សង្ខេបពីព្រឹត្តិការណ៍សំខាន់ៗកើតមានក្នុងសង្គមកម្ពុជាក្នុងឆ្នាំ២០២១

  • 2021-12-23 05:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នាំ២០២១ ហៀបនឹងបិទបញ្ចប់ទំព័ររបស់ខ្លួនហើយ នាពេលឆាប់ៗខាងមុខនេះ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២១ ជាឆ្នាំមួយដែលមានព្រឹត្តិការណ៍សង្គមសំខាន់ៗជាច្រើនបានកើតឡើង។ ព្រឹត្តិការណ៍ខ្លះបានកើតឡើង ផ្ទុះកក្រើក ហើយក៏ត្រូវបានដោះស្រាយបញ្ចប់ទៅវិញ រីឯព្រឹត្តិការណ៍មួយចំនួនទៀតនៅបន្តអូសបន្លាយ និងអាចរំកិលខ្លួនឆ្លងចូលឆ្នាំថ្មី២០២២។

ព្រឹត្តិការណ៍ធំសម្រាប់កម្ពុជានៅក្នុងឆ្នាំ២០២១គឺការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ថ្ងៃ២០កុម្ភៈ ដែលអ្នកខ្លះហៅថា ជាមេរោគចិន ខ្លះថាជាសង្គ្រាមលោកលើកទី៣ ហើយអ្នកខ្លះទៀតហៅថា ឆ្នាំ២០២១ ជាឆ្នាំងងឹតអាប់អួរដោយសារតែមេរោគមួយនេះបានឆ្លងវាយលុកខ្លាំងមកលើពលរដ្ឋកម្ពុជាដោយក្នុងមួយថ្ងៃឡើងដល់ជាង២ពាន់នាក់ និងស្លាប់ជាច្រើននាក់ផងដែរ ។ ទន្ទឹមនេះ វិស័យជាច្រើននៅកម្ពុជាបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្វើឲ្យកម្ពុជាមានការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចគួរឲ្យព្រួយបារម្ភមួយ។ ដោយឡែកម្ពុជាក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់ ក្រោយទទួលបានវ៉ាក់សាំងពេញលេញ បានយកឈ្នះទាំងទាំងស្រុងលើមេរោគកូវីដ១៩នៅកម្ពុជា ហើយសម្ដេចតេជោ ក៏បានប្រកាសបិទបញ្ចប់ព្រឹត្តិ២០កុម្ភៈនេះ ផងដែរ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

ព្រឹត្តិការណ៍ផ្សេងៗទៀតក្រៅពីករណីកូវីដ១៩ គឺនៅដើមឆ្នាំ២០២០ មានការរៀបចំពិធីដង្ហែ ដើម្បីប្រគល់-ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជា យកទៅតម្កល់ទុកនៅវិមានឈ្នះ-ឈ្នះ ចំពោះដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យលើវិស័យប្រេងនៅកម្ពុជា។ កែវដំណក់ប្រេង ដែលយកមកដំកល់ នៅក្នុងវិមានឈ្នះ-ឈ្នះ ពេលនេះ គឺត្រូបានរៀបចំតាមរចនាបទរបស់ខ្មែរយ៉ាងវិសេស វិសាល និងមានអត្ថន័យយ៉ាងជ្រាលជ្រៅក្រៃលែង។

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញ ។

ប្រជាជនខ្មែរកំពុងផ្ទុះប្រតិកម្មជាខ្លាំងបន្ទាប់ពីធ្លាយរូបភាពមួយចំនួនបង្ហាញពីសកម្មភាពថៃ កំពុងសង់ប្រាសាទមួយ ស្រដៀងទៅនឹងកំពូលស្ថាបត្យកម្មរបស់ខ្មែរ គឺប្រាសាទអង្គរដ៏ល្បីល្បាញពាសពេញសកលលោក ។ ប្រជាជនកម្ពុជាទាមទារឱ្យប្រទេសថៃធ្វើការបកស្រាយជុំវិញការលួចចម្លងនេះ ។ យ៉ាងណាមិញតាមរយៈការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃប្រទេសកម្ពុជា ក៏បានប្រកាសជំហរយ៉ាងមុតមាំផងដែរថា កម្ពុជាមិនបាននៅស្ងៀមនោះឡើយ ហើយកំពុងពិនិត្យ និងស៊ើបអង្កេតរឿងថៃសង់ប្រាសាទស្រដៀងនឹងរចនាបថប្រាសាទអង្គរនៅលើទឹកដីខ្លួន ក្នុងខេត្តបុរីរ៉ាំ ជាប់ជាមួយខេត្តឧត្តរមានជ័យ របស់កម្ពុជា។

ករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា លើមន្ត្រីប៉ូលិសម្នាក់ បានយកអៃកូមវាយក្បាលនារីម្នាក់ចេញឈាម ខណៈប្អូនប្រុសដែលជាអ្នកឌុបព្យាយាមជិះគេច ព្រោះតែពួកគេមិនមានមួកសុវត្ថិភាព។ ទីបំផុតនាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឱ្យឃាត់ខ្លួនមន្ត្រីនគរបាលដៃដល់ ក្រោយវាយសំពងនារីម្នាក់បែកក្បាល នឹងបន្តអនុវត្តន៍ទៅតាមច្បាប់ផងដែរ។

ក្នុងខែកញ្ញា ឆ្នាំ២០២១នេះ មានករណីផ្អើលតាមគ្នា រឿងដើមដំបងយក្សបាតដៃ ដែលជាដើមរុក្ខជាតិមួយប្រភេទ បានផ្ទុះផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយខ្លះចែករំលែកជារូបភាពផង វីដេអូផង ហើយបងប្អូនខ្មែរយើងមួយចំនួន បាននាំគ្នាទិញដើមដំបងយក្សបាតដៃ យកមកបរិភោគ។

ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃចន្ទថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងធំៗចំនួន៣បានចូលរួម បំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំងជាបន្ទាន់ ក្នុងគោលបំណងចូលរួមបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ជុំវិញបឹងទន្លេសាប។ បច្ចុប្បន្ន តំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាបដ៏សំខាន់ កំពុងរងគ្រោះថ្នាក់បំផុត ដោយមានក្រុមជនខិលខូចបានលួចកាប់ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹក ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ដោយពុំបានគិតអំពីផលប៉ះពាល់នៃការ បាត់បង់តំបន់ធនធានធម្មជាតិមួយនេះសោះឡើយ។

ដំណឹងដ៏សោកសង្រេង ប្រកបដោយក្ដីអាល័យស្ទើររកទីបំផុតគ្មាន សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានយាងចូលទីវង្គត នៅថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង ត្រូ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ដោយឡែកព្រះសពក៏បានបញ្ចូនមកកាន់មាតុប្រទេស ត្រូវបានតំកល់នឹងធ្វើបុណ្យតាមប្រពៃណី ។ ការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា ។

ករណីប្លន់ភូមិគ្រឹះឧកញ្ញ៉ា អ៊ាន សៀវម៉ី អ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូប បានធ្វើឲ្យទស្សនិកជនបើកភ្នែកធំៗ ក្រោយភ្លាមៗមានរបាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិដ៏មហាសាលដល់ទៅជិត ១០លានដុល្លារអាមេរិក។ ករណីនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានវែកមុខមេក្លោងបាន និងចាត់ការតាមនិតិនិធីច្បាប់ផងដែរ៕

អត្ថបទដោយ៖ ស៊ូ អីន