ធ្លាយរឿងចចារក្រៅប្រព័ន្ធតុលាការ តែមិនត្រូវរ៉ូវគ្នាលើក្ដីក្ដាំលោក សុខ រ៉ាស៊ី និងលោក អ៊ិន សុភិន

  • 2021-12-03 05:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ដប្រហែលជាមិនទាន់ភ្លេចនៅឡើយទេ ចំពោះជម្លោះពាក្យសម្ដីកក្រើករង្វង់សិល្បៈខ្មែរកាលពីពាក់កណ្ដាលឆ្នាំ២០២១ បន្ទាប់ពីពិធីករ សុខ រ៉ាស៊ី អះអាងថាថៅកែក្រុមហ៊ុនមហាហង្ស គឺលោក អ៊ិន សុភិន បានជំពាក់លុយលោកប្រមាណ១៥០០០ដុល្លារ ថ្លៃជួលភ្លើង និងរៀបចំឆាក មិនព្រមសង។

នៅចំពោះមុខការតាមដានរបស់មហាជនលើរឿងនេះ ភាគីទាំងសងខាង នៅតែរក្សាភាពត្រឹមត្រូវរបស់ខ្លួន ដោយលើកហេតុផ្សេងៗមកបញ្ជាក់។ ជម្លោះ បានឈានដល់ការដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយភាគីលោក សុខ រ៉ាស៊ី កាលពីដើមខែកក្កដា។ ប៉ុន្ដែរយៈពេលជាង៥ខែ ក្រោយដាក់ពាក្យបណ្ដឹង សុខ រ៉ាស៊ី មិនទាន់បានដំណោះស្រាយអ្វីនៅឡើយ ក្រៅពីតុលាការហៅលោកទៅបំភ្លឺ។

ស្ថិនៅក្នុងដំណាក់កាលនីតិវិធីរបស់តុលាការនេះ ស្រាប់តែធ្លាយដំណឹងថា ភាគីជម្លោះ គឺលោក អ៊ិន សុភិន និងលោក សុខ រ៉ាស៊ី បានជួបគ្នាដោយប្រយោល តាមរយៈការសម្របសម្រួលក្រៅប្រព័ន្ធតុលាការពីបុគ្គលម្នាក់។ ចំពោះដំណឹងល្ហិចល្ហៀងនេះ លោក សុខ រ៉ាស៊ី បានចេញមុខមកបញ្ជាក់តាមរយៈSabay នៅថ្ងៃទី៣ ខែធ្នូ នេះថា អ្វីដែលSabay បានទទួលគឺជាការពិត ប៉ុន្ដែការសម្របសម្រួលនោះមិនត្រូវរ៉ូវគ្នាវិញ ដោយភាគីលោក អ៊ិន សុភិន ក្រឡាស់សម្ដី។

សុខ រ៉ាស៊ី៖”ល្បិចកលគាត់(អ៊ិន សុភិន) មុនគាត់ធ្វើកម្មវិធីប្រឡងបវរកញ្ញា គាត់បានទំនាក់ទំនងជាមួយបងតារារដ្ឋ…គាត់ជួយចរចា ហើយគាត់សន្យាថាសង ឲ្យតែយើងដកពាក្យបណ្ដឹង ហើយថាសងជា៤ដំណាក់កាល…គឺ៤ខែ។ ខ្ញុំក៏យល់ព្រម តែដល់កម្មវិធីគាត់ចប់ យើងសួរគាត់ថាកាលសងលុយ បែរជាគាត់ថា អត់ទេ ទុកឲ្យតុលាការដោះស្រាយ យូរប៉ុណ្ណាយូរទៅ ដោះស្រាយទៅតាមនីតិវិធី”។

ជុំវិញបញ្ហានេះ Sabay មិនទាន់អាចទាក់ទងអគ្គនាយកក្រុមហ៊ុនមហាហង្សលោក អ៊ិន សុភិន ដើម្បីឆ្លើយតបនៅឡើយទេ គិតត្រឹមម៉ោង១១ ព្រឹកថ្ងៃទី៣ ខែធ្នូ។ ប៉ុន្ដែកន្លងទៅលោក អ៊ិន សុភិន ធ្លាប់និយាយថា លោក សុខ រ៉ាស៊ី គឺជាមនុស្សរឹងរូស ពិបាកនិយាយគ្នា ដូច្នេះលោកមានតែទុកឲ្យផ្លូវច្បាប់ ឬតុលាការដំណើរការនីតិវិធីរបស់ខ្លួន ហើយលោកថានឹងបញ្ចប់រឿងមួយនេះឲ្យល្អមើលបំផុត។

ងាកមកពិធីករ សុខ រ៉ាស៊ី វិញ។ លោកថា តុលាការបានកោះហៅលោកក្នុងនាមជាដើមបណ្ដឹងឲ្យទៅបំភ្លឺលើពាក្យបណ្ដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ លោកបញ្ជាក់ថា ពេលនេះលោកពុំមានបំណងដកពាក្យបណ្ដឹងអ្វីទៀតនោះទេ ព្រោះលុយជាង១៥០០០ដុល្លារដែលលោក អ៊ិន សុភិន សន្យាថាសងនោះ គឺពុំបានសូម្បីតែមួយរយរៀលនៅឡើយ៕

ជិន សុភ័ក្ដ្រ