ដំណឹងរីករាយ! ផ្លូវល្បឿនលឿន ជិះត្រឹម២ម៉ោងដល់កំពង់សោម សង់រួចជិត៨០ភាគរយហើយ

  • 2021-12-13 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន៧០,៩៣%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ជាមួយគ្នានេះដែរ ឯកឧត្តម យិត បុណ្ណារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឋិតត្រង់ចំណុចទីតាំងផ្លូវបំបែកប្តូរទិសទី២ និងទី៣ ក្នុងគោលបំណងតាមដាន វាយតម្លៃការអនុវត្តការងារសាងសង់ដើម្បីធានាអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ជាពិសេស ត្រួតពិនិត្យចំណុចទីតាំងប្តូរទិសចរាចរណ៍ និងទីកន្លែងដែលសាងសង់ជាប់ជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

ក្រោយពីបានចុះពិនិត្យផ្ទាល់ត្រង់ចំណុចផ្លូវបំបែកប្តូរទិសទី២ និងទី៣រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យក្រុមហ៊ុនសាងសង់ ពិនិត្យមើលទីតាំងផ្លូវបំបែកប្តូរទិសនីមួយៗឱ្យបានហ្មត់ចត់ ជាពិសេសត្រង់កន្លែងប្ដូរទិសដែលមិនមានរបាំងបែងចែកទិសចរាចរណ៍ ដើម្បីស្វែងរកដំណោះស្រាយប្រសិទ្ធភាព និងធានាបានសុវត្ថិភាពដល់អ្នកបើកបរ ដែលធ្វើចរាចរណ៍ចូលមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ និងបានស្នើឱ្យពិនិត្យមើលវិធានបច្ចេកទេសការពារផ្លូវពីការបាក់រអិលជ្រេលដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារតំបន់មួយចំនួននៅជាប់ទីតាំងជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនមួយខ្សែនេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការធ្លាប់បានប្រាប់ថា ការធ្វើដំណើរតាមផ្លូវនេះចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះពីភ្នំពេញទៅព្រះសីហនុ ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន​

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

អត្ថបទថ្មី