ឡានចិនថ្មី​របស់ GAC ម៉ាស៊ីនខ្លាំង​ និងសាកភ្លើងពេញ​ម្តង​ បើកបានឆ្ងាយបំផុត ១០០០គ.ម

  • 2021-11-23 08:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនចិន GAC បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​ស៊េរីថ្មីរបស់ខ្លួនម៉ូដែលLX Plus ក្រោម​ឈ្មោះ Aion ក្នុងពិព័រណ៌​រថយន្ត​ Guangzhou Auto Show 2021 កាលពីសប្តាហ៍មុន ដែល​រថយន្តនេះ​មាន​អាគុយ​ធំផ្ទុក​ភ្លើងបាន​ច្រើនសម្រាប់​ការធ្វើដំណើរ​បានឆ្ងាយ និងមានម៉ាស៊ីន​ធំទៀតផង។

GAC អះអាងថា បន្ទាប់ពី​បើកសាកល្បងនូវរថយន្ត Aion LX Plus ​រួចមកឃើញថា រថយន្ត​នេះ​អាចធ្វើដំណើរ​បាន​ឆ្ងាយបំផុត​រហូតដល់ទៅ ១០០៨គីឡូម៉ែត្រ​ក្នុងពេល​សាកភ្លើងពេញ​តែម្តង ដែល​ត្រូវអរគុណ​ដល់អាគុយដ៏ធំរបស់វា​ដែលអាចផ្ទុកភ្លើងបាន ១៤៤គីឡូវ៉ាត់ម៉ោង។ អាគុយ​ដែល​ផ្ទុកភ្លើង​បាន​ច្រើនបែបនេះ គឺដោយសារវាត្រូវបានបំពាក់​បច្ចេកវិទ្យា​ Sponge silicon negative របស់ GAC ផ្ទាល់តែម្តង។

រថយន្ត​នេះ មាន​ម៉ូទ័រអគ្គិសនី២ បង្កើតបានកម្លាំង ៧២៥សេះ ដោយ​ជាន់ស្ទុះខ្លាំង ពោលគឺជាន់ពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេលតែ ២,៩វិនាទីប៉ុណ្ណោះ។ វា​ក៏មាន option ប្រើម៉ូទ័រអគ្គិសនី១ផងដែរ ដោយបង្កើតបានកម្លាំង ៣២២សេះ និង​អាចបើកក្នុងល្បឿន​អតិបរមាដល់ ១៧០គីឡូម៉ែត្រ ជាមួយនឹង​កម្រិតប្រើប្រាស់ថាមពល ១៥គីឡូវ៉ាត់ម៉ោង ក្នុង១០០គីឡូម៉ែត្រ។

ចំពោះ​ការឌីហ្សាញ​វិញ រថយន្ត Aion LX Plus គឺ​មានរូបរាង​ស្រដៀង​នឹង​ស៊េរីចាស់ LX ដែរ ដោយមានប្រវែង ៤៨៣៥មម ទទឹង ១៩៣៥មម និងកម្ពស់ ១៦៨៥មម។ វាបំពាក់​ចង្កៀង​ LED ហើយ​ប៉ាណា​ត្រូវបាន​ដាក់​នៅខាងក្រោម​ជាប់កាង ដោយ​មានរាង​ជាទឹកជ្រោះធ្លាក់ត្រង់។ ដៃទ្វារ ត្រូវបាន​ធ្វើឡើង​ជារបៀប​ pop-up ពោលគឺវានឹងលៀនចេញមក​ពេល​ត្រូវកាន់បើកទ្វាររថយន្ត។ ចង្កៀង​ស្តុបក្រោយ​ មានរាង​ជាបន្ទាត់ផ្តេក​កាត់​ពាក់កណ្តាលរថយន្តដែល​ជាប្រភេទ LED និង​ពិលកាង​ក្រោយ​ត្រូវបាន​រចនាដ៏គួរឱ្យទាក់ទាញ។

ផ្នែក​កាប៊ីន​រថយន្ត​ គឺ​ដៃចង្កូត​មាន​ប៊ូតុង​សម្រាប់​ចុចបញ្ជា បំពាក់​កុងទ័រឌីជីថល និង​ប្រព័ន្ធកម្សាន្ត touchscreen ទំហំ ១៥,៦អ៉ីញ ដែល​បំពាក់ឈីប 8-core Qualcomm 8155 និង​មាន Software ថ្មីហៅថា AdiGO 4.0។ វាត្រូវបាន​ដាក់ដំបូល Sunroof ប្រភេទ​ប៉ាណូរ៉ាមិក និង​ Speaker ១០គ្រាប់ ពី Alpine និងពូកស្បែក Nappa ពណ៌ស។

ក្រុមហ៊ុនចិន GAC មិន​បាន​ទម្លាយ​តម្លៃរបស់​រថយន្តនេះទេ ប៉ុន្តែគេរំពឹងថានឹង​ថ្លៃជាងម៉ូដែល LX ដែលមាន​តម្លៃចាប់ពី ៣៦ ០០០ដុល្លារ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម