គូប្រជែងបញ្ចេញអេក្រង់បត់អស់ហើយ ចុះ Apple ពេលណាបញ្ចេញ iPhone បត់នឹងគេ?
- 2021-12-16 07:33:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូប្រជែងបញ្ចេញអេក្រង់បត់អស់ហើយ ចុះ Apple ពេលណាបញ្ចេញ iPhone បត់នឹងគេ?
ចន្លោះមិនឃើញ
បរិបទបច្ចេកវិទ្យាស្មាតហ្វូនបានឈានទៅដល់ ទូរសព្ទប្រើអេក្រង់ផ្លាស្ទិចអាចបត់បាន ត្បិតពីរបីឆ្នាំចុងក្រោយនេះគេឃើញមាន Samsung Galaxy Fold/Flip, Huawei Mate, Microsoft Surface Duo, Oppo Find N... កំពុងប្រកួតប្រជែងគ្នា ដោយឡែកងាកមក Apple វិញ តើអាចនឹងមានស្មាតហ្វូនបត់អេក្រង់នឹងគេដែរឬអត់? ហើយបើមាន នឹងចេញនៅប៉ុន្មានឆ្នាំទៀត?
ហាក់មិនខុសពីផ្លូវដើររបស់ក្រុមហ៊ុនដទៃ អ្នកជំនាញក្នុងឧស្សាហកម្មផ្គត់ផ្គង់អេក្រង់ លោក Ross Young បានលើកឡើងថា Apple នឹងបញ្ចេញស្មាតហ្វូនអេក្រង់បត់ យ៉ាងឆាប់បំផុតនៅ ឆ្នាំ២០២៣ និងយ៉ាងយូរនៅ ឆ្នាំ២០២៤។
មិនតែប៉ុណ្ណោះ អ្នកព្យាករណ៍បច្ចេកវិទ្យាដ៏ល្បី លោក Ming-Chi Kuo បានឱ្យដឹងថា Apple កំពុងសំងំផលិត iPhone អាចបត់បាន ដោយប្រើអេក្រង់ OLDE ទំហំ ៨អ៊ិញ និងត្រៀមដាក់បង្ហាញនៅ ឆ្នាំ២០២៣ និងភាគរយខ្ពស់នៅ ឆ្នាំ២០២៤។
លើសពីនេះកាលពីដើមឆ្នាំកន្លងទៅ សារព័ត៌មាន Bloomberg ក៏ធ្លាប់បាននិយាយថា Apple បានចាប់ផ្តើមការងារដំបូងលើ iPhone បត់អេក្រង់ ប៉ុន្ដែការអភិវឌ្ឍន៍ មិនទាន់ធ្វើអ្វីលើសពីអេក្រង់នៅឡើយទេ។
យ៉ាងណាជុំវិញបញ្ហានេះ ក៏មានដំណឹងចចាមអារ៉ាមកថា អេក្រង់បត់ដែល Apple នឹងប្រើនោះ គឺជារបស់ដៃគូប្រកួតប្រជែង Samsung ត្បិតក្រុមហ៊ុននេះបានផ្តល់គំរូអេក្រង់សាកល្បងកាលពីឆ្នាំ២០២០ និងមួយទៀតជាអេក្រង់បត់របស់ LG Display ផងដែរ៕