ថ្ងៃនេះជាខួប៦ឆ្នាំ «ល្បែងទាញព្រ័ត្រ» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ

  • 2021-12-02 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អបអរសាទរថ្ងៃនេះជាខួប៦ឆ្នាំមុន នៃការដាក់បញ្ចូលល្បែងប្រជាប្រិយទាញព្រ័ត្ររបស់កម្ពុជា ចូលក្នុងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥ ។ ល្បែងទាញព្រ័ត្រ ជាល្បែងពេញនិយមមួយដែលប្រជាពលរដ្ឋខ្មែរនិយមលេងក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពជាធ្លុងមួយក្នុងការដណ្ដើមជ័យជំនះទៅលើគូប្រកួតរបស់ខ្លួន។

ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពរបស់ប្រជាជនកម្ពុជា ដែលមានទំនាក់ទំនងនឹងវប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលមក ដោយផ្អែកលើភ័ស្តុតាងដែលមានតម្លៃជាប្រវត្តិសាស្រ្តដូចជា ចម្លាក់នៅលើប្រាង្គប្រាសាទនានា។ ទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្ត្រី ដែលនិយមលេងនៅរដូវចូលឆ្នាំខ្មែរ ឬកម្មវិធីកម្សាន្តភូមិជាដើម។ ប្រជាពលរដ្ឋខ្មែរតែងថែរក្សា និងអភិរក្សល្បែងនេះរហូតមក តាមរយៈការលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក៏ដូចជាក្នុងកិច្ចពិធីបុណ្យសាសនានានានៅតាមវត្តអារាម។

សួមរម្លឹកថា ការចុះ «ល្បែងទាញព្រ័ត្រ» ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងទីក្រុងវិនឌុក ប្រទេសណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ ហើយការដាក់ល្បែងទាញព្រ័ត្រ ជាការដាក់ចូលរួមគ្នាចំនួន៤ប្រទេស មិនមែនតែកម្ពុជានោះឡើយ គឺកូរ៉េ វៀតណាម ភីលីពីន និងកម្ពុជា ដោយសារប្រទេសទាំងនេះមានល្បែងនេះដូចគ្នា ដែលហៅថាសិទ្ធរួម។ កន្លងមក កម្ពុជាបានចុះបញ្ជីចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដូចជា របាំអប្សរា និងរបាំស្បែកធំ ចាប៉ីដងវែង​ជាដើម ហើយក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានបំណងចុះបញ្ជីភ្លេងអារក្សសម្រាប់បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិផងដែរ ៕

អត្ថបទដកស្រង់កែសម្រួលដោយ៖ ស៊ូ អីន