មហាជនប្រតិកម្មយ៉ាងណាចំពោះព័ត៌មាន ប្រកាសមានកូនមុនការ របស់ Idol កំពូលទាំង ៣ប្រចាំ K-Pop?

  • 2021-12-17 02:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០២១នេះចំនួន​នៃ​តារា​ប្រុស​ដែល​ទម្លាយព័ត៌មាន​ថា​ខ្លួនមាន​កូនជាមួយនឹង​គូស្នេហ៍មុនរៀបការ ពិតមានច្រើន។

ដំណឹង​ដែល​ចេញពីមាត់របស់​ពួកគេ​ពិតជា បង្កជាការភ្ញាក់​ផ្អើលពន់ពេកសម្រាប់អ្នកគាំទ្រទាំងឡាយ។ ដូចថ្មី​ៗនេះ​ Chansung (2PM) ទើប​បាន​ប្រកាសតាម​គណនី Instagram ថាគូដណ្ដឹង​របស់លោកកំពុងមាន​ផ្ទៃពោះ ហើយលោកក៏នឹង​ត្រៀមខ្លួន​ដឹកដៃមនុស្សជាទីស្រឡាញ់ចូលរោងការដែរ។ បន្ថែម​ពីលើ​នេះសមាជិកពៅ​របស់ 2PM ក៏នៅ​បន្តទៀតដែរថា លោកនឹង​មិនបន្តកុងត្រាជាមួយនឹងផលិតកម្ម JYP កន្លែង​ដែល​លោក​បាន​ចំណាយពេល​ជាមួយជាង ១៥ឆ្នាំនេះទៀតទេ។

Chansung (2PM)

ជាមួយគ្នា​នេះ​ផងដែរ ​Chansung មិនមែន​ជា​ តារាចម្រៀង K-Pop តែម្នាក់​ទេ​ដែល​ប្រកាសពីដំណឹង​មាន​កូនជាមួយនឹង​គូដណ្ដឹង មុនរៀបការ ព្រោះ​កាល​ពីឆ្នាំមុន Chen (EXO) ក៏​បាន​ឲ្យដឹង​ដែរ​ថា​ គូដណ្ដឹងរបស់​លោក​មាន​ទម្ងន់ ហើយពួកគេនឹងរៀបការ។ ចំណែក Bobby (iKON) វិញ​ ក៏​ជា​តារា​ប្រុស​ដែល​ក្លាហានហ៊ានទម្លាយរឿងនេះ​ដែរ នៅ​ឆ្នាំនេះ។

Bobby (iKON)

មហាជន​កាន់តែ​បន្ថែមការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំងចំពោះ​ព័ត៌មាន​នេះ​ ហើយអ្នកដែល​ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល​មុនគេ នោះគឺ Chen ដោយ​សារ​លោកគឺ​ជា​ Idol ដំបូងដែលហ៊ាន​បំបែក​រឿងទាំង​នេះ។

Chen (EXO)

ពិតណាស់ទាក់ទង​នឹង​បញ្ហា​នេះ អ្នកគាំទ្រមួយចំនួន​ពិតជា​សម្ដែង​ការអន់ចិត្ត ហើយ Chen ក៏រងការរិះគន់យ៉ាងចាស់ដៃដែរ។ ប៉ុន្តែចំនួនអ្នកស្រឡាញ់ ច្បាស់ជាមាន​ច្រើនជាងអ្នកស្អប់ ព្រោះ​ពួកគេ​យល់ច្បាស់ពីទំហំក្ដីស្នេហ៍ ព្រម​ទាំង​គោរពនូវជីវិតឯកជន​របស់តារា។

ទើប​តែ​ថ្មីៗនេះ ការ​ខឹង ការអន់ចិត្តរបស់​អ្នកគាំទ្រកាន់តែសាបរលាប និង​មាន​ចំនួន​តិចទៅ ដោយសារ​ពួកគេ​កាន់តែ​យល់ច្បាស់ពីរឿងនេះ។ ក្នុងនោះ​ភាគ​ច្រើន​បាន​លើកឡើងថា ៖

-«ខ្ញុំ​គិតថា វាជារឿង​ល្អទៅវិញទេ ហើយតារា​ប្រុសទាំងនេះពិតជាបុរសដែល​មាន​ទំនួលខុសត្រូវ​ខ្ពស់ ស្របពេលខ្លួនកំពុងពេញ​ស្រឡាញ់ដោយ Fan ហើយពួកគេ​បែរជាហ៊ានទម្លាយរឿងនេះ ព្រមទាំងអះអាងថា​គូស្នេហ៍មាន​ទម្ងន់ទៀត»

-«ពួកគេ​បានចំណាយពេល​បម្រើអារម្មណ៍ Fan និង​ក្រាញននៀលប្រឹងប្រែងលើសិល្បៈយូរឆ្នាំហើយ ហើយខ្ញុំគិតថាក៏គួរដល់ពេល​ដែលពួកគេគិតគូររឿងជីវិតគូដែរ»។

-«ខ្ញុំមិនគិតថាពួកគេ​ធ្វើរឿងខុសទេ ព្រោះ​ដល់ពេល​ត្រូវជួបគូ ត្រូវមានកូន ត្រូវរៀបការគឺជារឿងធម្មតា»។

ស្របពេល​អ្នកខ្លះទៀតលើកឡើងថា៖

-«ហ្នឹងហើយ ខ្ញុំសង្ឃឹមថាពួកគេបញ្ចប់អាជីពជាតារាពីពេល​នេះ ហើយចាប់អាជីពថ្មីទៅ»

-«ខ្ញុំមិនគិតថា នាមជាឪពុកគួរតែធ្វើជាតារាទេ ហាហា»

-«ខ្ញុំមិនចង់បាន​ន័យថា មាន​កូន ហើយរៀបការក្រោយ វាមិនល្អទេ ប៉ុន្តែខ្ញុំគ្រាន់តែគិតថា ពួកគេ​មិនគួរធ្វើជា Idol ទេ ជាពិសេស​ដូចជាធ្វើមិនសមដាក់ Fan សោះ»៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី