ប៉ូលីសអញ្ជើញទៅជួបម្សិលមិញ Da Pleng ត្រូវទទួលយកការងារថ្មីមួយទៀត សម្រាប់ប្រទេសជាតិ

  • 2022-01-26 04:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេងវ័យក្មេង សុខ លីដា ហៅDa Pleng ទើបទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំកម្ពុជា ចំពោះបទ“អបអរសាទរជោគជ័យវេទិការទេសចរណ៍អាស៊ាន” ដែលជាស្នាដៃនិពន្ធរបស់លោកក្នុងកម្មវិធីមួយនៅក្រុងព្រះសីហនុ ស្រាប់តែថ្ងៃនេះតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិហៅលោកទៅពិភាក្សាការងារថ្មីមួយទៀត។

លោក សុខ លីដា បានប្រាប់Sabay នៅថ្ងៃទី២៦ ខែមករា ថា ដោយមើលឃើញខ្លឹមសារល្អលើបទ"អបអរសាទរជោគជ័យវេទិការទេសចរណ៍អាស៊ាន” ខាងអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើសុំសិទ្ធិបទនេះពីក្រសួងទេសចរណ៍ ដើម្បីឲ្យលោកកែសម្រួលទំនុកច្រៀង និងភ្លេងខ្លះទៀត ដើម្បីច្រៀងនៅក្នុងកម្មវិធីថ្មី គឺ “ASEAN APOL”​ដែលអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើជាម្ចាស់ផ្ទះនៅចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។ ប៉ុន្ដែបទថ្មីនេះ មិនទាន់ដឹងថាដាក់អ្នកចម្រៀងរូបណានៅឡើយទេ។

សុខ លីដា៖ “ខ្ញុំពិតជាសប្បាយចិត្ដ ដែលថ្នាក់ដឹកនាំពេញចិត្ដបទខ្ញុំ ហើយខ្ញុំក៏សប្បាយចិត្ដណាស់ដែរដែលបានចូលរួមជាប្រយោជន៍សម្រាប់សង្គមជាតិ។ យើងធ្វើនេះ ដើម្បីឲ្យប្រទេសដទៃទៀតស្គាល់ពីស្នាដៃខ្មែរ ព្រោះក្នុងបទហ្នឹងយើងក៏មានបញ្ចូលសំឡេងឧបករណ៍ភ្លេងខ្មែរជាមួយភ្លេងសម័យដែរ”។

ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅខេត្ដព្រះសីហនុកាលពីពេលថ្មីៗកន្លងទៅ បទ“អបអរសាទរជោគជ័យវេទិការទេសចរណ៍អាស៊ាន”ដែលជាស្នាដៃនិពន្ធរបស់លោក សុខ លីដា ទទួលបានការកោតសរសើរពីសម្ដេចតេជោ ព្រមទាំងអ្នកចូលរួមក្នុងកម្មវិធីនោះផងដែរ។ បទនោះ ជាស្នាដៃទំនុកច្រៀង និងភ្លេងដោយរូបលោកផ្ទាល់ ហើយបានបកស្រាយដោយតារាចម្រៀងស្រី សុខ សីឡាលីន យ៉ាងពីរោះ៕

ជិន សុភ័ក្ដ្រ