ចាន់ រតនា អាចនឹងបង្ហាត់គុនខ្មែរនៅប្រទេសបារាំងឆាប់ៗ

  • 2022-01-04 07:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះលេខ១កម្ពុជាប្រចាំស្ថាប័ន ONE Championship កីឡាករ ចាន់ រតនា បានទៅដល់ប្រទេសបារាំងប្រហែលជាពីរសប្តាហ៍កន្លងទៅហើយដើម្បីជួបប្រពន្ធជាជនជាតិបារាំង និងកូនស្រីជាទីស្រឡាញ់ទាំងពីររូប។

បន្ទាប់ពីទៅដល់ទឹកដីបារាំងភ្លាម អតីតកីឡាករគុនខ្មែររូបនេះមិនបាននៅស្ងាត់ស្ងៀមជាមួយប្រពន្ធ និងកូនទេ ប៉ុន្តែរូបគេបានចេញទៅកន្លែងធ្វើឲ្យខ្លួនឈឺចាប់ និងហត់នឿយភ្លាមៗតែម្តង។

ចាន់ រតនា បានទៅកន្លែងហ្វឹកហាត់ប្រដាល់មួយនៅមិនឆ្ងាយពីផ្ទះឪពុកម្តាយក្មេក និងប្រពន្ធកូន។ ជាពិសេសទៀតនោះ អ្នកលេងគុនចម្រុះរូបនេះបានណែនាំខ្លួនជាកីឡាករប្រដាល់គុនចម្រុះអាជីពនៅស្ថាប័នប្រដាល់ធំបំផុតក្នុងលោកគឺ ONE Championship ហើយក៏ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅក្រុមគ្រូបង្វឹក និងកីឡាករ កីឡាការិនីដែលហ្វឹកហាត់នៅទីនោះដែលពួកកេក៏ស្គាល់ស្ថាប័នប្រដាល់មួយនេះដែរ។

«ខ្ញុំបានទៅជួបប្រពន្ធកូនរបស់ខ្ញុំនៅប្រទេសបារាំងប្រហែលជាពីរសប្តាហ៍កន្លងហើយ។ នៅទីនេះមិនឆ្ងាយពីផ្ទះឪពុកម្តាយក្មេកខ្ញុំមានក្លឹបហាត់កីឡាសាំប៊ូ និងគុនចម្រុះមួយ»។ នេះជាសំដីរបស់ ចាន់ រតនា បានរៀបរាប់ពេលរូបគេទៅដល់ប្រទេសបារាំង បន្ទាប់ពីប្រពន្ធ និងកូនបានទៅដល់ទីនោះមុនជាច្រើនខែ។

អ្នកលេងគុនចម្រុះអាយុ៣៥ឆ្នាំបានឲ្យដឹងទៀតថា ៖«ខ្ញុំបានណែនាំខ្លួន និងប្រាប់ពីស្ថាប័នប្រដាល់ ONE Championship ហើយពួកគេទទួលស្វាគមន៍ខ្ញុំឲ្យចូលហ្វឹកហាត់ណាស់»។

ការហ្វឹកហាត់នៅទីនោះ ចាន់ រតនា មិនទាន់ច្បាស់ទេថាអាចនឹងមានឱកាសចេញប្រកួតនៅតំបន់អឺរ៉ុប ឬយ៉ាងណាទេ ប៉ុន្តែក្រុមគ្រូបង្វឹកនៅទីនោះក៏ជាអ្នកផ្គូផ្គងកីឡាករ កីឡាការិនីឡើងប្រកួតនៅតាមសង្វៀនផ្សេងៗដែរ។

រតនា និយាយថា ៖«បានចេញប្រកួតឬអត់មិនទាន់ប្រាកដទេ តែគ្រូបង្វឹកនៅក្លឹបហ្នឹង គេដឹកនាំកីឡាករទៅប្រកួតនៅសង្វៀនផ្សេងៗដែរនៅអឺរ៉ុប» ប៉ុន្តែអ្វីអាចប្រាកដប្រជា អ្នកលេងគុនខ្មែររូបនេះអាចនឹងមានការងារធ្វើនៅក្លឹបនោះសម្រាប់ឆ្នាំថ្មីខាងមុខ។ ចាន់ រតនា បញ្ជាក់ថា ៖«នៅក្លឹបហ្នឹង អត់មានអ្នកបង្ហាត់កូនខ្មែរទេ ឬសូម្បីមួយថៃក៏អត់ដែរ។ ពេលខ្ញុំជួបពិភាក្សាជាមួយក្លឹប ខ្ញុំប្រហែលជាអាចធ្វើជាគ្រូបង្ហាត់គុនខ្មែរនៅក្លឹបនោះ។ ផែនការនេះអាចជាការងារសម្រាប់ខ្ញុំ២០២២របស់ខ្ញុំ»។

ដោយឡែកសម្រាប់ឱកាសវិលមកឡើងសង្វៀន ONE Championship ត្រូវបាន អ្នកលេងគុនខ្មែររូបនេះបញ្ជាក់ថា មិនទាន់ច្បាស់ទេ ពីព្រោះគម្រោងការស្នាក់នៅប្រទេសបារាំងយូរកម្រិតណាឬត្រូវធ្វើអ្វីខ្លះក៏មិនទាន់ប្រាកដដែរ ប៉ុន្តែរូបគេនៅតែមានមហិច្ឆតាឡើងប្រកួតនៅសង្វៀនលំបំផុតរបស់អាស៊ីមួយនេះដដែរ៕

ដោយ៖ ស៊ីធី