ពានសម្ដេច៖ ចាញ់ភ្នំពេញក្រោន ១-០ សារ ទី មិនអស់ចិត្តដ្បិតក្រុមខ្លួនសង្គ្រុបខ្លាំង

  • 2021-11-22 06:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចាញ់ភ្នំពេញក្រោន ១-០ នៅវគ្គ៨ក្រុមចុងក្រោយ ខ្សែប្រយុទ្ធក្លឹបអគ្គិសនីកម្ពុជា សារ ទី បានទម្លាយថាគេពិតជាមិនអស់ចិត្តឡើយ ព្រោះថាក្រុមខ្លួនសង្គ្រុបខ្លាំង និង​​គ្រប់គ្រង​​បាល់​បាន​ច្រើន​។

ខ្សែប្រយុទ្ធលេចធ្លោរបស់ក្រុមប្រើប្រាស់ធន់ធានខ្មែរសុទ្ធខាងលើ ប្រាប់ថា ៖«និយាយទៅចាញ់ក្រោនមួយគ្រាប់ទាំងអត់អស់ចិត្ត ដោយសារពួកខ្ញុំសម្រុកគេច្រើន ហើយស៊ុតគេក៏ច្រើន សាច់បាល់លេងបានច្រើនទៀត»។

កីឡាករដែលប្រកាន់​ភ្ជាប់​ការ​មិនផឹកស្រា ជក់បារី និងមិនចាក់សាក់​ បានឱ្យ​ដឹងទៀតថា ក្រុមរបស់ខ្លួនមានឱកាសនិងមាន​បាល់​ស៊ុត​ច្រើន ប៉ុន្តែមិនអាចទម្លាយសំណាញ់ទី​ភ្នំពេញក្រោនបាន​។ ត្រង់ចំណុចនេះអតីតកីឡាករសាលាបាល់ទាត់ជាតិបាទីថាមកពីក្រុម​គ្មានសំណាង។

គួរ​បញ្ជាក់​ថា ក្រុមអគ្គិសនីកម្ពុជាបានធ្លាក់ចេញពីពានសម្ដេច ហ៊ុន សែន នៅវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមសិង្ហក្រហមនៅកីឡដ្ឋាន Smart RSN កាលពីពេលកន្លងទៅ។ ចំណែកភ្នំពេញក្រោនថ្ងៃនេះ នឹងត្រូវជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៦ល្ងាច ខណៈបឹងកេត នឹងបើកកីឡដ្ឋានរបស់ខ្ហួនទទួលវិសាខានៅម៉ោង ៣ កន្លះរសៀលនៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់​សមេ្ដច​ហ៊ុនសែន​លើក​ទី​១៥ថ្នាក់​ជាតិ ឆ្នាំ​២០២១​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី