ប្រធានាធិបតីបារាំង បានប្ដូរទង់ជាតិផ្លូវការរបស់ប្រទេសខ្លួន
- 2021-11-17 11:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីបារាំង បានប្ដូរទង់ជាតិផ្លូវការរបស់ប្រទេសខ្លួន
ចន្លោះមិនឃើញ
លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីប្រទេសបារាំង បានប្ដូរទៅប្រើប្រាស់ទង់ជាតិជាផ្លូវការប្រទេសរបស់ខ្លួន ដែលមានលក្ខណៈមានពណ៌ខៀវស្រាល ទៅជាពណ៌ខៀវដិត ជាពណ៌តំណាងកាលសម័យបដិវត្តបារាំងវិញ។ នេះបើយោងតាមប្រភពមន្ត្រីរដ្ឋាភិបាលបារាំង ដែលបានប្រាប់ទៅសារព័ត៌មានក្នុងស្រុក Europe 1 ដោយមានការចុះផ្សាយដោយ BBC កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។
ការប្ដូរទៅប្រើទង់ជាតិបារាំង មានពណ៌ខៀវដិតបែបនេះត្រូវបានលោកម៉ាក្រុង ប្រើប្រាស់នៅវិមានប្រធានាធិបតីបារាំង កាលពីឆ្នាំមុនមកម្ល៉េះ ដោយមិនមានការប្រកាសជាផ្លូវការ ក៏ដូចជាប្រារព្ធពិធីនៃការប្ដូរទង់ជាតិនេះឡើយ ជាពិសេសនោះគឺមិនតម្រូវឲ្យស្ថាប័ននានាប្ដូរពណ៌ទង់ជាតិតាមលោកឡើយ។
បើប្រភពខាងលើ រវាងពណ៌ខៀវស្រាល និងពណ៌ខៀវដិតនៅលើទង់ជាតិបារាំងនេះ ត្រូវបានប្រើប្រាស់លាយឡំគ្នាជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសនេះ ដោយឡែកតែខាងកងទ័ពជើងទឹក និងក្រសួងស្ថាប័ននានានៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះ ដែលបានប្រើប្រាស់ទង់ជាតិដែលមានពណ៌ខៀវដិតរហូតមក។
តាមពិតការប្ដូរពីពណ៌ខៀវដិត ទៅខៀវស្រាលនៅទង់ជាតិបារាំងនេះទើបតែប្រកាសប្ដូរជាផ្លូវការនៅ ឆ្នាំ១៩៧៦ ប៉ុណ្ណោះដោយសារទង់ជាតិបារាំង និងទង់ជាតិសហគមន៍អឺរ៉ុប (EU) តែងតែឈរជិតគ្នាគ្រប់កម្មវិធីអន្តរជាតិ ដែលជាហេតុនាំឲ្យប្រទេសមួយនេះបានប្ដូរទៅពណ៌ខៀវស្រាល ដូចទង់ជាតិEU តែម្ដង។
គួរបញ្ជាក់ផងដែរថា ចំពោះសម្រេចប្ដូរទៅពណ៌ខៀវដិតវិញ របស់លោកម៉ាក្រុងនេះ ក៏ត្រូវបានមនុស្សមួយចំនួនព្រួយបារម្ភ និងរិះគន់ផងដែរថា មិនស្អាត ខូចសោភ័ណនៅពេលដែលទង់ជាតិនេះដាក់ក្បែរទង់ជាតិ EU ដែលបង្កជាសកម្មភាព ភាពល្អក់កករជាមួយសហគមន៍មួយនេះ ប៉ុន្តែខាងមន្ត្រីពាក់ព័ន្ធរបស់បារាំងក៏បានបញ្ជាក់ផងដែរថា មិនមានចេតនាដូច្នោះនោះឡើយ៕