វីវរហើយ! យុវតីប្រឡងធ្លាក់ម្នាក់យំគគ្រូកមិនអស់ចិត្ត មុខវិជ្ជាដែលធ្វើបានបែរជាធ្លាក់ ហើយវិញ្ញាសាធ្វើមិនបានល្អទៅជាជាប់

  • 2022-01-15 01:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រកាស បេក្ខជនដែលទទួលបានជោគជ័យ គឺរីករាយ ត្រេកអរ សាទរនឹងលទ្ធផលរបស់ខ្លួន រីឯបេក្ខជនដែលមិនជាប់ បានត្រឹមសោកស្ដាយ និងរកហេតុផល ភាពមិនប្រក្រតីណាមួយ នាំឱ្យខ្លួនបរាជ័យ។ តួយ៉ាងយុវតីម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ Ma Nii Ta Acoustic បានរៀបរាប់ទាំងហូរទឹកភ្នែកមិនអស់ចិត្តចំពោះលទ្ធផលរបស់នាងមិនគួរណាធ្លាក់សោះ។

ក្នុងសំណេរៀបរាប់មួយ ភ្ជាប់ជាមួយតារាងលទ្ធផល ដែលមានគូសបន្ទាត់ក្រហម យុវតីខាងលើបានរៀបរាប់ថា វិញ្ញសាដែលខ្លួនគិតថាធ្វើបានបែរជាធ្លាក់ ហើយវិញ្ញាសាដែលធ្វើមិនបានល្អ បែរជាជាប់ទៅវិញ ។ លទ្ធផលចុងក្រោយ គឺនាងធ្លាក់ បន្សល់ត្រឹមវិប្បដិសារីខំប្រឹងតស៊ូ រៀនសូត្រអស់ ១២ឆ្នាំ បែរជាបានបន្ទាត់ក្រហមបែបនេះ។

យុវតីខាងលើរៀបរាប់ថា៖ «ប៊ិកក្រហមមួយឆ្នូតនេះខ្ញុំនឹងចងចាំអ្នកអស់មួយជីវិតរបស់ខ្ញុំ លទ្ធផលដែលខំខ្ញុំដឹងខ្លួនឯងច្បាស់តែខ្ញុំនៅតែមិនអស់ចិត្តនៅទ្បេីយហេតុអី្វទៅបានជាខ្ញុំធ្លាក់ទៅលេីមុខវិជ្ចាដែលខ្ញុំគិតថាអាចទៅរួច ។ ហេីយទៅជាប់ C D D ទៅលេីមុខវិជ្ចាដែរខ្ញុំគិតថាអាចនឹងធ្វេីបានល្មម ទឹកភ្នែកហូរមិនឈប់ហេតុអី្វតស៊ូរៀន១២ឆ្នាំមកធ្វេីឱ្យអារម្មណ៍ខ្ញុំសល់ត្រឹមសូន្យនៅពេលនេះ អ្នកខ្លះគិតថាស្រួលទេឆ្នាំនឹង ស្រួលយកពិន្ទុទេឆ្នាំនឹង តែអ្នកត្រូវគិតថាអ្នកមិនមែនជាបេក្ខភាពប្រទ្បងអ្នកមិនដឹងទេថា ២ ថ្ងៃនេះវាជូចត់បែបណាខ្លះ ខ្ញុំក៏មិនចុះចាញ់ ព្រោះគ្រួសារខ្ញុំត្រូវការខ្ញុំខ្លាំងណាស់ពេលនេះបានត្រឹមយំសោកស្តាយដែលធ្វេីឱ្យលទ្ធផលចេញមិនបានល្អ ជូនពរអ្នកដែរជាប់ ក៏ចូលរួមលេីកទឹកចិត្តអ្នកដែលមិនទទួលបានលទ្ធផលមិនល្អដូចជារូបខ្ញុំ»។

គួរឱ្យដឹងថា បេក្ខជនប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥%(បើប្រៀបធៀបនឹង ឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៨៤៧នាក់), និទ្ទេស D មានចំនួន ២៣៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)។

បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់ ៕