បញ្ចាំនាឡិកាពេជ្របង្គ្រប់លុយឲ្យគេខ្ចីជិត១០ម៉ឺនដុល្លារ ចុងក្រោយ សាសា យំហើមភ្នែកខឹងនឹងខ្លួនឯងល្ងង់!

  • 2021-12-29 02:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀងផលិតកម្មថោនអ្នកនាង សាសា ស្រែកយំខឹងនឹងខ្លួនឯងដែលទុកចិត្ដមិត្ដភក្ដិពេក រហូតដល់គេបោកលុយអស់ជិត១០ម៉ឺនដុល្លារ។ បើតាមការបញ្ជាក់របស់តារារូបនេះ លុយដែលគេបោកយកទៅនោះ មិនមែនជាលុយលេងតុងទីនទេ គឺជាលុយសុទ្ធដែលក្នុងនោះមានខ្លះជាលុយបានមកពីការបញ្ចាំនាឡិកាពេជ្រផ្ទាល់ខ្លួននាងទៀតផង។

សាសា បានបង្ហោះសារមួយតាមបណ្ដាញសង្គមFacebook ដោយមានភ្ជាប់រូបថតជាច្រើនសន្លឹកបង្ហាញរូបនាងយំឡើងក្រហមភ្នែក នៅថ្ងៃទី២៩ ខែធ្នូ នេះថា មេតុងទីនឈ្មោះហេង ដែលត្រូវជាមិត្ដស្និទ្ធស្នាលរបស់នាង បានរត់គេចបាត់ស្រមោលឈឹង ខណៈដែលកូនតុងទីនជាច្រើន ព្រមទាំងនាងដែលជាម្ចាស់បំណុលបានឲ្យលុយសុទ្ធខ្ចីជាបន្ដបន្ទាប់សរុបជិត១០ម៉ឺនដុល្លារ ទន្ទឹងឲ្យបុរសនោះចូលខ្លួនដោះស្រាយ។

ខុសពីម្ចាស់បំណុលដទៃដែលជួបរឿងឆបោក ឬកូនបំណុលជំពាក់ហើយព្យាយាមគេចវេះមិនព្រមសង តែងតែព្រមានប្ដឹងកូនបំណុលចាប់ដាក់គុក ឬប្រើហិង្សារជាដើម ប៉ុន្ដែសម្រាប់សាសា សុខចិត្ដសម្រក់ទឹកភ្នែក ហើយទទូចឲ្យកូនបំណុលចូលខ្លួនមកដោះស្រាយដោយសន្ដិវិធីជាមួយនាងជាបន្ទាន់ ដោយបង្ហើបថា នាងត្រូវមានបន្ទុកចិញ្ចឹមកូន និងប្អូនៗដ៏លំបាក ហើយរំពឹងលើលុយនេះដែរ។

សាសា៖ “សង្ឃឹមអ្វីដែលអ្នកនិយាយជាមួយខ្ញុំ ថានឹងដោះស្រាយគ្រប់បញ្ហាមិនថាមានរឿងអីកេីតឡេីងទេអ្នកក៏ដឹងដែរ ពេលដែលអ្នកត្រូវកាលុយ ខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំឲ្យទៀត គួរតែនឹកដល់ពេលនឹងផងហេង ខ្ញុំដេកមិនលក់ទេតាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹង”។

អតីតារាចម្រៀងល្បីឈ្មោះប្រចាំនៅផលិតកម្មថោនរូបនេះ ក៏បានអំពាវនាវដល់មហាជន ជាពិសេសអ្នកដែលស្គាល់បុរសឈ្មោះហេង កាលបើបានឃើញនៅទីណាហើយ សូមជួយផ្ដល់ដំណឹងឲ្យនាងផង។ ទោះជាយ៉ាងណា Sabay មិនទាន់អាចរកប្រភពទាក់ទងបុរសឈ្មោះហេង ដើម្បីបកស្រាយចំពោះការលើកឡើងរបស់អ្នកនាង សាសា នៅពេលនេះបាននៅឡើយទេ គិតមកដល់ម៉ោង៩ ព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ៕

ជិន សុភ័ក្ដ្រ