សូមសំណាងល្អ! ក្រុម See You Soon នឹងតំណាងកម្ពុជាទៅប្រកួតកម្រិតពិភពលោក M3 World Championship

  • 2021-12-07 05:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម See You Soon គឺជាក្រុមជើងឯកកីឡាអេឡិចត្រូនិកក្នុងកម្មវិធីប្រកួត MPL Cambodia រដូវកាលទី ១ នឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M3 World Championship វគ្គបី។

វគ្គបីនោះជាការប្រកួតហ្គេម Mobile Legends: Bang Bang World Championship ធ្វើនៅប្រទេសសិង្ហបុរីដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata ដែលបានវិនិយោគយ៉ាងសន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍន៍អ្នកមានទេពកោសល្យក្នុងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។

យុវជន សំ សុផានី (ឈ្មោះហៅក្រៅ Paragon) គឺជាប្រធានក្រុម See You Soon និយាយថា៖ «ខ្ញុំមានគម្រោងបង្កើតបរិយាកាសឲ្យកាន់តែជិតស្និតដូចជាក្រុមគ្រួសារ ដោយជំរុញឲ្យប្រសើឡើងការខិតខំប្រឹងប្រែង ផ្នត់គំនិត ការតាំងចិត្ត ការតស៊ូ និងភាពក្លាហាន។ ជ័យជំនះពី M3 World Championship នឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ក៏ដូចជាសម្រាប់អ្នកចូលចិត្តហ្គេម Mobile Legends នៅកម្ពុជាផងដែរ។ វាពិតជាអស្ចារ្យណាស់ដែលយើងទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសជាមួយនឹងការគាំទ្រពេញទំហឹងពីក្រុមហ៊ុន Smart Axiata ក្នុងការសម្រេចបាននូវឱកាសនេះសម្រាប់ពួកយើង។»

ចំពោះកាលវិភាគប្រកួតរបស់ See You Soon ក្នុងពានរង្វាន់ M3 World Championship នាថ្ងៃស្អែកនេះគឺ ៖

  • ប្រកួតទី១ EVOS SG v SEE YOU SOON (BO1) | វេលាម៉ោង 14.00PM (GMT+8)

  • ប្រកួតទី១ SEE YOU SOON v NAVI (BO1) | វេលាម៉ោង 17.00PM (GMT+8)

  • ប្រកួតទី១ SEE YOU SOON v BTK (BO1) | វេលាម៉ោង 19.00PM (GMT+8)

សមាជិកក្រុមចូលរួមចំនួន ១៦ ក្រុមមកពី ១២ ប្រទេសក្នុងទ្វីប អាស៊ី អឺរ៉ុប និងអាមេរិកនឹងប្រជែងគ្នាដើម្បីដណ្តើមយកទឹកប្រាក់រង្វាន់ចំនួន ៨០០,០០០ ដុល្លារ។

ការប្រកួតបានចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី ១៩ ខែធ្នូ។ អ្នកគាំទ្រកីឡាអេឡិចត្រូនិកកម្ពុជាអាចមើលការផ្សាយផ្ទាល់នៃការប្រកួតនេះនៅលើហ្វេសប៊ុក Leng by Smart។

រំឮកផងដែរថា អំឡុងពេលយុទ្ធនាការដណ្តើមពានក្នុងឆ្នាំនេះក្នុងការប្រកួត MPL Cambodia រដូវកាលទី១ ក្រុម See You Soon បានបង្ហាញឱ្យឃើញពីភាពស៊ីសង្វាក់គ្នាក្នុងការប្រកួតជែង យកឈ្នះក្រុម DG Quantum 3 ទល់នឹង 2 ក្នុងការប្រកួតវគ្គចុងក្រោយ។

ដោយមានការគាំទ្រពីក្រុមហ៊ុន Smart ក៏ដូចជាភាពជាដៃគូជាមួយក្រុមហ៊ុន Moonton Games គឺជាក្រុមហ៊ុនដែលបង្កើតហ្គេម Mobile Legends: Bang Bang ការប្រកួត MPL Cambodia ត្រូវបានចាប់ផ្ដើមប្រកួតកាលពីខែសីហា ឆ្នាំ២០២១។

ការប្រកួតកីឡាអេឡិចត្រូនិកបានបញ្ចប់ដោយក្រុម See You Soon ទទួលបានជ័យលាភី ហើយជាលទ្ធផលក្រុមនេះក៍បានទៅចូលរួមការប្រកួតពិភពលោក M3 World Championship នៅប្រទេសសិង្ហបុរី។

ការប្រកួត MPL Cambodia រដូវកាលទី ២ នឹងត្រឡប់មកវិញនៅឆ្នាំក្រោយ ហើយនឹងកាន់តែរំភើប ដើម្បីផ្តល់នូវភាពសប្បាយរីករាយ និងការកម្សាន្តនៃកីឡាអេឡិចត្រូនិកកាន់តែច្រើន។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការកើនឡើងនៃកីឡាអេឡិចត្រូនិក និងការចូលរួមរបស់ក្រុមកម្ពុជាក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជួយបង្កើនទំនាក់ទំនង ភាពជាអ្នកដឹកនាំ ការងារជាក្រុម និងជំនាញផ្នែកឌីជីថលរបស់យុវជនកម្ពុជា និងរួមចំណែកយ៉ាងច្រើននៃការអភិវឌ្ឍន៍ក្នុងវិស័យនេះនៅកម្ពុជា។ យើងមានមោទនភាព ដែលបានជួយក្រុមកម្ពុជាឱ្យទទួលបានបទពិសោទធ៍លើឆាកអន្តរជាតិដោយក្នុងនាមជាអ្នកឧបត្ថម្ភក្នុងស្រុកផ្លូវការក្នុងការប្រកួតជើងឯកពិភពលោក M3»។

ការប្រកួត MPL Cambodia រដូវកាលទី១ ទទួលបានការចូលមើលរាប់លានដងលើអិុនធឺណិត នៅពេលចាប់ផ្តើមដំបូងកាលពីខែសីហា ឆ្នាំ 2021។ ចំនួនអ្នកចូលមើលលីក MPL Cambodia ច្រើនបំផុតរហូតដល់ទៅ 62មឺុននាក់ក្នុងពេលមួយនោះ។

ក្នុងនាមជាប្រតិបត្តិករសេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា ក្រុមហ៊ុន Smart បានប្តេជ្ញាក្នុងការផ្តល់សេវាប្រព័ន្ធអិុនធឺណិតកាន់តែលឿន និងទិន្នន័យកាន់តែច្រើន។ ក្រុមហ៊ុនក៏បានឈានមុខគេក្នុងការអភិវឌ្ឍវិស័យហ្គេម និងកីឡាអេឡិចត្រូនិកផងដែរ។ នៅមុនព្រឹតិ្តការណ៍កីឡាអាសុីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្រុមហ៊ុន Smart បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអ្នកចូលចិត្តហ្គេមអេឡិចត្រូនិកនៅកម្ពុជាក្នុងការរៀបចំការប្រកួតនានា ក្នុងតំបន់ លើបណ្តាញដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្ដល់ជូន និងព្រឹត្ដិការណ៍នានានៃកីឡាអេឡិចត្រូនិករបស់ក្រុមហ៊ុន Smart សូមចូលទៅកាន់ហ្វេសប៊ុករបស់ Leng by Smart ឬទៅកាន់www.smart.com.kh

អត្ថបទ៖ រក្សា