ផលិតករភាពយន្ដ ហ៊ុយ យ៉ាឡេង បង្ហើបមូលហេតុលោកបន្ធូរដៃពីការងារសិល្បៈ ចាប់យកជំនួញថ្មីៗ
- 2021-12-21 07:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករភាពយន្ដ ហ៊ុយ យ៉ាឡេង បង្ហើបមូលហេតុលោកបន្ធូរដៃពីការងារសិល្បៈ ចាប់យកជំនួញថ្មីៗ
ចន្លោះមិនឃើញ
ផលិតករភាពយន្ដ និងជាម្ចាស់ខ្សែភាពយន្ដរឿង"ដើម្បីកូន" គឺលោក ហ៊ុយ យ៉ាឡេង បានធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់កាន់តែខ្លាំងជុំវិញដំណើរការមុខជំនួញថ្មីៗ និងការងារផលិតភាពយន្ដរបស់លោកថ្មីៗនេះ។
ចម្ងល់នេះកើតឡើងក្រោយពីលោកបង្ហាញខ្លួននៅគម្រោងរកស៊ីធំៗចំនួន២ នាចុងឆ្នាំ២០២១ នេះ។ នោះ គឺគម្រោងលក់ដីឡូត៍ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីពហុកីឡដ្ឋានមរតកតេជោ ហើយជំនួញមួយទៀត គឺលោកបានក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនផលិតអង្ករមួយ ហើយលោកបង្ហើបថាជំនួញទាំងពីរនេះសុទ្ធតែមានភាគហ៊ុនរបស់លោកដែរ។
លោក ហ៊ុយ យ៉ាឡេង៖”បទពិសោធន៍កូវីដ-១៩ ពីរឆ្នាំ ធ្វើឲ្យយើងដឹង ព្រោះចំណូលសំខាន់ទី១របស់យើង គឺសិល្បៈ តែដល់រោងកុនគាំងទៅ ខ្ញុំងាកមកធ្វើអានេះវិញ(ជំនួញ) ក្រែងលោកថ្ងៃក្រោយយើងជោគជ័យខាងនេះទៅ យើងយកទៅទប់ខាងភាពយន្ដវិញ"។
មិនបានប៉ុន្មានសប្ដាហ៍ ក្រោយពីលោកបង្ហើបថា រូបលោកមានភាគហ៊ុនខ្លះនៅក្នុងក្រុមហ៊ុនលក់ដីឡូត៍មួយនៅភ្នំពេញ ស្រាប់តែថ្ងៃម្សិលមិញនេះ រូបលោកបានបោះមួយជំហានទៀត ទៅចាប់ដៃគូររកស៊ីជាមួយរោងម៉ាស៊ីនកិនស្រូវ តាំង អៀងហួត ក្នុងការផលិតអង្ករផ្កាម្លិះក្រហម ដែលមានយីហោ “អ្នកម្តាយ”។
លោកបញ្ជាក់ថា ដោយមើលឃើញគោលដៅបម្រើដល់សុខភាពប្រជាជនក្នុងប្រទេស តាមរយៈការផ្ដល់ជូននូវអង្ករម្លិះក្រហម រូបលោកបានបោះទុនជំហ៊ានដំបូងចំនួន៥០០០ដុល្លារ ដើម្បីដំណើរការវា។ លោកសង្ឃឹមថា ការវិនិយោគរបស់លោកទាំងពីរនឹងទទួលបានជោគជ័យ ហើយទន្ទឹមគ្នានេះលោកក៏មិនភ្លេចការងារសិល្បៈដែរ៕