បិទការប្រកួតវិលជុំយុវជន AIA-ISF YOUTH LEAGUE ប្រចាំឆ្នាំ២០២១
- 2021-12-20 04:27:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិទការប្រកួតវិលជុំយុវជន AIA-ISF YOUTH LEAGUE ប្រចាំឆ្នាំ២០២១
ចន្លោះមិនឃើញ
កម្មវិធីប្រកួតបាល់ទាត់វិលជុំ AIA-ISF Youth League ប្រចាំឆ្នាំ២០២១ បានបញ្ចប់ទៅកាលពីម្សិលមិញនេះ ដែលកម្មវិធីនេះបានរៀបចំឡើងនៅខេត្តបាត់ដំបងទីរួមស្រុកភ្នំព្រឹក ក្នុងបរិវេណទីលានបាល់ទាត់វិសាលក្លឹប (Visal Club)។
ព្រឹតិ្តការណ៍នេះមានការចូលរួមចំនួន ៤០ក្រុមដែលចែកជា៤ប្រភេទអាយុ រួមមានកុមារាអាយុក្រោម ១០ឆ្នាំ និងក្រោម ១៤ឆ្នាំ កុមារី អាយុក្រោម១៤ឆ្នាំ និងក្រោម ១៨ឆ្នាំ ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រមានក្រុម១៦ក្រុម ដែលត្រូវប្រកួតប្រជែង។ ការប្រកួតត្រូវបានចែកជាពីរវគ្គដោយក្រុមចំនួន ៨នឹងប្រកួតប្រជែងយកចំណាត់ថ្នាក់លេខមួយ និងលេខពីរ ខណៈដែលក្រុមចំនួន៨ទៀតប្រកួត យកចំណាត់ថ្នាក់លេខបី ។
កម្មវិធីបិទការប្រកួតនេះមានការចូលរួមពីលោក សុង សុភក្រ្តិ អភិបាល គណអភិបាលស្រុកភ្នំព្រឹក លោក ប៉ុក ពុំ ប្រធានការិយាអបរំ យុវជននិងកីឡាស្រុកភ្នំព្រឹក ព្រមទាំងតំណាងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងលោក យិន សាមឌី ជាប្រធាន គ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកម្ពុជា ចូលរួមបិទការប្រកួតនេះផងដែរ។
បាល់ទាត់ប្រចាំឆ្នាំមួយនេះ បានផ្ដល់វគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក ដែលផ្ដោតសំខាន់ទៅលើកម្មវិធីសិក្សា បាល់ទាត់ សម្រាប់ការផ្លាស់ប្ដូរសង្គមដោយឆ្លុះបញ្ចាំងពីបញ្ហាក្នុងសហគមន៍មួយចំនួនដូចជា ការប្រើប្រាស់ គ្រឿងញៀន ការថែទាំសុខភាព ពិការភាព និងការចូលរួមជាដើម ។
លោក យិន សាមឌីបានលើកឡើងក្នុងវិធីខាងលើនេះថា “កីឡារួបរួមមនុស្សឲ្យចេះ សាមគ្គីគ្នា។ ពួកយើងជឿជាក់ថាបាល់ទាត់គឺជាមធ្យោបាយមួយដ៏សំខាន់ក្នុងការជំរុញឲ្យសមភាព ការចូលរួម និងការផ្លាស់ប្ដូរអាកប្បកិរិយាទាំងនៅក្នុង និងក្រៅទីលាន ។ ដោយសារតែបែបនេះហើយ ទើបយើងសហការជាមួយក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដើម្បីផ្តល់ឱកាសដល់កុមារក្រីក្រទាំងនោះក្នុងការកសាងអនាគតដ៏ត្រចះត្រចង់មួយ ” ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំយុវជន AIA-ISF Youth League បានជួយលើកកម្ពស់ការចូលរួមរបស់កុមារងាយរងគ្រោះ និងបាត់បង់ឱកាសជាច្រើន ដែលកំពុងរស់នៅតំបន់ដាច់ស្រយាល ។ ឱកាសលេងកីឡាសម្រាប់យុវជនគឺកម្រមែនទែន ដែលវាជាហេតុធ្វើឲ្យពួកគេត្រូវធ្វើដំណើរជាង២ម៉ោងពីខេត្តប៉ៃលិន និងស្រុកសំពៅលូន ដើម្បីមកចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយនេះ ។ ចំពោះយុវជនភាគច្រើន ការប្រកួតបាល់ទាត់វិលជុំយុវជន AIA-ISF Youth League គឺជាព្រឹត្តិការណ៍កីឡា បែបប្រកួតប្រជែងដ៏ធំមួយ ដែលពួកគេមិនធ្លាប់ ទទួលបានឱកាសចូលរួមពីមុនមកនោះទេ ។
ឆ្នាំ២០២១ជាឆ្នាំដំបូងបង្អស់ ដែលអង្គការផ្កាយ សមុទ្រកម្ពុជា និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា រួមគ្នារៀបចំការប្រកួតបាល់ទាត់វិលជុំយុវជនក្រៅ ទីក្រុងភ្នំពេញ ។ នៅឆ្នាំក្រោយនេះ អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក៏មានគម្រោងពង្រីកវិសាលភាពនៃកម្មវិធីប្រកួតបាល់ទាត់វិលជុំទៅកាន់ខេត្តមួយចំនួនក្នុងប្រទេស កម្ពុជា និងធ្វើការជាមួយកុមារកាន់តែច្រើនថែមទៀត ដោយការប្រកួតវិលជុំនៅឆ្នាំ២០២២ខាងមុខ នឹងធ្វើឡើង នៅទីក្រុងភ្នំពេញ ខេត្តកំពត និងសៀមរាបផងដែរ៕