រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ភ្នំ៥៣ តំបន់ធម្មជាតិភ្នំព្រឹក ភ្ញៀវទេសចរមិនគួរមើលរំលង
- 2022-01-04 08:23:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ភ្នំ៥៣ តំបន់ធម្មជាតិភ្នំព្រឹក ភ្ញៀវទេសចរមិនគួរមើលរំលង
ចន្លោះមិនឃើញ
រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ ភ្នំ៥៣ ឬហៅថា ជ្រោះ ភ្នំ៥៣ មានទីតាំងស្ថិតនៅ ភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពោលគឺស្ថិតនៅក្នុងតំបន់ព្រំដែនរវាងប្រទេសកម្ពុជានិងព្រះរាជាណាចក្រថៃឡង់។
ប្រសិនបើយើងនិយាយអំពីសក្តានុពលទេសចរណ៍សំខាន់ៗនៅក្នុងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ ភ្នំ៥៣ រួមមាន ដូចជាការបោះតង់នៅក្នុងតំបន់ធម្មជាតិព្រៃព្រឹក្សានាទេសភាពព្រៃភ្នំ ស្តាប់ខ្យល់វាយោរ សម្លេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី លេងទឹកឬហែលទឹក ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំព្រឹក ផឹកកាហ្វេលើភ្នំ បោះជំរុំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ រៀបចំអាហារដោយខ្លួនឯងយកមកពិសា ឬគយគន់ថ្ងៃរះ រហូតដល់ព្រះអាទិត្យអស្តង្គតបានជាមួយ ធម្មជាតិដ៏ធំសម្បូរបែប ជាទីប្រតិព័ទ្ធរបស់ភ្ញៀសទេសចរនៅជ្រោះ ភ្នំ៥៣នេះ។
ដើម្បីអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះបាន ពីក្រុងបាត់ដំបងចេញតាមផ្លូវបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមាន ចម្ងាយប្រហែល ១៣២គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥គ.ម តាមផ្លូវក្រវាត់ ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាង ឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង២គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ ។
អ្នកស្រីវ៉ាន់ សុគន្ធា ម្ចាស់រមណីយដ្ឋានទេសចរណ៍ភ្នំ៥៣បានឱ្យដឹងថា ទីនេះមានភ្ញៀវទេសចរមកលេងកើនឡើងជារៀងរាល់ ថ្ងៃមិនដែលដាច់។ចំណុចពិសេសនៅទីនេះដែលកំពង់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្ត គឺ មានទឹកធ្លាក់ ខ្យល់អាកាសបរិសុទ្ធ និង អាចមើលទេសភាពធម្មជាតិពីលើកំពូលភ្នំ ផងដែរ ។ភ្ញៀវទេសចរមួយក្រុមដែលតែងតែមកលេងកម្សាន្តនៅទីនេះបានសម្តែងការចាប់អារម្មណ៍របស់ខ្លួនថា ទីនេះពិតជាជក់ចិត្ត មិនចាញ់ទៅលេងនៅប្រទេសជិតខាងនោះទេ វាមានខ្យល់អាកាសបរិសុទ្ធនិងមានទេសភាពធម្មជាតិគួរឱ្យទាក់ទាញ។
គួរបញ្ជាក់ផងដែរថា ក្រៅពីទឹកធ្លាក់ ទេសភាពធម្មជាតិ និង ខ្យល់អាកាសបរិសុទ្ធ រមណីយដ្ឋានភ្នំ៥៣ មានរូងមួយ ជាកន្លែងទីសក្ការៈបូជាដែល បន្សល់ទុកជាយូរណាស់មកហើយ រូងនេះទៀតសោតក៏ ធ្លាប់ជាកន្លែងដែលដូនជី ឬ អ្នកកាន់សីល នានាមកពីទីជិតឆ្ងាយ មកតាំងសមាធិឬសូត្រធម៌ ។ ដោយអ្នកស្រុកទីនេះដំណាលថា ពួកគាត់បានតោងថ្មចុះជម្រៅប្រមាណ ១៥ម៉ែត្រ ដល់ល្អាងមួយដែលមានទីធ្លាប្រមាណ២០ម៉ែត្រនិងមានសីតុណ្ហភាពត្រជាក់ស្រេង ។
ប្រភព៖ក្រសួងទេសចរណ៍
រូបភាព៖Guidetrip