ចាំតែ១ឆ្នាំទៀតទេ! ផ្លូវជាតិលេខ៥ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់នឹងរួចរាល់ហើយ

  • 2022-01-10 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា រង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះ ផ្លូវជាតិលេខ៥តភ្ជាប់ពីព្រែកក្តាម មកដល់ធ្លាម្អមខេត្តពោធិ៍សាត់ នឹងរួចរាល់ហើយ។ ខណៈពីធ្លាម្អមឆ្ពោះមកកាន់ខេត្តបាត់ដំបង ក៏អាចនឹងរួចរាល់ផងដែរ។ សម្ដេចថ្លែងបែបនេះ នាឱកាសសម្ដេចអញ្ចើញចូលរួមពិធីបើកសម្ពោធសមិទ្ធផលជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

សម្ដេចតេជោបានបញ្ជាក់ឲ្យដឹងបន្ថែមថា ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅពោធិ៍សាត់ ដែលពង្រីកដល់៤គន្លង មានសារៈសំខាន់សម្រាប់ការរស់នៅ និងសេដ្ឋកិច្ចរបស់កម្ពុជា ។ នាពេលខាងមុខឆាប់ៗនេះផ្លូវមួយខ្សែនេះនឹងស្ថាបនារួចរាល់ ហើយអាចបម្រើជាឧត្តមប្រយោជន៍ដល់កម្ពុជាយ៉ាងសំខាន់ ពិសេសនិងបង្កើនកំណើនទេសចរណ៍នៅតាមតំបន់ផងដែរ។

តាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅពោធិ៍សាត់ ដែលពង្រីកដល់៤គន្លង សង់បានជិតពាក់កណ្តាលហើយ ។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ (ព្រែកក្តាម-ប៉ោយប៉ែត) ក្នុងនោះកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម ខេត្តកណ្តាល – ធ្លាម្អម ខេត្តពោធិ៍សាត់) ប្រវែងសរុប ១៣៥,២៥គីឡូម៉ែត្រ សម្រេចបាន៤៦,០៥%។

សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើមសាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិក។ ផ្លូវនេះ ត្រូវបានពង្រីកពី ២ ដល់ ៤គន្លង ក្រាលកៅស៊ូ AC ខណ្ឌដោយសួនច្បារនៅចំកណ្តាល៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម