ស្ថានីយ៍សាកឡានអគ្គិសនីមុនគេស្រុកខ្មែរ នឹងបង្កើតក្នុងក្រុង-ខេត្តល្បីៗទាំងនេះ

  • 2022-01-25 04:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីត្រៀមការងារដំឡើងស្ថានីយសាកថ្ម Ev ចំនួនប្រាំទីតាំងរួមមាន៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ភ្នំពេញ) និងបណ្តារាជធានី-ខេត្តមួយចំនួនអាចជា ខេត្តបាត់ដំបង និងខេត្តសៀមរាប។

ក្នុងនោះ ក្រុងព្រះសីហនុ គម្រោងដំឡើងស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន ១០ ទីតាំងបន្ថែមទៀត សហការជាមួយវិស័យឯកជនដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនីឲ្យកាន់តែសំបូរបែប។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ "ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs) និងបានបន្ថែមថាយើងត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ EVs នៅកម្ពុជាក្នុងនោះរួមមាន៖ ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។"

រូបឧទាហរណ៍ ស្ថានីយ៍សាកភ្លើង

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ឆ្នាំ ២០២២-២០៣១ ។ ឯសេចក្តីព្រាងគោលនយោបាយជាតិនេះត្រូវបានឯកភាពជាគោលការណ៍ ដោយភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។

ប្រភេទនៃឧបករណ៍សាកភ្លើង

រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាង រថយន្តប្រើសាំង និងអាចជួយកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងនានាដូចជា៖ ទីក្រុងភ្នំពេញជាដើម ដោយសាររថយន្តប្រភេទនេះមិនប្រើសាំងក្នុងដំណើរការរបស់វាទេ។ រថយន្តអគ្គិសនីក៏ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ បើទោះបីជាបណ្តាញអគ្គិសនីត្រូវបានដំណើរការដោយធ្យូងថ្មក៏ដោយ។

រូបតំណាង

ក្នុងកិច្ចពិភាក្សាអំពី «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋងាកមក ជិះឡានអគ្គិសនី។ ក្រសួង ក៏ប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ឱ្យបានទូលំទូលាយដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីផងដែរ ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម