វ៉ាត លីម៉េង ចាប់ផ្ដើមថតMV ទាក់ទងសម័យលង្វែកភ្លាម ក៏វិភាគលើសមត្ថភាព អៀង ចេនឡា

  • 2021-11-25 03:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹកនាំរឿងចាស់វស្សារបស់ផលិតកម្មTOWN គឺលោក វ៉ាត លីម៉េង មានគម្រោងប្ដូររសជាតិសម្ដែងលោក អៀង ចេនឡា ពីកំប្លែងដោយប្រើសំនួនវោហារចាក់ទឹកមិនលិច មកជាតារាសម្ដែងបែបម៉ឺងម៉ាត់ ឬស្រគត់ស្រគំវិញម្ដង។

អ្នកដឹកនាំរូបនេះ បានប្រាប់Sabay ក្នុងឱកាសដែលលោកបានចូលរួមក្នុងកម្មវិធីសម្ពោធគម្រោងលក់ផ្ទះលំហែមួយឈ្មោះ"មរតកបរសេដ្ឋ" កាលពីពេលថ្មីនេះថា ត្បិតលោក និងនាយចេនឡា មិនសូវបានជួបគ្នាទាំងក្នុង និងក្រៅការសម្ដែង ប៉ុន្ដែលោកយល់ថាក្រៅពីមានទេពកោសល្យខាងកំប្លែង នាយចេនឡា ក៏មានសមត្ថភាពខ្លាំងណាស់ដែរខាងសម្ដែងភាពយន្ដ ឬMV។

វ៉ាត លីម៉េង៖”ឮថាគាត់(ចេនឡា)ឈឺ! ខ្ញុំអាណិតគាត់…ធ្លាប់បាញ់លុយអីជួយគាត់ដែរ ហើយឆាប់ៗនេះខ្ញុំគ្រោងរួមការងារជាមួយគ្នា។ ខ្ញុំឃើញសមត្ថភាពគាត់គឺកំប្លែង តែសម្រាប់ខ្ញុំចង់ឲ្យគាត់ប្រើStye ផ្សេងក្រៅពីកំប្លែង”។

ទោះជាយ៉ាងណា Sabay មិនទាន់អាចទាក់ទងលោក អៀង ចេនឡា ដើម្បីសាកសួរបន្ថែម​លើ​ការ​លើក​ឡើង​របស់​អ្នកនិពន្ធ និងដឹកនាំ​សម្ដែង​របស់​ផលិតកម្មTown នេះ​បាន​នៅ​ឡើយ​ទេ គិតត្រឹម៉ោង១០កន្លះ​ ថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

រូបភាព៖ ហ្វេសប៊ុក អៀង ចេនឡា

ការប្រកាសជ្រើសរើសយកលោក អៀង ចេនឡា ដើម្បីសម្ដែងក្នុងMV ដែលនិពន្ធ និងដឹកនាំសម្ដែងដោយលោកផ្ទាល់នេះ គឺក្រោយពីលោកបញ្ជាក់ថា លោកកំពុងថតMV មួយដែលមាន៦វគ្គ ទាក់ទងនឹងប្រវត្ដិសាស្ដ្រខ្មែរ និងសៀម នាសម័យលង្វែក។ លោកថា MV នេះនឹងចាប់ផ្ដើមថតនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ហើយបញ្ចាំងលើកញ្ចក់ទូរទស្សន៍នៅដើមខែមករា ឆ្នាំ២០២២៕

ជិន សុភ័ក្ដ្រ