សិង្ហបុរីពន្យារពេលសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា

  • 2021-12-01 03:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសសិង្ហបុរីបានសម្រេចពន្យារពេលដាក់ឱ្យដំណើរការផ្លូវធ្វើដំណើរសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស (VTL) ជាមួយប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមអេមេរ៉ាត (UAE) និងពិនិត្យមើលឡើងវិញនូវវិធានការតាមព្រំដែន ចំពេលដែលមានការលេចឡើងនៃវីរុសទម្រង់អូមីក្រុង (Omicron) នៃជំងឺកូវីដ-១៩។

​ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយថា វិធានការណ៍នេះ គឺជាវិធានការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយហានិភ័យនៃការនាំចូល និងឆ្លងរាលដាលនៃវីរុសទម្រង់អូមីក្រុងទៅកាន់ប្រទេសនេះ។ ការពន្យាពេលនៃការដាក់ដំណើរការ VTL សម្រាប់ប្រទេសកាតា អារ៉ាប៊ីសាអូឌីត និង UAE នឹងប្រព្រឹត្តទៅរហូតដល់មានការជូនដំណឹងជាថ្មី ដោយក្រសួងបាននិយាយបន្ថែមថា ព័ត៌មានលម្អិតនៃការពិនិត្យមើលឡើងវិញនូវវិធានការតាមព្រំដែននោះនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។

​សិង្ហបុរីបានសម្រេចរឹតបន្តឹងវិធានការត្រួតពិនិត្យតាមព្រំដែនសម្រាប់អ្នកធ្វើដំណើរមកពីបណ្តាប្រទេសនៅអាហ្វ្រិកដែលរងផលប៉ះពាល់ដូចជា ប្រទេសបូតស្វាណា អេស្វាធីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្រ្វិកខាងត្បូង និងហ្ស៊ីមបាវ៉េ៕

ប្រភព៖ Vietnamnet   ប្រែសម្រួល៖ សៀនហួរ