ដឹងនៅថាបទស្រី “សុំទឹកមួយផ្ដិល” ផ្ទុះការគាំទ្រខ្លាំងដោយសារអី?

  • 2022-01-14 02:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុន ស្រីណុន គឺជាអ្នកច្រៀងស្រីដំបូងគេដែលបានCover ឬច្រៀងឡើងវិញនូវបទ"សុំទឹកមួយផ្ដិល”។ បទនេះ ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ដអ្នកស្ដាប់តាំងពីចុងខែវិច្ឆិការ ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។

ល្បីមិនចាញ់បទ “ចាបយំល្វើៗ”របស់លោក ចាន់ មករា ដែលល្បីខ្លាំងកាលពីពីរឆ្នាំមុន បទ “សុំទឹកមួយផ្ដិល” ក៏ល្បីមិនណយដែរនៅតាមវង់តន្ដ្រីជួបជុំគ្រួសារ និងការចាក់ស្ដាប់កម្សាន្ដនៅតាមស្រុកស្រែជនបទ។ ថ្ងៃនេះSabay បានសម្ភាសន៍អ្នកនាង សុន ស្រីណុន បង្ហាញពីលក្ខណៈពិសេស និងមូលហេតុផ្ទុះការគាំទ្រចំពោះបទនេះ។

សុន ស្រីណុន បញ្ជាក់ថា តាមពិតទៅម្ចាស់សំនៀងដើម នៃបទនេះគឺប្រុស ប៉ុន្ដែក្នុងបទដើមនោះច្រៀងត្រង់ៗតែម្ដង ពោលគឺមិនមានសំឡេងរដឺនដូចខ្មែរសុរិន្ទដែលនាងច្រៀងនោះទេ។ ទើបនៅអំឡុងពាក់កណ្ដាលឆ្នាំ២០២១ នាងបានលើកយកបទនេះមកច្រៀងឡើងវិញ ដោយមានការណែនាំតារាចម្រៀង ចាន់ មករា ដោយរក្សាទំនុកច្រៀងដើម គ្រាន់តែបង្កើតសំឡេងថ្មីរបៀបខ្មែរសុរិន្ទ និងប្ដូរទំនុកភ្លេងខ្លះៗប៉ុណ្ណោះ។

សុន ស្រីណុន៖ “ខ្ញុំភ្ញាក់ផ្អើល…ដែលបទហ្នឹងខ្ញុំច្រៀងមកយូរដែរហើយ ទើបល្បីនៅចុងឆ្នាំ២០២១ និងដើមឆ្នាំយើងនេះ។ ខ្ញុំមើលឃើញលក្ខណៈពិសេសដែលល្បីខ្លាំងហ្នឹង…គឺត្រង់បទខ្ញុំច្រៀងរបៀបរដឺន និងកែភ្លេងខ្លះ ឲ្យស្ដាប់ទៅកាន់តែពីរោះ ព្រោះបទគេដំបូងអត់ទេ…វាជាបទRemix ហើយច្រៀងត្រង់ហ្មង អត់រដឺនទេ”។

ទាក់ទងនឹងបទ “សុំទឹកមួយផ្ដិល” លោក ចាន់ មករា ដែលបានឲ្យប៉ារ៉ូលមកអ្នកនាង សុន ស្រីណុន ច្រៀង ហើយបានក្លាយជាអ្នកចម្រៀងស្រីដំបូងគេដែលបានCover បទនេះ បានបញ្ជាក់ថា បទនេះ មិនមែនជាបទដើមរបស់លោកទេ វាគឺជាស្នាដៃដើមរបស់ក្រុមតន្ដ្រីស្គរដៃ ខេត្ដសៀមរាប។

សូមរំលឹកថា សុន ស្រីណុន ធ្លាប់ជាបេក្ខនារីប្រឡងចម្រៀងក្នុងកម្មវិធី “Cambodia Idol”ពីរលើកតាំងពីឆ្នាំ២០១៥ មក ប៉ុន្ដែអ្នកនាងពុំមានភព្វបានជាប់ចំណាត់ថ្នាក់កំពូល ឬបានក្លាយជាតារាចម្រៀងល្បីតាំងពីពេលនោះមកទេ។ ប៉ុន្ដែមហាជន ចាប់ផ្ដើមស្គាល់នាងកាន់តែច្រើន ក្រោយផ្ទុះបទ “សុំទឹកមួយផ្ដិល”។ បច្ចុប្បន្នអ្នកនាង មានឱកាសកាន់តែច្រើនក្នុងវិស័យសិល្បៈទាំងច្រៀងនៅលើឆាកតន្រ្ដីតាមខេត្ដ និងចូលរួមកម្មវិធីធំៗថ្នាក់ជាតិ ដូចជាកាលពីពេលថ្មីៗនេះ នាងក៏បានចូលរួមច្រៀងក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ផងដែរ៕

ជិន សុភ័ក្ដ្រ