Toyota ចេញ​ឡានវ៉ែនភ្លោះ ៨កៅអី តម្លៃជាង ២ម៉ឺនដុល្លារ

  • 2022-01-14 02:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​បញ្ចេញ​រថយន្តវ៉ែន ២ម៉ូដែល ដែល​មាន​រូបរាង​ស្រដៀង​គ្នា គឺម៉ូដែល Noah និង Voxy ដោយគ្រាន់តែ Voxy មានភាព​ប្រណិត​ជាង និង​ថ្លៃជាងបន្តិច ហើយមាន​គោលដៅលក់​ទៅក្រុមអតិថិជនផ្សេងគ្នា។

ផ្នែក​ខាងមុខ​នៃរថយន្ត​វ៉ែនទាំងពីរ ស្ទើរតែរំលេច​ទាំងអស់ប៉ាណា បំពាក់​ដោយចង្កៀង​ LED ក្នុងនោះ ម៉ូដែល Voxy មាន​ចង្កៀងមុខដល់ទៅ២ ហើយ​មាន​ប៉ាណា​បែបសំណាញ់​ ដែល​ជួយដល់​ការ​បញ្ចេញ​កម្តៅ។ ចំណែក​ផ្នែកខាងក្រោយ រថយន្ត Noah បំពាក់​ចង្កៀង LED ពណ៌ក្រហម ឯរថយន្ត Voxy បន្ថែម​ដោយឆ្នូតក្រូមេកាត់​ពាក់កណ្តាល​ខាងក្រោយរថយន្ត​តែម្តង។

រថយន្ត​ទាំងពីរនេះ មាន​ទំហំប៉ុនគ្នា ដោយមាន​ប្រវែង ៤៦៩៥មម ទទឹង ១៧៣០មម កម្ពស់ខុសគ្នាបន្តិច ពី ១៨៩៥មម ទៅ ១៩២៥មម និង​មាន​ប្រវែងពីកង់មុខទៅកង់ក្រោយ ២៨៥០មម។

ផ្នែក​ខាងក្នុង​នៃរថយន្តទាំងពីរ គឺមាន​កៅអី៣ជួរ ឬស្មើនឹង៨កៅអី ដែល​អាចបត់បានដើម្បីដាក់​ឥវ៉ាន់។ ដៃចង្កូត​មានប៊ូតុង​សម្រាប់​ចុចបញ្ជា ហើយ​មាន​ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨ ឬ ១០,៥អ៊ីញ ពិសេស​មាន​រន្ធ​សម្រាប់​ដាក់កែវទឹក ត្រូវ​បាន​ឌីហ្សាញ​យ៉ាងស្រស់ស្អាតនៅផ្ទៃតាប្លូ។ វាក៏មានអេក្រង់​នៅ​ផ្នែកខាងលើ និង​ប្រព័ន្ធសំឡេង​ឮច្បាស់ខ្លាំង ដែល​ធ្វើឱ្យអ្នកដំណើរ​កាន់តែជក់ចិត្ត​។

មិនខុសពី​រថយន្ត​ Toyota ដទៃទៀតនោះទេ រថយន្តវ៉ែន​ទាំងពីរបាន​បំពាក់​ប្រព័ន្ធសុវត្ថិភាព​ Toyota Safety Sense ជាមួយនឹង​ ADAS ចុងក្រោយ​បំផុត។ លើសពីនេះ វា​ក៏មាន​ក្តារ​ Welcab សម្រាប់​រុញ​កៅអី​ជនពិការ​ឡើង​ចុះ​រថយន្ត​ផងដែរ។

រថយន្ត​វ៉ែនទាំងពីរ ប្រើម៉ាស៊ីនសាំង Dynamic Force ចំណុះ ២លីត្រ រត់ប៉ុង២ ជាមួយ​ប្រអប់លេខ Direct Shift-CVT ១០វគ្គ។ វាក៏មានជម្រើស​ប្រើម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ ផងដែរ។

ក្រុមហ៊ុន​ Toyota បាន​ដាក់​លក់​រថយន្តទាំងពីរជាផ្លូវការ​ក្នុងប្រទេសជប៉ុន ចាប់ពីខែមករានេះតទៅ ដោយម៉ូដែល Noah មាន​តម្លៃចាប់ពី ២៣ ៣០៧ ដល់ ៣៣ ៩៥៧ដុល្លារ គ្រោងលក់ឱ្យបាន ៨១០០គ្រឿង/១ខែ និងម៉ូដែល​ Voxy ថ្លៃជាងបន្តិច មាន​តម្លៃចាប់ពី ២៦ ៩៧៥ ដល់ ៣៤ ៥៧០ដុល្លារ គ្រោងលក់ឱ្យបាន ៥៤០០គ្រឿង/១ខែ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី