រតនា គ្រោងបង្ហាត់​គុន​ខ្មែរ​​ក្នុង​ក្លឹប​នៅ​ប្រទេស​បារាំង​មួយ​​ដែលមាន​សិស្ស​ជាង​២០០​នាក់

  • 2022-01-06 07:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះលេខ១កម្ពុជាប្រចាំស្ថាប័ន ONE Championship កីឡាករ ចាន់ រតនា បានកំពុងហ្វឹកហាត់នៅប្រទេសបារាំង បន្ទាប់ពីទៅដល់ទីនោះប្រហែលជា៣សប្តាហ៍កន្លងទៅ។

ចាន់ រតនា បានធ្វើដំណើរទៅជួបប្រពន្ធ និងកូន នៅប្រទេសបារាំងមុនពេលដាច់ឆ្នាំ២០២១ ហើយបានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យឆ្លងសកលចូលឆ្នាំ២០២២។

ពេលទៅដល់ទឹកដីបារាំងមិនយូរប៉ុន្មាន អ្នកលេងគុនចម្រុះកម្ពុជាបានចេញទៅក្លឹបហាត់ប្រដាល់សាំប៊ូ និងគុនចម្រុះមួយដែលនៅមិនឆ្ងាយពីផ្ទះប្រពន្ធកូន និងឪពុកម្តាយក្មេក។ រូបគេបានណែនាំខ្លួនជាកីឡាករប្រដាល់គុនចម្រុះអាជីពនៅស្ថាប័នប្រដាល់ធំបំផុតក្នុងលោកគឺ ONE Championship ហើយក៏ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅក្រុមគ្រូបង្វឹក និងបានចូលហ្វឹកហាត់ជាផ្លូវការ។

ក្រោយពេលស្នាក់នៅប្រទេសបារាំងប្រហែលជា៣សប្តាហ៍កន្លងទៅនេះ ចាន់ រតនា បានប្រាប់ថា ៖«ខ្ញុំហាត់នៅទីនេះបានមួយរយៈពេលគឺមិនស្រួលដូចនៅខ្មែរទេ។ យើងធ្លាប់ហាត់នៅខ្មែរអាកាសធាតុក្តៅ ដល់ពេលហាត់នៅបារាំង អាកាសធាតុត្រជាក់ខ្លាំង ពិបាកខ្លះដែរ»។

ចាន់ រតនា សង្ឃឹមថា ការស្នាក់នៅលើទឹកដីបារាំងយូរអាចនឹងផ្តល់ឲ្យរូបគេសាំនឹងអាកាសធាតុ ហើយអាចហ្វឹកហាត់ពេញលេញដូចនៅស្រុកខ្មែរ។

ចំណែកការបង្ហាត់គុនខ្មែរត្រូវបាន ចាន់ រតនា ប្រាប់ឲ្យដឹងថា នៅក្លឹបនោះមានសិស្សហ្វឹកហាត់ប្រហែលជាង២០០នាក់ ប៉ុន្តែបង្ហាត់តែសាំប៊ូ និងគុនចម្រុះ ពោលគឺមិនមានបង្ហាត់គុនខ្មែរទេ។ រូបគេអាចនឹងននបង្ហាត់គុនខ្មែរនៅក្លឹបនេះនាពេលខាងមុខ។ ចាន់ រតនា បានប្រាប់ថា ៖«នៅក្លឹបហ្នឹង អត់មានអ្នកបង្ហាត់កូនខ្មែរទេ ឬសូម្បីមួយថៃក៏អត់ដែរ។ ពេលខ្ញុំជួបពិភាក្សាជាមួយក្លឹប ខ្ញុំប្រហែលជាអាចធ្វើជាគ្រូបង្ហាត់គុនខ្មែរនៅក្លឹបនោះ។ ផែនការនេះអាចជាការងារសម្រាប់ខ្ញុំ២០២២របស់ខ្ញុំ»។

«ចាំមើលប្រហែលជាពេលខាងមុខ ខ្ញុំអាចនឹងបង្ហាត់គុនខ្មែរនៅទីក្លឹបនោះ ហើយហាត់គុនចម្រុះខ្លួនឯងផង»។ នេះជាការបញ្ជាក់របស់ ចាន់ រតនា ពីគម្រោងបង្ហាត់គុនខ្មែរ ប៉ុន្តែរង់ចាំឱកាស និងស្ថានភាពដែលរូបគេស្នាក់នៅប្រទេសបារាំងជាមុនសិន។ ជាមួយគ្នានេះ វត្តមានរបស់ ចាន់ រតនា និងក្រុមគ្រូបង្វឹកត្រូវបានកាសែតជាសាភាបារាំងបានចុះផ្សាយទៀតផង៕

ដោយ៖ ស៊ីធី