កម្ពុជា​ធ្វើ​បាន! ពលរដ្ឋសរុប១៦លាននាក់ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងដូសមូលដ្ឋានស្ទើរតែ១០០%

  • 2022-01-26 03:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុទ្ធនាការចាក់វ៉ាក់សាំងនៅ កម្ពុជា បាន និងកំពុងបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយមានប្រជាពលរដ្ឋសរុបទូទាំងប្រទេស បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសទី២រួចរាល់ បានចំនួន ១៣ ៧៤៣ ៦១២ នាក់ បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៦៤% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់និងពិភពលោក។

គិតត្រឹមយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

នៅក្នុងនោះ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ១៩៥ ២២៦ នាក់ ដែលបានចាក់ដូសទី១ និងចំនួន ៩ ៨៤២ ៨៩១ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៩៥% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ក្នុងនោះសម្រាប់ដូសទី៣វិញ សម្រេចចាក់បានចំនួន ៤ ៨៤៦ ៩១២ នាក់ និងដូសទី៤ បានចំនួន ៣៧២ ៦៣៥ នាក់។

ដោយឡែក ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៧ ៦៤៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៨ ៧៤០ នាក់ ដែលស្មើនឹង ៩៩.៤៧% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ចំពោះកុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៨ ៣៩៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៨ ៥៣៨ នាក់ ដែលស្មើនឹង ១០៥.៨៥% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២១ ០៨៧ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៣ ៤៤៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៥.៥១%។

ប្រភព៖ ក្រសួងសុខាភិបាល

អត្ថបទដោយ៖ សាន​ សុធារដ្ឋ