អាយុគ្រាន់​ជាតួលេខកុង ហួរ ទទួល​បាន​ពាន​រង្វាន់​ជិះកង់​ផ្លូវ​ឆ្ងាយប្រើពេល​ក្នុង១សប្ដាហ៍

  • 2022-01-21 04:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ តាំង តិចហួរ ហៅ​កុង ហួរ មក​ទល់​នឹង​ពេល​នេះ​មាន​វ័យ​៧២​ឆ្នាំហើយ ប៉ុន្តែ​​កុង​បាន​ធ្វើឱ្យ​​​អ្នក​​និយម​ជិះកង់​​មាន​ការ​​ភ្ញាក់​ផ្អើល​ ក្រោយ​​បំបែក​​កំណត់​ត្រា​ជិះ​កង់​ផ្លូវ​ឆ្ងាយ​ប្រវែង១,០៥០គីឡូម៉ែត្រ ប្រើ​ពេល​២៨​ម៉ោង។ បន្ទាប់​ពី​បំបែក​កំណត់​ត្រា​ថ្មី កុង​ទទួល​បាន​ពាន​រង្វាន់មួយ មេដាយមួយ​ និង​រូប​ថត​អនុស្សាវរីយ៍មួយ​ស៊ុម​ ដែល​ផ្ដួច​ផ្ដើម​ធ្វើ​ឡើង​ដោយ​​​បងប្អូន​អ្នកស្រលាញ់​ការ​ជិះទាំងអស់​។​

ក្នុង​ទឹក​មុខ​ញញឹម​កុង ហួរ បាន​ឱ្យ​ដឹង​លំអិត​ពី​ការ​បំបែក​កំណត់​ត្រាផ្លូវ​​ចម្ងាយ​​១,០៥០គីឡូម៉ែត្រ​ថា ​​កុង​មាន​គោល​ដៅ​គោល​ពី​រង្វង់​មូល​តាព្រហ្ម​ជ្រោយចង្វារ ឆ្ពោះ​​ទៅ​កាន់​ផ្សារ​ស្គន់លើ​កំណាត់​ផ្លូវ​ជាតិ​ 6A ដោយ​ប្រើ​ពេល​១​សប្ដាហ៍​​ជិះ​កង់​ម្នាក់​ឯង​រាល់​ថ្ងៃ ខណៈការ​ជិះ​ទៅ​មក​​ត្រូវ​ចាយ​​ពេល​ ៤​ ម៉ោង​ក្នុង​ថ្ងៃ​។

កុង ហួរ​ បាន​បញ្ជាក់​បែប​នេះ​ ៖«បញ្ហា​នឹង​គឺ​ថា​វិល​ល្ងាច​ហ្មង ប្រើ​ពេល​មួយ​ថ្ងៃ​តែ​៤​ម៉ោង​ទេ​ មួយ​ព្រឹក​ក្នុង​១៥០​គីឡូ គឺ​ថា​យើង​ចេញ​ពី​គោល​ដៅ​នៅ​ព្រហ្ម នៅ​រង្វង់​មូល​ព្រហ្មស្ពាន​ជ្រោយ​ចង្វារ ម៉ោង​៥​(ព្រឹក)យើង​ចេញ​ ទៅ​ដល់​ស្គន់​គឺ​ថា​យើង​អត់​មាន​ឈប់​តាម​ផ្លូវ​ទេ គឺ​ថា​គោលដៅ​ដល់​ស្គន់​ហ្មង ដល់​ស្គន់​ទៅ​២​ម៉ោង​ ២​ម៉ោង​យើង​ហូប​ចុក​អី​បាយ​ទឹក​គុយទាយ​អី​ចឹង​រួច​ទៅ​សម្រាក​តិច យើង​បក​មក​វិញ​ហើយ​ ហើយ​ប្រើ​ពេល​២​ម៉ោង​ទៀត​ដល់​ភ្នំពេញ​ មួយ​ព្រឹក​ជា​រៀង​រាល់​ថ្ងៃ»។

កុងហួរ

បើ​និយាយ​ពី​ប្រភេទ​កីឡា​កុង​ ហួរ​ ចាប់​អារម្មណ៍​ទាំងអស់​ តួយ៉ាង​កីឡា​ហែល​ទឹក រត់ និង​ដើរ​ជាដើម ប៉ុន្តែ​កុង​បាន​ជ្រើសរើស​កីឡាជិះ​កង់គួក។ ការ​លេង​កីឡា​ជិះ​កង់​​បាន​ធ្វើ​ឱ្យ​​​កុង​ហួរ​មាន​សុខភាព​កាន់​តែ​ល្អ និង​កម្លាំង​​មាំមួន​ថែម​ទៀត​ផង។ តាម​ប្រសាសន៍​របស់​កុង ហួរ គោល​ដៅ​សំខាន់​បំផុត​នៃ​ការ​ជិះ​កង់​នេះគឺ​ដើម្បី​សុខភាព និង​បង្កើន​មិត្តភាព​។

មិន​តែ​ប៉ុណ្ណោះ កុង ហួរ បាន​ជម្រុញ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​លេង​កីឡា​ឱ្យ​បាន​ច្រើន​ជា​ពិសេស​កីឡាជិះកង់ និង​ទាម​ទា​ឱ្យ​មាន​ការ​តស៊ូ​អត់​ធ្មត់ កុំ​ផ្ដេចផ្ដួល​ទៅ​តាម​អារម្មណ៍​ខ្ជិល​ច្រអូស ដែល​ជា​ឃាតករ​លាក់​មុខ​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត។

កុងបាន​ពន្យល់​បែប​នេះ ៖«...យើង​ចាប់​ផ្ដើម​ជិះ​កង់​មក​គឺ​ថា ធ្វើ​ឱ្យ​សុខភាព​យើង​កាន់​តែ​ល្អ​តាហ្មង ហើយ​យើង​មាន​អារម្មណ៍​ជិះ​កង់​នឹង​គឺ​ថា តាំង​ពី​តូច​មក​នៅ​អាយុ​១៤​ឆ្នាំ​ ហើយ​កន្លង​បន្ត​បន្ទាប់​មក​​គឺ​ថា​យើង​ជិះកង់​បន្តបន្ទាប់​មក​រហូត​មកទៀត ហើយ​រហូត​មក​ដល់​ឥឡូវ​នេះ​គឺ​ថា​យើង​ព្យាយាម​ដើម្បី​សុខភាព ហើយ​ដើម្បី​បង្កើន​មិត្តភាព​គឺ​ជា​ការ​សំខាន់​ ហើយ​ការ​ហាត់​ប្រាណ​ហ្នឹង​ សំខាន់​យើង​ព្យាយាម​ហើយ​យើង​ត​ស៊ូ ទោះ​បី​ជា​មេឃ​ក្ដៅ ត្រជាក់​ រងារ​ ប៉ុណ្ណាអី​ក៏​ដោយ​គឺ​យើង​ត​ស៊ូ ហើយ​តាំង​ចិត្ត​គឺ​ថា​យើង​កុំ​ឱ្យ​ផ្ដេក​ផ្ដួល​ទៅ​តាម​គេ​ហៅ​ថា​មាន​ភាព​ខ្ជិល​មួយ​ក្នុង​ខ្លួន​ វា​ធ្វើ​ឱ្យ​យើង​គឺ​ថាស្រពុតស្រពន់​ទៅ​យើង​ខ្ជិល​ ដូច្នេះ​យើង​ត្រូវ​តាំង​ចិត្តឱ្យបាន​ត្រូវ​ត​ស៊ូ ខ្ញុំ​ម្ងៃ​គឺ​ថា​ហាត់​ប្រាណ​ត្រូវ​តែ​យ៉ាង​តិច​ក៏​បាន​មួយ​ម៉ោង​ឬ​​ពីរ​ម៉ោង​​យ៉ាង​តិច​ក្នុង​ការ​ជិះកង់​»។

ក្រោយ​ទទួល​រង្វាន់កុង​ ហួរ​ បាន​បង្ហាញ​អារម្មណ៍​រីករាយបំផុត​ ដែល​បងប្អូន​អ្នកជិះកង់​គោរព​ស្រលាញ់ និង​បាន​មូល​មតិ​គ្នា​ធ្វើ​ជា​ពាន​រង្វាន់​លើក​ទឹក​ចិត្ត​មួយ​នេះ។ ​

បុរស​វ័យ​ចំណាស់​រូប​នេះ បានបង្ហាញទៅកាន់ពិភពលោកឱ្យ​ឃើញកាន់តែច្បាស់ថា អាយុគ្រាន់​ជាតួលេខតែប៉ុណ្ណោះ ហើយកុង​គឺជាគំរូដ៏ល្អមួយដើម្បីបង្ហាញទៅកាន់សាធារណៈជនឱ្យ​​ចូលចិត្តលេងកីឡា​ ក៏ដូចជាលើកកំពស់វិស័យកីឡាជិះកង់ឱ្យ​កាន់តែរីកចម្រើន​ជាងនេះ។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​បំបែក​កំណត់​ត្រា​ថ្មី​ពី​រង្វង់មូល​តា​ព្រហ្ម​ជ្រោយ​ចង្វារ​ទៅ​កាន់​ផ្សារ​ស្គន់​ចម្ងាយ១,០៥០គីឡូម៉ែត្រ​នេះ កុង​ហួរ​ក៏​ធ្លាប់​មានកំណត់ត្រាជិះកង់ផ្លូវឆ្ងាយជុំវិញបឹងទន្លេសាប និងជិះកង់ឡើងភ្នំបូកគោរួចជិះចុះវិញ ហើយថ្ងៃបន្ទាប់កុង​បានបន្តដំ​ណើរពីភ្នំពេញទៅសៀមរាបម្នាក់ឯងដោយជោគជ័យ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី