សកម្មភាពទាំង១៥ ហាមធ្វើដាច់ខាតក្នុងពិធីបុណ្យចូលឆ្នាំចិន បើសិនមិនចង់មានភាពអពមង្គលពេញមួយឆ្នាំ
- 2022-01-18 08:57:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សកម្មភាពទាំង១៥ ហាមធ្វើដាច់ខាតក្នុងពិធីបុណ្យចូលឆ្នាំចិន បើសិនមិនចង់មានភាពអពមង្គលពេញមួយឆ្នាំ
ចន្លោះមិនឃើញ
ប្រជាជនចិន មានជំនឿថានៅក្នុងពិធីបុណ្យចូលឆ្នាំចិនដែលឈានចូលមកដល់នៅពេលខាងមុខនេះ គេត្រូវគោរពតាមតំណមមួយចំនួនដើម្បីទទួលបានសេចក្តីសុខ សុភមង្គល និងរកសុីមានបានពេញមួយឆ្នាំ។ Sabay សូមលើកយកសកម្មភាពទាំង ១៥ ដែលប្រជាជនចិនឫ បងប្អូនជាប់ខ្សែស្រឡាយចិន មិនធ្វើដាច់ខាតនៅក្នុងថ្ងៃចូលឆ្នាំចិន។
១. ហាមលេបថ្នាំ
នៅក្នុងថ្ងៃទី ១ ក្នុងពិធីបុណ្យចូលឆ្នាំចិន ហាមដាច់ខាតលេបថ្នាំ ព្រោះគេមានជំនឿថានឹងធ្វើឱ្យបុគ្គលរូបនោះឈឺពេញមួយឆ្នាំតែម្តង។
២. ហាមបោសសំរាម
ការបោសសំរាម គេមានជំនឿថា ប្រៀបបីដូចជាបោសទ្រព្យសម្បត្តិ មាស ពេជ្រ លុយកាក់ចេញពីផ្ទះយ៉ាងដូច្នោះដែរ។
៣. ហាមនិយាយពាក្យអពមង្គល
មិនមាននរណាម្នាក់ចង់ស្តាប់ពាក្យអពមង្គលនៅក្នុងថ្ងៃចូលឆ្នាំថ្មីនោះទេ។ គេមានជំនឿថាការនិយាយមិនល្អ នាំឱ្យមានអពមង្គលក្នុងគ្រួសារពេញមួយឆ្នាំ។
៤. ហាមហូបបបរ និង សាច់ សម្រាប់អាហារពេលព្រឹក
បបរមិនគួរត្រូវបានគេបរិភោគនោះទេ ព្រោះគេចាត់ទុកថាមានតែមនុស្សក្រីក្រប៉ុណ្ណោះដែលបរិភោគបបរ ធ្វើជាអាហារពេលព្រឹក។ ចំណែកសាច់ ក៏ត្រូវបានតំណមមិនឱ្យបរិភោគផងដែរ ព្រោះព្រះហាមមិនឱ្យបរិភោគសាច់ស្រស់ ជាអាហារ។
៥. ហាមកក់សក់ ឫ កាត់សក់
សក់ ក្នុងជំនឿរបស់ជនជាតិចិន មានន័យថាជាទ្រព្យសម្បត្តិ។ ហើយការកក់សក់ក្នុងពិធីចូលឆ្នាំថ្មី ប្រៀបដូចធ្វើឱ្យហូរទៅបាត់ទៅតាមទឹក នូវទ្រព្យសម្បត្តិជាដើម។ ចំណែកការកាត់សក់ ប្រៀបដូចជាកាត់លាភ កាត់ជ័យ កាត់មាស កាត់ពេជ្រ អញ្ចឹង។
៦. ហាមបោកសម្លៀកបំពាក់
ជនជាតិចិន មិនបោកសម្លៀកបំពាក់នៅថ្ងៃទី ១ និងថ្ងៃទី២ នៃពិធីចូលឆ្នាំថ្មីនោះទេ ព្រោះថ្ងៃទាំង២នេះ ជាថ្ងៃប្រសូត្ររបស់ព្រះម៉ែគង្គា។ ហើយប្រសិនបើល្មើសនឹងតំណមនេះ គឺស្មើរនឹងមិនគោរពចំពោះព្រះម៉ែគង្គា។
៧. ហាមប្រើកន្ត្រៃ ឫ កាំបិតមុតស្រួច
ការប្រើប្រាស់កន្រ្តៃ កាំបិត ឫ របស់មុតស្រួចផ្សេងទៀតត្រូវបានហាមប្រាម ដោយសារតែអាចបង្កគ្រោះថ្នាក់ នាំឱ្យមានឈាមហូរ ដែលជាប្រថ្នូរមិនល្អ។
៨. ហាមដាក់លុយក្នុងអាំងប៉ាវ ជាចំនួនលុយសេស
កុំដាក់លុយដែលមានជាចំនួនសេស នៅក្នុងអាំងប៉ាវ ដោយសារតែជំនឿពីបុរាណកាលមក លេខគូ តែងផ្តល់នូវសំណាងល្អជានិច្ច។ ប៉ុន្តែលេខគូ ដែលមានលេខ ៤ និង លេខ៤០ ហាមប្រើដាច់ខាត ព្រោះលេខទាំងពីរនេះ ក្នុងភាសាចិនស្រដៀងនឹងពាក្យ ស្លាប់។
៩. ហាមឱ្យកាដូរ ជារបស់ទាំង៣នេះ
របស់ទាំង៣ រួមមាន នាឡិកា កន្រ្តៃ និង ផ្លែសារី ត្រូវបានគេហាមឱ្យជាកាដូរក្នុងពិធិបុណ្យចូលឆ្នាំថ្មី ដោយសារតែរបស់ទាំងអស់នេះ មានអត្ថន័យមិនសូវល្អនោះទេ នៅក្នុងវប្បធម៌និងជំនឿរបស់ជនជាតិចិន។
១០. ហាមធ្វើឱ្យបែកកែវ ចាន និងកញ្ចក់
ការធ្វើឱ្យបែកបាក់របស់អ្វីមួយ ជាប្រថ្នូរអាក្រក់ និង នាំសំណាងមិនល្អ។ ការធ្វើឱ្យបែក ចាន កែវ ថូផ្កា ឫ កញ្ចក់ ក្នុងកំឡុងពិធីចូលឆ្នាំថ្មី គេមានជំនឿថានឹងនាំភាពអពមង្គល ឫ ធ្វើឱ្យគ្រួសារបែកបែកគ្នាជាដើម។
១១. ហាមកូនស្រីដែលរៀបការហើយ ទៅលេងផ្ទះឪពុកម្តាយ
កូនស្រីដែលរៀបការហើយ ហាមទៅលេងផ្ទះឪពុកម្តាយ នៅថ្ងៃចូលឆ្នាំថ្មី។ ជនជាតិចិនមានជំនឿថាការដែលកូនស្រីរៀបការហើយ ទៅលេងផ្ទះឪពុកម្តាយ នឹងនាំសំណាងអាក្រក់ទៅកាន់ឪពុកម្តាយលើសពីនេះអាចធ្វើស្ថានភាពសេដ្ឋកិច្ចគ្រួសារយ៉ាប់យុឺនពេញមួយឆ្នាំ។
១២. ហាមធ្វើឱ្យក្មេងតូចៗយំ
នៅពេលក្មេងតូចៗយំ ជនជាតិចិន មានជំនឿថានឹងនាំសំណាងអាក្រក់មកដល់ក្រុមគ្រួសារ។ ដូចនេះនៅថ្ងៃចូលឆ្នាំថ្មី ឪពុកម្តាយត្រូវធ្វើយ៉ាងណាក៏ដោយ ដាច់ខាតកុំឱ្យកូនតូចៗរបស់ពួកគេយំឱ្យសោះ។
១៣. ហាមទៅមន្ទីរពេទ្យ
គេមានជំនឿថាការទៅមន្ទីរពេទ្យ នៅថ្ងៃចូលឆ្នាំថ្មី នឹងនាំជំងឺទៅដល់បុគ្គលនោះ ពេញមួយឆ្នាំតែម្តង។ ទៅមន្ទីរពេទ្យបាន លើកលែងតែក្នុងអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ត្រូវការសង្គ្រោះបន្ទាន់ជាចាំបាច់។
១៤. ហាមខ្ចីលុយគេ ឫ ឱ្យលុយគេខ្ចី
មិនត្រូវឱ្យគេខ្ចីលុយ នៅក្នុងពិធីចូលឆ្នាំថ្មីទេ ដោយសារតែការធ្វើបែបនេះ នាំសំណាងមិនល្អដល់អ្នកពេញមួយឆ្នាំ។ ហើយបើមានបំណុលណាមិនទាន់សងគេ ត្រូវសងឱ្យអស់មុនថ្ងៃចូលឆ្នាំថ្មីមកដល់។
១៥. ហាមពាក់សម្លៀកបំពាក់ព័ណ៍ស ឫ ខ្មៅ
ដាច់ខាតហាមពាក់សម្លៀកបំពាក់ដែលមានព័ណ៍ស ឫ ខ្មៅ ដែលព័ណ៍ទាំង២នេះត្រូវបានប្រើប្រាស់នៅក្នុងពិធីបុណ្យសពរបស់ប្រពៃណីចិន។ ព័ណ៍ដែលនាំសំណាង គឺជាព័ណ៍ក្រហម។