Toyota ប្រើបច្ចេកវិទ្យាអាគុយ Hybrid ជំនាន់៩០ លើឡាន Hybrid ឆ្នាំ​២០២២

  • 2021-11-30 02:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota នៅតែ​បន្ត​ប្រើប្រាស់​អាគុយ​តាំងពី​ស៊េរីជាង ២០ឆ្នាំមុនលើ​រថយន្ត Hybrid ថ្មី​របស់ខ្លួន ដោយគ្រាន់​តែធ្វើ​ទំនើបកម្ម ពោលគឺ​មិនប្តូរ​ប្រើប្រភេទ​អាគុយថ្មីឡើយ។

អាគុយ Hybrid នេះ ត្រូវបាន​បំពាក់​នៅលើ​ Toyota Prius ដែល​បញ្ចេញ​នៅ​ចុងទសវត្សរ៍ឆ្នាំ១៩៩០។ ​វាគឺ​ជាប្រភេទ nickel-metal hydride បន្ទាប់​មក​ វាត្រូវបាន​ធ្វើទំនើបកម្មទៅជាប្រភេទ bipolar nickel-metal hydride បំពាក់​នៅលើ Toyota Prius C (ឬហៅថា Aqua នៅជប៉ុន)។

អាគុយ bipolar បានបញ្ជូន​ថាមពលច្រើនជាងអាគុយចាស់ ១,៥ដង ហើយ​ដាក់បន្ទះ​អាគុយ​បានច្រើនជាង ១,៥ដង ក្នុងទំហំ​ដូចគ្នា។

លោក Motoyoshi Okumura ​អ្នក​គ្រប់គ្រងផ្នែក​អភិវឌ្ឍ​អាគុយ​ឈានមុខ​របស់​ Toyota បាន​ប្រាប់ Auto News ថា Toyota បាន​ចាប់ផ្តើម​ធ្វើការ​លើ​ស្ថាបត្យកម្មអាគុយ​ថ្មីនេះ ក្នុងឆ្នាំ២០១៦។ «ប្រសិន​បើយើង​ប្រើ​ទំហំ​ដដែល យើង​អាច​ដាក់​អាគុយ​ដែល​បញ្ជូនថាមពល​កើនឡើង​២ដង»។

លោកលើកឡើង​ថា ជាទូទៅ​គេ​មើលឃើញ​ការ​ប្រើអាគុយ nickel-metal hydride ជា​អាគុយ​ស៊េរីចាស់ ប៉ុន្តែ​មិនអ៊ីចឹង​ទេ។ «យើង​ចាប់ផ្តើម​អភិវឌ្ឍអាគុយ nickel-metal hydride ប្រភេទថ្មីនេះ (bipolar) បន្ទាប់ពីប្រើប្រាស់​វា ២០ឆ្នាំមក ដោយ​មាន​កំណត់ត្រា​ជោគជ័យ។ ប៉ុន្តែ​ការឌីហ្សាញដើមដំបូងរបស់វា គឺមិនផ្លាស់ប្តូរឡើយ។ ដូច្នេះយើងសម្រេចចិត្តយក​ការធ្វើទំនើបកម្មថ្មី ដោយ​បង្កើន​ថាមពល»។

ក្រុមហ៊ុន Toyota នឹង​ប្រើប្រាស់​អាគុយ bipolar តែមួយ​សម្រាប់​ដាក់​នៅលើ​រថយន្ត​ Hybrid របស់ខ្លួន ដែល​ត្រូវការ​បញ្ឆេះ​ថាមពលឱ្យបានលឿន។ ចំណែក​ការប្រើអាគុយ lithium-ion មានការពេញ​និយម​ខ្លាំង​ក្នុងការ​ដាក់លើ​រថយន្ត​អគ្គិសនី​ ប៉ុន្តែ​វាក៏ត្រូវការ​កន្លែងផ្ទុកថាមពលធំជាងផងដែរ។ ចំពោះ​រថយន្ត​ bZ4X ដែល​ជារថយន្ត​អគ្គិសនី​ទីមួយ​របស់ Toyota ស៊េរីឆ្នាំ២០២៣ គឺ​ត្រូវបាន​បំពាក់​អាគុយ lithium-ion ដែល​ពេលសាកភ្លើងពេញម្តង អាចធ្វើដំណើរបាន​ដល់ចម្ងាយ ៤០០គីឡូម៉ែត្រ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី