រោងចក្រទឹកស្អាតខេត្តបាត់ដំបង ដំណើរការដោយបច្ចេកវិទ្យាចម្រោះទឹកថ្មីមួយមិនប៉ះពាល់បរិស្ថាន

  • 2021-12-06 03:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាសម្អាតទឹកថ្មីនិងការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ដើម្បីផ្តល់ទឹកស្អាតដល់គ្រប់គ្នា ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសអូស្រ្ដាលី ត្រូវបានដាក់ដំណើការនៅក្នុងរោងចក្រផលិតទឹកស្អាតខ្នាតតូចនៅក្នុងឃុំព្រែកជីកស្រុករុក្ខគិរី ខេត្តបាត់ដំបង។

បច្ចេកវិទ្យាថ្មីនេះនឹង​​ជួយ​ចែក​ចាយ​​ទឹក​ស្អាតមានសុវត្ថិ​ភាពដល់​ប្រជាពលរដ្ឋប្រមាណ៥ ០០០នាក់​​ក្នុង​ភូមិ​ចំនួន​១២​នៃ​ខេត្ត​នេះ។

ឯកអគ្គរាជទូតអូស្ត្រាលី លោក Kang ចុះពិនិត្យរោងចក្រផលិតទឹកស្អាតខេត្តបាត់ដំបង

ស្ថិតក្រោម កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) របស់អូស្រ្តាលី ដែលមានទឹកប្រាក់វិនិយោគសរុប ៤៩,៤ លានដុល្លារអូស្ត្រាលី ដោយមានការសហការជាមួយ សមាគមទឹកអូស្ត្រាលី (AWA) និងសមាគមផ្គត់ផ្គង់ទឹកកម្ពុជា (CWA) ដើម្បីនាំយកបច្ចេកវិទ្យាចម្រោះទឹកស្អាតនេះមកប្រទេសកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ចុះកាលពីថ្ងៃទី ១ ធ្នូ ២០២១ បានឲ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យា​ចម្រោះទឹកស្អាតនេះប្រើប្រាស់បច្ចេកវិទ្យា យូអេហ្វ (UF) និងអាងស្តុកទឹក ដើម្បី​ចែកចាយទឹកស្អាតនិងសុវត្ថិភាព​ចំណុះ១២០ ០០០ លីត្រក្នុងមួយថ្ងៃដល់ប្រជាពលរដ្ឋប្រមាណ៥ ០០០នាក់ នៅក្នុងភូមិចំនួន ១២ ក្នុងឃុំព្រែកជីក។

ក្រុមហ៊ុន DuPont Australia និងក្រុមហ៊ុន Tiger Water Solutions បាន​ចាប់ដៃគូជាមួយប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ​ដែលមានឈ្មោះថា “WE Venture” ក្នុងការរៀបចំប្រព័ន្ធបណ្ដាញចម្រោះនេះឡើង។ បច្ចេកវិទ្យានេះប្រើប្រាស់សារធាតុគីមី តិច​ជាងវិធីសាស្រ្តចម្រោះទឹកស្អាត ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ហើយវាកាត់បន្ថយការចំណាយលើប្រតិបត្តិការ និងផលប៉ះពាល់បរិស្ថាន ដែលផ្ដល់ជម្រើសថ្មីសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាតដែលកំពុងតែមានការវិវត្តទៅមុខ។

សេចក្ដីប្រកាសព័ត៌មាន​របស់ស្ថានទូតអូស្ត្រាលី បន្តថា តាមរយៈកម្មវិធី 3i អូស្ត្រាលីបានគាំទ្រក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការសិក្សាផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា “PIP” ដែលចង្អុលបង្ហាញការគ្របដណ្ដប់នៃទឹកស្អាតតាមបំពង់នៅលើផែនទី នៅទូទាំង២២ខេត្ត។​

ការសិក្សានេះបានរកឃើញថា ប្រមាណ​ជា៥០ភាគរយ​នៃភូមិសរុប​នៅកម្ពុជា ត្រូវបានតភ្ជាប់ទៅបណ្ដាញទឹកស្អាតតាមបំពង់ ហើយកម្ពុជាត្រូវការយ៉ាងតិចថវិកាប្រមាណជា១៥០លានដុល្លារ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចែកចាយទឹកស្អាតដល់ភូមិផ្សេងទៀតដែលសមស្របសម្រាប់ការផ្គត់ផ្គង់ទឹកតាមបំពង់។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang តាមរយៈសេចក្ដីប្រកាស​ព័ត៌មាន​នេះបាន​បង្ហាញក្ដីរីករាយ ដែលឃើញក្រុមហ៊ុនអូស្ត្រាលីនាំយកបច្ចេកវិទ្យាផលិតទឹកស្អាតប្រកប​ដោយសុវត្ថិភាពនិង​ល្អសម្រាប់បរិស្ថានមកកាន់ប្រទេសកម្ពុជា។

លោកសង្ឃឹមថា៖ «ការសិក្សាស្រាវជ្រាវ PIP នេះ ក៏នឹងផ្ដល់នូវផែនទីបង្ហាញផ្លូវ និងឧបករណ៍គោលនយោបាយដ៏មានប្រយោជន៍សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការផ្ដល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០»។

ចំណែកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា លោក​ ចម ប្រសិទ្ធ មានប្រសាន៍នៅក្នុងពិធីដាក់ឱ្យដំណើរការនេះថា «កម្មវិធីថ្ងៃនេះបាន​បង្ហាញអំពីបច្ចេកវិទ្យាកំពុងត្រូវបានយកចិត្តទុកដាក់ប្រើប្រាស់សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា»។

លោក​បន្តថា៖ «កិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយកម្មវិធី 3i ដែលបានគាំទ្រដល់ការសិក្សាផែនការវិនិយោគតាមបណ្ដាខេត្ត [PIP] គឺជាត្រីវិស័យដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត»។

តាមរយៈ គម្រោង 3i អូស្ត្រាលី បាននិងកំពុងតែធ្វើការជាមួយប្រតិបត្តិករទឹកស្អាតឯកជនចំនួន៨០ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីផ្ដល់ទឹកស្អាតតាមបំពង់ដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះនឹងជួយឱ្យប្រជាជនកម្ពុជា​ជាង១លាននាក់ទទួលបានទឹកស្អាតតាម​បំពង់សម្រាប់ប្រើប្រាស់៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី