មិនធម្មតា! ផាន់ រ៉ុង រក្សាបានប្រភពចំណូលក្បែរម៉ឺនដុល្លារ ត្បិត Youtube មិនបើកឲ្យរកលុយដូចមុន

  • 2022-01-14 07:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ និងដឹកនាំសម្ដែងវ័យក្មេង ផាន់ រ៉ុង អះអាងថា សព្វថ្ងៃខ្លួនរវល់រកពេលហូបបាយស្ទើរមិនបាន ដោយក្នុង១ខែ៣០ថ្ងៃ លោកត្រូវចំណាយពេលចេញថត ឬផលិតរឿងខ្លីៗ២៩ថ្ងៃទៅហើយ។ ប៉ុន្ដែការនឿយហត់នេះ លោកអាចទ្រាំបានឲ្យតែអាចរក្សាប្រភពចំណូលពីអាជីពនេះ។

មហាជនមិនដែលបានឃើញផលិតករ និងជាតារាសម្ដែងមកពីខេត្ដបន្ទាយមានជ័យរូបនេះ នៅលើកញ្ចក់ទូរទស្សន៍ ឬខ្សែភាពយន្ដខ្នាតធំឡើយ ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមភាគច្រើនបានស្គាល់លោកតាមរយៈការចេញបទចម្រៀងថ្មីៗបែបយុវវ័យ និងរឿងអប់រំបង្កប់នូវឈុតឆាកកំប្លែងជាច្រើនលើបណ្ដាញសង្គមYoutube។

លោក ផាន់ រ៉ុង បាន Sabay ថា រយៈពេលជាង២ឆ្នាំ នៃការបិទខ្ទប់តំបន់ខ្លះក្នុងប្រទេសកម្ពុជា ដោយសារបញ្ហាជំងឺកូវីដ-១៩ រូបលោក និងក្រុមការងារ ហាក់រយាលដៃបន្ដិចពីការងារច្រៀង ឬថតរឿង ប៉ុន្ដែសព្វថ្ងៃអ្វីៗបានវិលមករកសភាពដើមវិញ ហើយខែខ្លះក៏បានចំណូលច្រើនលើសមុនទៀតផង។

លោក ផាន់ រ៉ុង៖ “ពីមុនយើងយកលុយពីYoutube បូកជាមួយSponsor អីទៅ វាបានខ្លាំង…តែឥឡូវ Youtube វាបិទអត់ឲ្យរកលុយ អីចឹងចំណូលយើងក៏កាត់មួយផ្នែក តែឥឡូវចំណូលមិនខុសពីមុនប៉ុន្មានទេ ព្រោះSponsor យើងបុកខ្លាំង ហើយទីផ្សារតម្លៃខ្លួនយើងក៏ទៅតាមហ្នឹងដែរ”។

ទាក់ទងនឹងប្រភពចំណូលនេះ ផាន់ រ៉ុង ធ្លាប់បង្ហើបថា នៅមុនការវាយលុកដោយជំងឺកូវីដ-១៩ ហើយYoutube នៅអាចរកលុយបាន គឺលោកមានប្រាក់ចំណូលប្រមាណ១៥០០០ដុល្លារ ក្នុង១ខែ។ ក្នុងនោះគ្រាន់តែប្រាក់ចំណូលពីSponsor ឬអ្នកឧបត្ថម្ភក្នុងរឿងខ្លីៗរបស់លោកបានប្រមាណ៧០០០ដុល្លារ ក្នុង១ខែៗ ហើយសព្វថ្ងៃលោកនៅតែរក្សាប្រភពចំណូលនេះបានយ៉ាងល្អ ខណៈកេរ្ដិ៍ឈ្មោះលោកកាន់តែល្បី៕

ជិន សុភ័ក្ដ្រ