Mario Maurer ទម្លាយតម្រុយខ្លះៗនៃរឿងថ្មី ព្រមទាំងឆ្លៀតលើកពីរឿងស្នេហាជាមួយសង្សារក្មេង

  • 2021-12-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Mario Maurer បានចូលរួមកម្មវិធី​មួយ​ ព្រម​ទាំងបាន​ផ្ដល់បទសម្ភាសទៅកាន់ក្រុមអ្នក​​សារព័ត៌មាន ពីភាពយន្តភាគ​ថ្មី និងព័ត៌មាន​មួយចំនួន​ទៀត។

តារាសម្ដែងរូបនេះ​បាន​បង្ហើបថា លោកកំពុង​តែមមាញឹក​ក្នុង​ការ​ថត​រឿងភាគ «Bad Romeo» ហើយឲ្យដឹងដែរថា ក្នុងរឿងនេះ លោកមានឈុតត្រូវយំច្រើនប្លង់ណាស់ ហើយក៏ជារឿងទីមួយ ដែល​លោកយំច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រអាជីពសម្ដែងតាំងពីចូលសិល្បៈមក។ ជាពិសេស «Bad Romeo» ក៏ជារឿងដែល​ Mario រួម​ការងារ​សម្ដែង​ដំបូងជាមួយនឹង​ Yaya Urassaya ដែរ។ តាមការបញ្ជាក់ ភាពយន្តនេះ​គ្រោង​នឹង​បញ្ចប់ការសម្ដែងនៅចុងឆ្នាំនេះហើយ។

ចំណែករឿង​ភាគ «Mor Luang» តារា​ប្រុសរូបនេះ នឹង​ចាប់ដៃគូជាមួយនឹង​ Kimmy Kimberley ជាលើកទី ២ ហើយគ្រោងនឹង​ចាប់ដំណើរការថតនៅ​ឆ្នាំ​ក្រោយ។ ជាមួយគ្នានោះ រឿងថ្មីនេះ​ដែរ Mario បង្ហើបថា អ្នកទស្សនានឹងរីករាយ ព្រោះ​សាច់រឿងស្រដៀងរឿង «Thong Aek: The Herbal Master» ដែរ ប៉ុន្តែមិនមែនជាវគ្គ ២ នៃរឿងនេះ​ទេ។

ងាកចូលជីវិតស្នេហា​វិញ គឺ​មាន​តែរឿងរីករាយ​ជាធម្មតាទេ គ្រាន់តែ​មួយរយៈចុងក្រោយ លោក និងមិត្តស្រី Junji Junjira មិនសូវបាន​ជួបគ្នាទេ។ រីឯគម្រោងរៀបការ អ្នកទាំង ២​ក៏មិនទាន់គិតគូរដែរ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី