ដឹងរឿងទាំងនេះសិន! មិនមែនចេះតែឱ្យ «អាំងប៉ាវ» ផ្ដេសផ្ដាសទេ ប្រយ័ត្នស៊យមិនដឹងខ្លួន
- 2022-01-25 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងរឿងទាំងនេះសិន! មិនមែនចេះតែឱ្យ «អាំងប៉ាវ» ផ្ដេសផ្ដាសទេ ប្រយ័ត្នស៊យមិនដឹងខ្លួន
ចន្លោះមិនឃើញ
ការជូនអាំងប៉ាវជាទំនៀមទម្លាប់ដែលមិនអាចខ្វះបាននៅក្នុងថ្ងៃចូលឆ្នាំចិន ដោយការជូនអាំងប៉ាវគឺជាការជូនពរឆ្នាំថ្មី ជោគជ័យថ្មី និងផ្តល់នូវសំណាងល្អផងដែរ។ តាមទំនៀមទម្លាប់ ប្រជាជនចិនស្រលាញ់ពណ៌ក្រហម ហើយចាត់ទុកពណ៌ក្រហមជានិមិត្តរូបនៃថាមពល សុភមង្គល និងសំណាងល្អ ម្លោះហើយគេតែងឲ្យអាំងប៉ាវ ឬប្រើស្រោមសំបុត្រពណ៌ក្រហម គឺជាការជូនពរឲ្យមានសំណាងល្អក្នុងឆ្នាំថ្មី។ នេះបើតាមប្រភពផ្សាយរបស់គេហទំព័រ www.chinahighlights.com ។
ការជូនអាំងប៉ាវនេះ ធ្វើឡើងនៅក្នុងថ្ងៃចូលឆ្នាំចិនទី ១ទៅ (មិនមែនថ្ងៃសែនឡើយ)។ ការឲ្យអាំងប៉ាវនេះ មិនមែនធ្វើតែក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនោះទេ។ នៅក្នុងឱកាសពិសេសដទៃទៀត ដូចជា អាពាហ៍ពិពាហ៍ ពិធីទទួលសញ្ញាបត្រ ពេលក្មេងកើត ឬពេលខួបកំណើត ឬចម្រើនព្រះជន្មមនុស្សចាស់ ការឲ្យអាំងប៉ាវ គឺជាប្រពៃណីនៃការជូនពរឲ្យអ្នកណាម្នាក់មានសំណាងល្អ និងសេចក្ដីសុខសប្បាយ ។
តាមប្រពៃណីទំនៀមទម្លាប់ចិន ប្រសិនបើអ្នកចាប់ផ្ដើមរកលុយបានហើយ នោះជាពេលវេលាដែលអ្នកត្រូវចាប់ផ្ដើមបទពិសោធន៍នៃការចែកអាំងប៉ាវឲ្យគេហើយ។ ប៉ុន្តែ ចិនក៏មានទម្លាប់មួយទៀតដែរ គឺថា ប្រសិនបើអ្នកមិនទាន់រៀបការទេ អ្នកមិនចាំបាច់ចែកអាំងប៉ាវឲ្យគេនោះទេ។ ចំពោះអ្នកដែលត្រូវឲ្យអាំងប៉ាវមានដូចជា៖
ទី១. ចំពោះមនុស្សចាស់ជាងអ្នក (ជាពិសេស ឪពុកម្ដាយ និងកុងម៉ារបស់អ្នក) គួរដាក់លុយក្នុងអាំងប៉ាវឲ្យពួកគាត់ ចន្លោះពី ៥០០-២០០០យ័ន ឬស្មើនឹងពី ១០០-៣០០ដុល្លារអាមេរិក។
ទី២. ចំពោះមនុស្សក្មេងជាង ដូចជា កូនៗរបស់មិត្តភក្ដិ សាច់ញាតិ និងសហការីរបស់អ្នក គួរដាក់លុយក្នុងអាំងប៉ាវឲ្យពី ៥០-២០០យ័ន ឬស្មើនឹងពី ១០-៣០ដុល្លារ។
ទី៣. ចំពោះកូនៗរបស់អ្នក គឺពី ១០០យ័ន ឬ ២០ដុល្លារឡើងទៅ រហូតដល់ចំនួនប៉ុន្មានក៏បាន ឲ្យតែអ្នកសប្បាយចិត្តនឹងឲ្យ។
ទី៤. ចំពោះបុគ្គលិកនិយោជិតរបស់អ្នក គឺដាក់អាំងប៉ាវឲ្យចន្លោះពី ១០០-១០០០យ័ន ឬស្មើនឹងពី ២០-២០០ដុល្លារ។
ទី៥. ចំពោះកូនចៅរបស់អ្នកស្គាល់គ្នា ដែលអ្នកអាចនឹងជួបនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន លុយដាក់ក្នុងអាំងប៉ាវឲ្យ អាចចន្លោះពី ១០-២០យ័ន ឬស្មើនឹងពី ៥-១០ដុល្លារអាមេរិក ៕
ប្រភព៖ www.chinahighlights.com