នាយឃ្លោក ក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោយគេឃើញជោគជ័យលើជំនួញដ៏ពិសិដ្ឋមួយ

  • 2021-12-22 06:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាកំប្លែងនាយឃ្លោក ដែលមានឈ្មោះពិតថា ទុំ សារុត ត្រូវបានសភាពាណិជ្ជកម្មកម្ពុជា ប្រកាសបញ្ចូលជាសមាជិកថ្មី ខណៈដែលគេមើលឃើញថាអាជីវកម្មនាំចូល និងចែកចាយផលិតផលថែទាំសុខភាពបុរស-ស្ដ្រីរបស់លោកកាន់តែជោគជ័យ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ នេះ បានចេញសេចក្ដៅប្រកាសមួយថា សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិកថ្មី គឺឧកញ៉ា ទុំ សារុត (នាយ ឃ្លោក) អគ្គនាយកក្រុមហ៊ុន អ៊ីវ៉ូខេម ហ្រ្វីដឹម អ៊ិនធើណេសិនណល (ខេមបូឌា)។

ទន្ទឹមគ្នានេះនាយឃ្លោក បានបង្ហាញចំណាប់អារម្មណ៍តាមរយៈSabay នៅថ្ងៃនេះថា រូបលោកពិតជាមានការសប្បាយចិត្ដ ហើយគិតថានឹងមានឱកាសច្រើនទៀតសម្រាប់ជួបជាមួយអ្នកជំនួញផ្សេងៗដែលមានការគាំពារពីសភាពាណិជ្ជកម្មកម្ពុជា។

នាយឃ្លោក៖”ពេលយើងនៅសិល្បៈ បានចំណូលត្រឹមតែជួយខ្លួនឯង ហើយធ្វើឲ្យសង្គមបានស្គាល់ បានដឹងបានឮ ប៉ុន្ដែអ្វីដែលយើងមកធ្វើពាណិជ្ជកម្មបានជួយដល់ការងារសង្គម ការងារមនុស្សធម៌ និងអ្វីៗសម្រាប់ខ្លួនឯងប្រសើរជាងមុនទៀត”។

នាយឃ្លោក សម្រាកពីការងារសិល្បៈតាមរយៈអាជីពកំប្លែងរបស់ខ្លួនប្រមាណ២០ឆ្នាំហើយ។ ក្រោយមកលោកត្រូវបានព្រះមហាក្សត្រ ប្រទានងារជាឧកញ៉ា ហើយនៅថ្ងៃនេះទៀតរូបលោក ត្រូវបានសភាពាណិជ្ជកម្មកម្ពុជា ប្រកាសបញ្ចូលជាសមាជិកថ្មីទៀតដែលធ្វើឲ្យមហាជនស្ងើចសរសើរ និងចាត់ទុកលោកថាជាបុគ្គលជោគជ័យមួយរូប។

ប៉ុន្ដែសម្រាប់លោកផ្ទាល់ បាននិយាយបន្ទៀបខ្លួនឯងថា រូបលោកមិនមែនជាបុគ្គលជោគជ័យអ្វីនោះទេ តែបច្ចុប្បន្នលោកមានលទ្ធភាពច្រើនក្នុងការជួយសង្គម និងមានជីវភាពសមរម្យជាងកាលលោកនៅសិល្បៈ៕

ជិន សុភ័ក្ដ្រ