សិស្សឆ្នើម៦រូបឈ្នះពានរង្វាន់ The Mengly J. Quach Essay Writing Contest របស់ អេ អាយ អាយ

  • 2021-11-17 05:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រគល់ពានរង្វាន់ដល់សិស្សជយលាភី៦រូប ដែលដណ្ដើមបានពានរង្វាន់ The Mengly J. Quach Essay Writing Contest ដែលជាកម្មវិធីប្រកួតប្រជែងតែងសេចក្តីជាភាសាអង់គ្លេស លើកទី១ រៀបចំឡើងដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រឹះស្ថានអប់រំមួយឈានមុខគេនៅកម្ពុជា។

ការប្រកួតដណ្ដើមពានក្នុងរដូវកាលថ្មីនេះ ត្រូវបានបែងចែកជា២ក្រុម ក្នុងនោះមានដូចជាថ្នាក់កុមារ និងថ្នាក់មនុស្សពេញវ័យ។ សម្រាប់ពានរង្វាន់ទាំង២ក្រុម ជយលាភីលេខ១ ទទួលបានមេដាយមាស១ អាហារូបករណ៍១០០% វិញ្ញាបនបត្រ និងវត្ថុអនុស្សាវរីយ៍ ជយលាភីលេខ២ ទទួលបានមេដាយប្រាក់១ អាហារូបករណ៍៧៥% វិញ្ញាបនបត្រ និងវត្ថុអនុស្សាវរីយ៍ ជយលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ១ អាហារូបករណ៍៥០% និងវត្ថុអនុស្សាវរីយ៍។ ក្នុងទឹកមុខដ៏រីករាយ យុវតី សំណាង លីហ្សា ម្ចាស់ជយលាភីលេខ១ បានប្រាប់សារព័ត៌មានយើងថា៖ «សម្រាប់កម្មវិធីប្រកួតជែងមួយនេះ ពិតជាល្អ និងមានអត្ថប្រយោជន៍សម្រាប់ខ្ញុំ ក៏ដូចជាសិស្ស ផ្សេងៗទៀតនៅក្នុងសាលា ហើយក៏ជាឱកាសដ៏ល្អសម្រាប់រូបខ្ញុំផ្ទាល់ ដែលបានបញ្ចេញនូវសមត្ថភាពក្នុងការសរសេរអត្តបទជាភាសាអង់គ្លេស»។

បេក្ខជនឆ្នើមដដែលបន្តថា៖ «ថ្វីត្បិតតែមានការលំបាកក្នុងការប្រកួតប្រជែងពិតមែន ប៉ុន្តែវាបានធ្វើឱ្យយើងមានការប្រឹងប្រែង ព្យាយាម ស្រាវជ្រាវបន្ថែម ដើម្បីយកទៅប្រកួតជាមួយនិងដៃគូដែលខ្លាំងៗជាងយើង»។ លីហ្សា បានអះអាងដោយភាពជឿជាក់ថា៖ «ការចូលរួមប្រកួតប្រជែងនេះ បានធ្វើឱ្យយើងយល់ដឹងកាន់តែច្រើន ដើម្បីទទួលបានចំណេះដឹងថ្មីៗ បទពិសោធល្អៗ ជាពិសេសធ្វើឱ្យយើងមានភាពក្លាហាន និងម្ចាស់ការលើខ្លួនឯង»។ យុវសិស្សរូបនេះក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ គួរតែចូលរួមពង្រីក និងពង្រឹងចំណេះដឹងឱ្យបានច្រើនតាមរយៈកម្មវិធីប្រកួតប្រជែងចំណេះដឹងនៅតាមសាលា មិនថាសាលារៀនរដ្ឋ ឬឯកជននោះទេ។

ជាមួយគ្នានេះ លោកស្រី ជឿម ផល្លីន អាណាព្យាបាលរបស់យុវតី សំណាង លីហ្សា បានលើកឡើងថា៖ «ក្រោយពីកូនរបស់ខ្ញុំបញ្ចប់ការប្រកួតចប់ គឺមានការខុសប្លែកកាលពីមុនច្រើន គាត់មានភាពក្លាហាន គាត់ចេះនិយាយ ចេះបញ្ចេញយោបល់នៅពេលដែលមានកម្មវិធីសាលា គាត់ហ៊ានចូលរួមដោយខ្លួនឯង កាលពីមុនគាត់អត់ហ៊ានចូលរួមទេ»។ អ្នកស្រីបានបញ្ជាក់ទៀតថា៖ «នៅពេលដែលកូនរបស់ខ្ញុំ ចូលមករៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នេះ គឺមានការផ្លាស់ប្ដូរច្រើន ដោយសារសាលាមានកម្មវិធីច្រើន សម្រាប់ដាក់ឱ្យកូនសិស្សចូលរួមប្រកួតជែងចំណេះដឹង និងបញ្ចេញសមត្ថភាពរបស់ខ្លួន»។

ពាក់ព័ន្ធបញ្ហានេះ បើតាមលោកស្រី នៅ សុជ្ជណា នាយិកា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ និងជាអ្នករៀបចំកម្មវីធីប្រកួតបានលើកឡើងថា មូលហេតុដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ រៀបចំកម្មវិធីនេះឡើង ដើម្បីបង្កបរិយាកាស ក៏ដូចជាផ្ដល់ឱកាសដល់សិស្សានុសិស្ស បានបញ្ចេញនូវសមត្ថភាព បង្ហាញចំណេះដឹង និងទេពកោសល្យរបស់ខ្លួន ជាពិសេសធ្វើឱ្យសិស្សចេះស្រាវជ្រាវមេរៀនបន្ថែម ទៅលើវិញ្ញាសារដែលសាលាបានកំណត់។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រឹះស្ថានឯកជនមួយផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលភាសាអង់គ្លេស ចិន និងភាសាថៃ ប្រកបដោយគុណភាព វិន័យ និងសេវាកម្មល្អ ឈានមុខគេនៅកម្ពុជា៕

អត្ថបទថ្មី