ដឹងហើយឬនៅ! អគារថ្មីរបស់ក្រសួងដែនដីបើកឲ្យចូលទស្សនាដោយសេរី រៀងរាល់ថ្ងៃទាំងនេះ

  • 2021-11-25 04:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារទីស្តីការថ្មីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីបានសម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ រួចមក បានបើកឲ្យសាធារណជនទូទៅ ចូលទស្សនាដោយសេរី នៅជាន់ផ្ទាល់ដី រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យ ព្រឹកម៉ោង ៨:០០-១១:៣០ និងរសៀលម៉ោង ២:៣០-៦:០០ ច្រកចូលតាមខ្លោងទ្វារទល់មុខមន្ទីរពិសោធន៍ជាតិសំណង់ ចំណតយានយន្តមិនគិតថ្លៃ ដោយគ្រាន់តែយកកាតចាក់វ៉ាក់សាំងភ្ជាប់មកជាមួយ។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ។

អគារទីស្តីការក្រសួងដែន គឺជាអគារដែលបាននាំមកនូវមោទនភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើក្បូក្បាច់រចនាបថរបស់ជាតិ រួមផ្សំជាមួយរចនាបែបសម័យទំនើប និងរបស់បរទេសផង ហើយត្រូវបានរំលេចឡើងយ៉ាងត្រដែតត្រដឹមទាំងផ្ទៃខាងក្រៅ និងខាងក្នុងអគារ។ អគារនេះរចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ គឺសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរាណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ឬហៅថាអគារមុខធំ មានដំបូលកិងត្រួតស្លាបពីរជាន់ លម្អដោយជហ្វាក្បាលនាគ និងគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ។

សំណង់អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឆ្លុះបញ្ចាំងពីភាពល្អឯកនៃសំណង់ស្ថាបត្យកម្មរបស់ខ្មែរយ៉ាងពិតប្រាកដ។ ជាក់ស្តែងឃើញថា ភាពស្កឹមស្កៃនៃអគារទីស្តីការថ្មីនេះ មើលទៅមានភាពប្រណិតនិងលម្អទៅដោយក្បាច់រចនាយ៉ាងល្អវិចិត្រថែមទៀតផង។ ចង់ជ្រាបកាន់តែច្បាស់ សូមទៅទស្សនាដោយផ្ទាល់នៅទីតាំងក្រសួង ដែលបានបើកឲ្យចូលទស្សនាដោយសេរី នៅជាន់ផ្ទាល់ដី រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យផងដែរ៕

ប្រភព៖ Panhaka-បញ្ញាកា

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

អត្ថបទថ្មី