លោក​ សោម ចំណាប់ បង្ហាញ​អារម្មណ៍​សោកស្ដាយ​ជុំ​វិញ​ការ​លាឈប់​ពី​គ្រូ​ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់

  • 2022-01-18 02:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈ​ពេល​ជិត​៣​ខែ​ហើយ​ដែល​លោក សោម ចំណាប់​ បាន​លា​ឈប់​ពី​គ្រូ​ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់។ ជុំ​វិញ​ការ​លា​ឈប់​លោក​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ ដ្បិត​​​ជាការងារ​​ជំនាញ​​ដែល​​លោក​​ស្រលាញ់​បំផុត។

លោកគ្រូ​ជំនួយ​របស់​ក្លឹប​ស្នងការ​ដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ បាន​​លើក​ឡើង​ថា តាម​គោលការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺនកីឡា តម្រូវ​ឱ្យក្រុម​​កីឡាករ​និង​គ្រូ​បង្វឹកហ្វឹកហាត់​​ ហូប​ចុក​ និង​ស្នាក់​នៅ​​​កន្លែង​ហ្វឹកហាត់ផ្ទាល់​ (ពហុកីឡដ្ឋានជាតិ​មរតកតេជោ) ប៉ុន្តែ​ដោយ​សារលោក​មមាញឹក​​នឹង​ការងារ​ក៏​​សម្រេច​ចិត្ត​លា​ឈប់​តែ​ម្ដង។

ប្អូន​ប្រុស​បង្កើត​របស់​លោកគ្រូ សោម ណារិទ្ធ បាន​ពន្យល់​ថា ៖«បាទ! ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែរ ព្រោះ​ជាការងារ​មួយ​ដែល​ខ្ញុំ​ស្រលាញ់​ពេញ​ចិត្ត...​ការងារ​នេះជា​ជំនាញ​របស់​ខ្ញុំ​តែ​ម្ដង...ខ្ញុំ​លា​ឈប់​ពី​ជម្រើស​ជាតិ​ដើម្បី​ចូល​មក​ហ្វឹកហាត់​នៅ​ក្រុម​វិញ​ធ្វើ​ការងារ​នៅ​ក្លឹប​វិញ ហើយ​នឹង​ការងារ​ Business តារាង​បាល់​​របស់​ខ្ញុំ​...ដោយសាតែ​ខ្ញុំ​មិន​អាច​ទៅ​នៅ​ក្នុង​ណុង​បាន​ដោយសារ​វា​ស្ទះការងារ​ហ្នឹង ស្ទះ​ការងារ​ច្រើនការងារ​ច្រើន​ណាស់​នៅ​ខាង​ក្រៅ ហើយ​យើង​អត់​បាន​ធ្វើ​ ដល់​ពេល​អ៊ីចឹង​ទៅ​មាន​តែ​មាន​តែ​មួយ​គត់​គឺ​សុំ​លា​ឈប់​ពី​ក្រុម​ជម្រើស​ជាតិ​តែ​ម្ដង​បាទ!»។

ម្យ៉ាងទៀត​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ទើប​ខាង​មជ្ឍមណ្ឌលជាតិ​ហ្វឹកហ្វឺនកីឡា រឹតត្បិត​ក្នុង​ការ​ដើរហើរដើម្បី​រក្សា​សុវត្ថិភាព​របស់​ក្រុមជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោកគ្រូ​ សោម ចំណាប់។

អតីត​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​ដ៏​ល្បីល្បាញ​ដដែល​ បាន​បង្ហើប​ទៀត​ថាមិន​ត្រឹម​តែ​លោក​ទេ​ សូម្បី​កូន​សិស្ស​មួយ​ចំនួន​របស់​លោក​ក៏​បាន​លា​ឈប់​ដូច​គ្នា ដើម្បី​ហ្វឹកហាត់​និង​ជួយ​​ក្រុមស្នងការ​វិញ ដ្បិត​​​ក្រុម​កំពុង​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង។

លោក​បន្ថែម​ថា ៖«ចំពោះ​សិស្ស​របស់​ខ្ញុំ​សិស្ស​របស់​ខ្ញុំ​ក៏​គាត់​លា​ឈប់​ដែរ ដោយសារ​យើង​មាន​បញ្ហា​ហ្វឹកហាត់​នៅ​ក្លឹប​ព្រឹក​ល្ងាច​ដែរអ៊ីចឹង​ណា ហើយ​យើង​ជា​កីឡាករ​៦​នាក់ ហើយ​យើង​ស្នើរសុំ​​​ទៅ​ដើម្បី​ទៅ​ហាត់​​ឆ្នេរ​ខ្សាច់ ដោយសារ​គាត់​ទៅ​ហាត់​ឆ្នេរ​ខ្សាច់ គាត់​មិន​មាន​ពេល​ចេញ​មក​ហ្វឹក​ហាត់ការងារ​​នៅ​ក្លឹប​របស់​យើង​វិញ​ អ៊ីចឹង​ទេ​ពួកគាត់​ក៏សម្រេច​ចិត្ត​មក​ហ្វឹក​ហាត់​នៅ​ក្លឹប​វិញ​ដែរ យើង​ដឹង​ស្រាប់​ហើយ​ការងារ​របស់​ក្លឹប​របស់​ខ្ញុំ​​ហ្នឹង​ធ្លាក់​ទម្រង់​នៃ​ការ​លេងនៅ​ពេល​ខ្ញុំ​អត់​បាន​មក​ចូល​ហ្វឹកហាត់»។

បើ​តាម​សម្ដី​របស់​លោកគ្រូ សោម ចំណាប់ កីឡាករ​ជម្រើស​ជាតិ​បាល់​ទះ​ឆ្នេរខ្សាច់​​អាច​នឹង​លា​ឈប់​ច្រើន ហើយ​សហព័ន្ធ​ទំនង​ជា​ជ្រើស​រើស​កីឡា​ករ​ក្មេងៗ​និង​ថ្មីៗ​ចូល​ហ្វឹកហាត់​ ដើម្បី​ត្រៀម​ SEA Games លើក​​ទី​៣២​នៅ​ប្រទេស​វៀតណាម៕

អត្ថបទ៖ អ៊ុំ សុភក្តិ