សត្វប្រជៀវរាប់លានក្បាល ហោះចេញពីល្អាងក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅភ្នំសំពៅ

  • 2022-01-04 08:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនីយភាពដ៏អស្ចារ្យរបស់ ហ្វូងសត្វប្រជៀវរាប់លានក្បាល ខ្មៅដេសដាស់ពេញមេឃ ដែលហោះបណ្តែតខ្លួន ចេញពីល្អាងនានាតាមរូងភ្នំសំពៅខេត្តបាត់ដំបងបានក្លាយទៅជាគោលដៅទីមួយនិងទាក់ទាញបំផុតរបស់ភ្ញៀវទេសចរ នៅក្នុងរមណីដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ នាពេលបច្ចុប្បន្ន ។

ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងភ្នំសំពៅ ពាសពេញផ្ទៃមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ ហើយ អ្នកស្រុកតំបន់នោះ តែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលនាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍ អស្ចារ្យនេះ ។ ម្យ៉ាងវិញទៀតហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។

ប្រជាពលរដ្ឋនៅតំបន់នោះ ឈ្មោះ អ្នកស្រី ញឹង ភាព ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រជៀវ និងជាអ្នកប្រមូលអាចន៍ប្រជៀវលក់ បានអោយដឹងថា ការអភិរក្សសត្វប្រជៀវគឺពិបាកមែនទែន ដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់ តែមកទល់ពេលបច្ចុប្បន្ននេះ គ្រាន់បើជាងមុន ហើយដោយ សារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វា និងយល់ដឹងអំពីការប្រឈមនឹងផ្លូវច្បាប់ ។

ប្រសិនបើនិយាយពីអត្ថប្រយោជន៍នៃសត្វប្រជៀវទាំងនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ គឺវាជួយបំផ្លាញសត្វល្អិតចង្រៃដែលបំផ្លាញដំណាំ របស់កសិករ និងអាចម៍របស់របស់គេយកធ្វើជាជីទៀតផង ហើយអ្វីដែលពិសេសបំផុតនោះ គឺហ្វូងសត្វប្រជៀវទាំងក្លាយជាផលិតផលទេសចរណ៍ដ៍ទាក់ទាញក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ។ ដោយសារវត្តមានភ្ញៀវទេសចរនេះ ហើយ ធ្វើអោយបង្កើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម ។

ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទដោយ៖ សាន​ សុធារដ្ឋ