ភ្នំពេញថ្ងៃ ១៧/២/២០១០​ ទូរទស្សន៍​ ជប៉ុន​ NHK លោក​ TAKAOMI OHASHI​ អ្នកយកព័ត៌មានទូរទស្សន៍ជប៉ុន​ Nhk​ គាត់និយាយថា​ ឡាន​អង្គរ​ ផលិតឆ្នាំ ២០១០ មួយគ្រឿងនេះបំពាក់បច្ចេកវិទ្យាទំនេីបៗ​ ដែលប្រទេសជប៉ុនគ្រោងផលិតនៅឆ្នាំ២០២០-២០៣០។ លោកបន្តថាបច្ចេកវិទ្យាដែលរកឃេីញនិងបំពាក់ចូលឡាន​កាល១១ ឆ្នាំមុន ដូចជាទ្វាឡានអត់ដៃបេីក​ បញ្ជាបេីកទ្វាដោយស័្វយប្រវត្តិ​ ឡានស្គាល់ម្ចាស់​ ដៃចង្កូតឡានជាដេីម»

គួររំលឹកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ នឹងត្រូវបានផលិតឡើងមាន ៦ជំនាន់​មក​ហើយ​មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ រថយន្តអង្គរ EV ២០១៤ និងនៅ EV ឆ្នាំ២០១៨ ដែលមានឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ។ ម៉ូតូអគ្គិសនីអង្គរ ២០១៥ ប្រើថាមពលអគ្គិសនីចាប់ផ្តើមធ្វើថ្ងៃទី ១៣ មិនា ឆ្នាំ ២០១៤ ធ្វើហើយថ្ងៃទី ២៩ សីហា ឆ្នាំ២០១៤ ។

ក្រៅ​ពី​នេះ​លោក ញាន ផល្លឹក ក៏​បាន​ផលិតម៉ូតូអគ្គិសនីប្រើប្រាស់ Motor. 48v. 500w និងជាប្រភេទថ្ម Lithium Battery. 48v. 40ah ដែលមានល្បឿន Speed 45Km/h។ រួម​ជា​មួយ​រថយន្តខ្នាតធំ (ឡានក្រុង) ប្រើប្រាស់ថាមពលអគ្គិសនីបូកជាមួយថាមពលពន្លឺព្រះអាទិត្យ (Solar) ដោយប្រើកម្លាំង( ម៉ូទរ័ ១៦គីឡូវ៉ាត់)។ រថយន្តប្រភេទទេសចរណ៍នេះ អាចផ្ទុកអ្នកដំណើរបានចំនួន ២២ នាក់គិតទាំងអ្នកបើកបរ។ វាត្រូវបានផលិតដោយដោយដៃផ្ទាល់ ១០០% គ្មានពុម្ពគ្មានរោងចក្រនិងសម្ភារៈទំនើបៗដើម្បីដំឡើង និងត្រូវបានបង្ហាញវត្តមានកាលពីឆ្នាំ ២០១៣៕

អត្ថបទ៖ ម៉េងងី