រំជួល​ចិត្ត!​ ដឹង​រឿង​ពិការ​ដៃ​របស់​កីឡាករ​អុក​ចត្រង្គ​ ជា​ ស៊ីដេត​ គ្រោះ​ថ្នាក់​សន្លប់​២០​ថ្ងៃ​

  • 2021-12-27 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ ស៊ីដេត​ កីឡាករ​មាន​ថ្មី​ដៃ​លើ​ប្រភេទ​កីឡា​អុក​ចត្រង្គ​រំលឹក​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​ ត្រូវ​សន្លប់​រហូត​២០​ថ្ងៃ​ និង​បាត់បង់​ដៃ​ឆ្វេង​ប៉ុន្តែ​មិន​បោះបង់​កីឡា​នៅ​តែ​តស៊ូ​លេង​ជាប់​លេខ២​ជើងឯក​ថ្នាក់​ជាតិ។​

កីឡាករ​ ជា​ ស៊ីដេត​ កំពុងប្រកួត

កីឡាករ​ ជា​ ស៊ីដេត​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​រឿង​ពិការ​ដៃ​ឆ្វេង​នេះ​គឺ​កើតឡើង​ប្រហែល​២ឆ្នាំ​មុន​នេះ​ទេ​ នៅ​ពេល​ដែល​លោក​បើក​ឡាន​ជូន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅប្រទេស​ថៃ។​ រំលឹក​ដល់​រឿង​អតីតកាល​ជើង​ខ្លាំង​លេង​អុក​ចត្រង្គ​រូប​នេះ​ជួប​គ្រោះថ្នាក់​កាល​នោះ​សន្លប់​រហូត​ដល់​ទៅ​ ២០​ថ្ងៃ​ទើប​ដឹង​ខ្លួន​ និង​ត្រូវ​សម្រាក​ក្នុង​ពេទ្យ​ប្រហែល​១ខែ​ផង​ដែរ។​

កីឡាករ​ ជា​ ស៊ីដេត​ កំពុងប្រកួត

បើ​ទោះ​ជា​ពិការ​ដៃ​ម្ខាង​មិន​ដូច​មុន​ក្ដី​បុរស​វ័យ​ ៣៨​ឆ្នាំ​រូប​នេះ​ មិន​បាន​បាក់ទឹកចិត្ត​ ឬ​បោះបង់​ក្ដី​សង្ឃឹម​នោះ​ឡើយ​ ពោល​នៅ​ខំប្រឹង​បន្ត​មុខរបរ​ជា​អ្នក​បកប្រែ​ថៃ​ និង​ទំនាក់ទំនង​ការងារពលករ​ដូច​មុន។​ ពិសេស​ទៀត​នោះ​គឺ​មិន​មាន​ប៉ះពាល់​ដល់​ខួរក្បាល​ជា​ហេតុ​មិន​អាច​បន្ត​ការ​លេង​អុកចត្រង្គ​របស់​លោក​ទេ។​ អ្នក​ខេត្ត​បាត់ដំបង​ខាង​លើ​នៅ​តែ​លះបង់​ និង​បន្ត​ក្ដី​ស្រមៃ​ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា​អុកចត្រង្គ​របស់​លោក​រហូត​ជាប់​លេខ២​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១។​

ទិដ្ឋភាពប្រគល់ពានរង្វាន់

រំលឹក​ដែរ​ថា​ កីឡាករ​ ជា​ ស៊ីដេត​ ជា​អតីត​ម្ចាស់​ពាន​លេខ១​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​កន្លង​ទៅ។​ លោក​ចាប់​លេង​អុក​ប្រហែល​២០​ឆ្នាំ​មក​ហើយ។​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ នេះ​ ស៊ីដេត​ បាន​ជាប់​លេខ២​ កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​ បន្ទាប់​ពី​លេង​ស្មើ​គ្នា​២ក្កា​ និង​ចាញ់​ម៉ោង​លើ​កីឡាករ​ ម៉េង​ សេរីសម្បត្តិ៕​

អត្ថបទ៖ នួន ស៊ីណា​