ប្រយ័ត្នធ្លាក់ក្ដុក ខាតពេលអស់ ១២ឆ្នាំ! សកម្មភាពទាំងនេះហាមប្រព្រឹត្តិដាច់ខាត ថ្ងៃប្រឡងបាក់ឌុប

  • 2021-11-22 11:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីសម្រេចស្ដីពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានសម័យប្រឡងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ត្រង់ជំពូកទី៤ ស្ដីពី «កម្រិតវិន័យក្នុងការទប់ស្កាត់សកម្មភាពមិនប្រក្រតីសម្រាប់បេក្ខជន» ដោយសកម្មភាពសទាំងប៉ុន្មានខាងក្រោមនេះ ត្រូវហាមដាច់ខាត ពុំនោះទេបេក្ខជននឹងធ្លាក់ដោយស្វ័យប្រវត្តិ ។

សម្រាប់កម្រិតវិន័យក្នុងការទប់ស្កាត់សកម្មភាពមិនប្រក្រតីសម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងនោះមានចែកចេញជា៣ផ្នែកធំៗគឺ៖

ផ្នែកទី១៖ សកម្មភាពមានបំណងលួចចម្លង និងកម្រិតវិន័យ

បេក្ខជនដែលបានប្រព្រឹត្តសកម្មភាពដូចជា មានបំណងលួចចម្លង សកម្មភាពលួចចម្លង និងសកម្មភាព ដែលធ្វើឱ្យខូចខាតសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ នឹងត្រូវ ទទួលទណ្ឌកម្មខាងវិន័យ តាមកម្រិតសកម្មភាពដែលបានប្រព្រឹត្ត។

១. បេក្ខជនដែលមានសកម្មភាពដូចខាងក្រោម ត្រូវបានកំណត់ថាមានបំណងលួចចម្លង៖

  • យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង

  • លាក់ជាប់នឹងខ្លួននូវសៀវភៅ ឯកសារ ឬសំណៅឯកសារ ឬទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទ។

២. កម្រិតវិន័យចំពោះសកម្មភាពមានបំណងលួចចម្លង៖

បេក្ខជនដែលបានប្រព្រឹត្តសកម្មភាពដូចបានកំណត់ក្នុងប្រការនេះ ត្រូវចាត់ទុកថាមានបំណងលួច ចម្លង និងមិនអនុញ្ញាតឱ្យចូលប្រឡងជាដាច់ខាត ហើយត្រូវបានកំណត់ឱ្យធ្លាក់ លើកលែងតែបេក្ខជននោះ ប្រគល់រាល់សៀវភៅ ឯកសារ ឬសំណៅឯកសារឱ្យគណៈមេប្រយោគមុនចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ហើយគណៈមេប្រយោគពុំទទួលខុសត្រូវរាល់ការបាត់បង់ឡើយ។

ផ្នែកទី២៖ សកម្មភាពលួចចម្លង និងកម្រិតវិន័យ

១. បេក្ខជនដែលមានសកម្មភាពដូចខាងក្រោម ត្រូវចាត់ទុកថាជាការលួចចម្លង៖

  • មានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសដោយដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃលើភ្លៅលើទ្រនាប់ជើង លើកន្សែងជូតមុខ....ក្នុងបន្ទប់ប្រឡង

  • ចម្លងសំណៅឯកសារពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងដែលខ្លួនអង្គុយ

  • អើតមើលសន្លឹកកិច្ចការអ្នកដទ

  • ប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង

  • អង្គុយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយ

  • រំកិលតុមកអង្គុយជាប់គា្នខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ

  • បង្កលក្ខណៈ ឬផ្តល់ឱកាសឱ្យអ្នកដទៃចម្លង

  • ប្ដូរសន្លឹកកិច្ចការគ្នា ប្ដូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ចម្លងគ្នាជាក់ស្ដែង។

កម្រិតវិន័យចំពោះសកម្មភាពលួចចម្លង៖

កម្រិតវិន័យសម្រាប់បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពដូចបានកំណត់ក្នុងប្រការនេះត្រូវចាត់ ទុកថាជាអំពើលួចចម្លង ត្រូវបញ្ឈប់មិនឱ្យប្រឡងបន្តទៀត និងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ផ្នែកទី៣៖ សកម្មភាពដលធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យ

បេក្ខជនធ្វើសកម្មភាពដូចខាងក្រោម ចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី១ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ៖

  • មកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗដែលអាចអនុគ្រោះបាន ដោយមិនឱ្យលើសពី១៥នាទី ក្រោយជួងទីពី អនុរក្សអនុញ្ញាតឱ្យ ចូលប្រឡង តាមរយៈប្រធានមណ្ឌលដោយមិនបន្ថែមម៉ោងឡើយ

  • សន្លឹកកិច្ចការណាដែលមានសញ្ញាសម្គាល់អាគតដ្ឋានរបស់ខ្លួន

  • ចម្លើយនៃសំណួរណាដែលមានវិចារដូចគ្នាទាំងស្រុង

  • ចម្លើយសំណួរណាដែលមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណៅវិញ្ញាសាដែលត្រូវបាននាំចូល ក្នុងបន្ទប់ប្រឡងដោយបេក្ខជន ដោយអ្នកដទៃតាមគ្រប់មធ្យោបាយ ឬក្រោយការធ្វើកោសល្យ វិច័យ

  • ឃើញថាសន្លឹកកិច្ចការនោះដូចគ្នាទាំងស្រុងទៅនឹងចម្លើយវិញ្ញាសាដែលមានស្រាប់ ដែលត្រូវបានរៀបចំឡើងដោយខុសច្បាប់។

**កម្រិតវិន័យថា្នក់ទី១**

បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពកម្រិត១ ដូចបានកំណត់ក្នុងប្រការនេះ ត្រូវចាត់ទុកថា ជាអំពើដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ នឹងមិនអនុញ្ញាតឱ្យចូលប្រឡង ដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

បេក្ខជនធ្វើសកម្មភាពដូចខាងក្រោម ចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី២៖

  • ដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ ស

  • ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស

  • ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសរសេរលេខតុរបស់ខ្លួននៅ កន្លែងផ្សេង

  • ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង

  • ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន

  • សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ

  • បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូល ក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា

  • បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដោយគម្រាមកំហែងលើបេក្ខជនដទៃ

  • ដណ្ដើមយកសន្លឹកកិច្ចការរបស់អ្នកដទៃមកចម្លង

  • ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទ

  • យកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន

  • ធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយ យកលុយឱ្យអនុរក្ស។

កម្រិតវិន័យថា្នក់ទី២

បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពកម្រិត២ ដូចបានកំណត់ក្នុងប្រការនេះ ត្រូវបាន កំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់។

បេក្ខជនធ្វើសកម្មភាពដូចខាងក្រោម ចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី៣៖

  • យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង

  • ឱ្យអ្នកដទៃមកប្រឡងជំនួស

  • ធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា

  • មិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុង ឬអ្នក មានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង។

កម្រិតវិន័យថា្នក់ទី៣

បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពកម្រិត៣ ដូចបានកំណត់ក្នុងប្រការនេះ ត្រូវបានកំណត់ឱ្យ ធ្លាក់ដោយស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័ន មានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន ៕

ព័ត៌មានលំអិតសូមមើលក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន