ល្បិចចាស់រូបភាពថ្មី! ប្រាប់ថា​ផ្ញើរលុយច្រឡំ​សុំ​ម្ចាស់​អាខោន​មើល​សារ​ Facebook ​ប៉ុនប៉ងបោក!!!

  • 2022-01-21 04:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកអ្នកលេងហ្វេសប៊ុកនៅស្រុកខ្មែរធ្លាប់ជួបករណីកេងបន្លំច្រើនផ្សេងៗគ្នា ក្នុងនោះគេសង្កេតឃើញមានករណីល្បិចចាស់តែក្នុងរូបភាពថ្មីជាច្រើនបានលេចឡើង ប្រាប់ថាផ្ញើរលុយច្រឡំ សុំម្ចាស់អាខោនមើលសារពី Facebook ឬសុំខ្ចីលុយ ក្នុងគោលបំណងដើម្បីអោយក្រុមហ៊ុនហ្វេសប៊ុកផ្ញើរលេខកូដបញ្ជាក់ថ្មី (Verification Code) មកតាមសារ (Message)លេខទូរសព្ទដៃជាដើម។

រូបតំណាង

ជាក់ស្ដែងដូចករណីកញ្ញាម្ចាស់គណនី គង់ ដាលីន បានជួបផ្ទាល់យកមកចែករំលែកលើហ្វេសប៊ុក ទទួលបានការគាំទ្រនិងមានអ្នកចូលចិត្តនិង Share បន្តជាច្រើនពាន់នាក់។ កញ្ញា សរសេរថា៖

“សូមប្រុងប្រយ័ត្នជាមួយនឹងល្បិចបោកប្រាស់ថ្មី! ល្ងាចម៉ិញនេះ មានគណនីមួយបានឆាកមកម៉ាក់ខ្ញុំសួរបញ្ជាក់លេខទូរស័ព្ទគាត់ហើយ ប្រាប់ថាបានច្រលំវេរលុយចូលមក។ លុះពេលសួរថាច្រលំវេរមកតាមណា ចំនួនប៉ុន្មានគេក៍មិនឆ្លើយ ហើយបែរជាសុំអោយម៉ាក់ខ្ញុំចូលប្រអប់សារ( Message) ថតស្គ្រីន (Screenshot) ផ្ញើរអោយទៅវិញ។

តាមពិត គឺជនខិលខូចនោះបានព្យាយាម ឡក់ចូល( (Log in) គណនីម៉ាក់ខ្ញុំ ហើយដោយសារគេ មិនស្គាល់លេខសំងាត់គណនី ទើបបានគេប្រើមុខងារ”forget password”។ ព្រោះជាទូទៅនៅពេលយើង ភ្លេចលេខសំងាត់ យើងអាចជ្រើសយកមុខងារនេះ ដើម្បីអោយក្រុមហ៊ុនហ្វេសប៊ុកផ្ញើរលេខកូដបញ្ជា (Verification Code) មកតាមប្រអប់សារ (Message) លេខទូរស័ព្ទយើង។

ពេលបើកចូលមើលទៅក៍ឃើញថាហ្វេសប៊ុកបានផ្ញើរកូដបញ្ជាក់មកប្រអប់សារម៉ាក់ខ្ញុំមែន ហើយបើសិនជាយើងថតស្គ្រីននោះអោយគេ នោះគេនឹងអាចហេក(Hack)ចូលគណនីយើងបាន និងផ្លាស់ប្ដូរលេខសំងាត់របស់យើង។

បន្ទាប់មកខ្ញុំក៍បានឆែកចូលមើលគណនីរបស់អ្នកមីងនោះទើបដឹងថា ត្រូវបានជនខិលខូចហេកចូលហើយបន្លំឆាតទៅខ្ចីលុយមិត្តភក្តិ បងប្អូនគាត់ជាច្រើននាក់។ ហើយសំគាល់ឃើញថាអ្នកដែលវាឆាតទៅភាគច្រើនជាចាស់ៗ ដែលជាគោលដៅងាយស្រួល ក្នុងការចាញ់បោកពួកវា។ ដូច្នេះ សូមចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា!”

អត្ថបទ៖ រក្សា