OLED EX ថ្មីពី LG អាចបញ្ចេញពន្លឺបានល្អជាងមុន ៣០ភាគរយ ជាគូប្រជែងថ្មីរបស់ Mini LED

  • 2022-01-04 08:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាក្រុមហ៊ុន LG ត្រូវបានខាងបង់លើវិស័យទូរសព្ទវៃឆ្លាតយ៉ាងខ្លាំងក៏ដោយក្តី ប៉ុន្តែទីផ្សារផលិត និងផ្គត់ផ្គង់អេក្រង់ នៅតែអាចនិយាយបានថា ជាក្រុមហ៊ុនឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនទាំងអស់។ ថ្មីៗនេះ LG បានដាក់បង្ហាញបន្ទះអេក្រង់ជំនាន់ចុងក្រោយរបស់ខ្លួន មានឈ្មោះថា OLED EX។

ជាមួយនឹងបន្ទះបង្ហាញថ្មី វាអាចបញ្ចេញពន្លឺខ្លាំងជាងជំនាន់មុន បានរហូតដល់ ៣០ ភាគរយ ជាលទ្ធផលវាអាចបញ្ចេញពន្លឺខ្ពស់បំផុតដល់ទៅ ២​​ ០០០​ nits។ ដោយឡែកចំពោះទំហំគែមអេក្រង់វិញ វាក៏ត្រូវបានកាត់បន្ថយឲ្យកាន់តែតូចជាងមុន ជាឧទាហរណ៍លើទូរទស្សន៍ ៦៥អ៊ីញ គែមសងខាងអេក្រង់ត្រូវបានបង្រួមតូចពី ៦មីល្លីម៉ែត្រចុះមកត្រឹម ៤មីលី្លម៉ែត្រប៉ុណ្ណោះ។

ក្រុមហ៊ុន LG Display ចង្អុលបង្ហាញថា បន្ទះបង្ហាញថ្មីនេះនឹងអាចជួយឲ្យអេក្រង់ OLED ទៅប្រជែងនឹងពពួក Mini LED។ លក្ខណៈពិសេសរបស់អេក្រង់នេះគឺ គ្រាប់ភិកស៊ែលនីមួយៗដែលមាននៅលើអេក្រង់សុទ្ធតែអាចបញ្ចេញពន្លឺដោយឯករាជ្យ មានន័យថា វាអាចបើក ឬបិទបានរៀងៗខ្លូន អនុញ្ញាតឲ្យទូរទស្សន៍អាចបង្ហាញពណ៌ខ្មៅដិត និងមិនមានពន្លឺ ស ភាយ នៅពេលបង្ហាញផ្ទៃពណ៌ខ្មៅដូច LED ជំនាន់មុនឡើយ។

ក្រៅពីជួយឲ្យភ្លឺជាងមុន OLED EX ក៏ជួយឲ្យបន្ទះបង្ហាញ អាចបញ្ចេញពណ៌បានច្បាស់ និងត្រឹមត្រូវជាងមុនផងដែរ។ បច្ចេកវិទ្យាថ្មីនេះប្រើប្រាស់ កុងតាក់ឌីយ៉ូត (diode) ៣០លានគ្រាប់ ដែលមាននៅក្នុងបន្ទះបង្ហាញ 8K ទៅបញ្ជាកម្លាំងភ្លើងដែលបញ្ចេញ ដើម្បីធានាបាននូវពណ៌ត្រឹមត្រូវដល់វីដេអូ ឬរូបភាពដែលបានបង្ហាញ។

សម្រាប់តម្លៃ និងថ្ងៃប្រកាសចេញលក់ ក្រុមហ៊ុនមិនទាន់បានបង្ហាញនៅឡើយទេថាតើពេលណាដែលខ្លួនមានគម្រោងនាំយកបច្ចេកវិទ្យានេះទៅលើទីផ្សារ ប៉ុន្តែបានបញ្ជាក់ថា ការលក់ OLED បានកើនឡើង ៧០ភាគរយកាលពីឆ្នាំមុន បើទោះបីជាមានការធ្លាក់ចុះសរុបដល់ ១២ភាគរយនៅក្នុងទីផ្សារទូរទស្សន៍ពិភពលោកក៏ដោយ៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី